website_news:2023211203

អាជ្ញាធរថៃរឹតបន្តឹងការត្រួតពិនិត្យពលករបរទេសខុសច្បាប់

https://kbn.news/archives/308645 December 18, 2023

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ចថៃបានចាប់ខ្លួនពលករមីយ៉ាន់ម៉ាលួចចូលមកប្រទេសថៃដោយខុសច្បាប់ បើទោះជាពួកគេលាក់ខ្លួនក្នុងឡាំងផ្លែឈើក្តី ក៏គេចមិនផុតពីការត្រួតពិនិត្យរបស់សមត្ថកិច្ចដែរ ។

សារព័ត៌មានថៃរាយការណ៍បន្តថា ក្រុមទាហានឈុតខ្មៅថៃ ព្រមទាំងភ្នាក់ងារពាក់ព័ន្ធបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចព្រំដែនផាឡាក់ ដែលស្ថិតក្នុងភូមិទី៣ ឃុំខាក់ណេជឺ ស្រុកម៉ែរ៉ាណាត ខេត្តតាក ដើម្បីត្រួតពិនិត្យមើលការដឹកជញ្ជូនទំនិញខុសច្បាប់គ្រប់ប្រភេទ ។ ក្នុងអំឡុងពេលនោះ ស្រាប់តែប្រទះឃើញមានរថយន្តដឹកទំនិញ១គ្រឿងបើកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចព្រំដែនផាឡាក់ ។ ពេលនោះ ក្រុមទាហានឈុតខ្មៅថៃបានបញ្ជាឱ្យរថយន្តនេះឈប់ដើម្បីត្រួតពិនិត្យ ។ សមត្ថកិច្ចប្រទះឃើញថា អ្នកបើកបររថយន្តនេះជាស្ត្រី អាយុ២៧ឆ្នាំ ហើយនាងបាននិយាយមកកាន់សមត្ថកិច្ចដោយស្នាមញញឹម និងពាក្យសម្តីផ្អែមល្ហែមផ្សេងៗ ដើម្បីកុំឱ្យសមត្ថកិច្ចចាប់អារម្មណ៍លើទំនិញក្នុងរថយន្ត ។ ប៉ុន្តែសមត្ថកិច្ចមិនបានជឿតាមពាក្យសម្តីរបស់នាងទេ ហើយក៏បានត្រួតពិនិត្យទំនិញក្នុងរថយន្តយ៉ាងលម្អិត ។

ក្នុងអំឡុងពេលសមត្ថកិច្ចកំពុងតែរើអីវ៉ាន់ក្នុងរថយន្តនោះ ស្រាប់តែប្រទះឃើញភាពមិនប្រក្រតី គឺឡាំងដាក់ផ្លែឈើអាចកម្រើកដោយខ្លួនឯងបាន ។ ភ្លាមនោះ សមត្ថកិច្ចក៏ប្រញាប់ពិនិត្យក្នុងឡាំងផ្លែឈើ ហើយបានឃើញពលករមីយ៉ាន់ម៉ាខុសច្បាប់ ក្នុងនោះមានបុរស៣នាក់ និងស្ត្រី៤នាក់ ។ ពួកគេទាំងអស់បានសម្ងំលាក់ខ្លួននៅក្នុងឡាំងផ្លែឈើទាំងនេះ និងគិតថា សមត្ថកិច្ចមិនចាប់អារម្មណ៍ ។ បន្ទាប់មក សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ និងពលករខុសច្បាប់ទាំងអស់បញ្ជូនទៅកាន់ស្ថានីយប៉ូលិសប្រចាំស្រុកម៉ែរ៉ាណាត ខេត្តតាក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត ៕

website_news/2023211203.txt · Last modified: 2023/12/21 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki