website_news:2023211204

កម្ពុជាបង្ហាញពីការយកចិត្តទុកដាក់ចំពោះពលករនៅក្នុងទិវាពលករចំណាកស្រុកអន្តរជាតិ

https://www.khmertimeskh.com/501409012// តន វិបុល/ Khmer Times December 19, 2023

ទិវាពលករទេសន្តរប្រវេសក៍អន្តរជាតិលើកទី២៤ ត្រូវបានប្រារព្ធធ្វើពីម្សិលមិញក្នុងមូលបទការធ្វើចំណាកស្រុកដោយសុវត្ថិភាព ខណៈក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញពីការយកចិត្តទុកដាក់តាមរយៈការបញ្ជាក់ពីកិច្ចការសំខាន់ៗរបស់ខ្លួន ដែលធ្វើឡើងដើម្បីភាពកាន់តែប្រសើរឡើងដល់ពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារនៅបរទេស។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងពីម្សិលមិញថា កិច្ចការងារសំខាន់ៗដែលក្រសួងបានខិតខំប្រឹងប្រែងធ្វើ គឺការពង្រឹងសេវាអនុព័ន្ធការងារអមស្ថានទូតកម្ពុជា ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេសតាមបណ្ដាប្រទេសគោលដៅ ដើម្បីជួយបង្ករភាពងាយស្រួលដល់ពលរដ្ឋកម្ពុជាក្នុងអំឡុងពេលបម្រើការងារ។ លោកបន្តថា ក្រសួងបានបន្តពង្រឹងយន្តការចុះត្រួតពិនិត្យនិងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជន។ បន្ថែមលើកពីនេះ ក្រសួងបានផ្ដល់ការគាំទ្រនិងភាពងាយស្រួលជូនពលករពេលធ្វើការនៅក្រៅប្រទេសតាមរយៈការសម្របសម្រួលបែបបទឯកសារការគាំពារតាមផ្លូវច្បាប់អន្តរាគមន៍សង្គ្រោះពេលមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។ លោកបន្ថែមថា ក្រសួងការងារជួយអន្តរាគមន៍សម្របសម្រួលពលករនិងដោះស្រាយបញ្ហាជាទូទៅរបស់ពលករ គឺមិនទុកពលរដ្ឋខ្មែរណាម្នាក់មានបញ្ហាចោលឡើយ។

លោកនិយាយថា៖ «យើងចូលរួមសម្របសម្រួល និងផ្ដល់ជំនួយជាថ្នាំព្យាបាល និងស្បៀងអាហារដល់ពលករ ដែលជួបការលំបាកនៅប្រទេសថៃ ក្នុងកំលុងពេលរីករាលដាលជំងឺកូវីដ-១៩ ដែលជាការបង្ហាញពីសមានចិត្តនិងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះពលរដ្ឋរបស់ខ្លួនមិនថានៅប្រទេសណា ឬក្នុងស្ថានភាពបែបណានោះទេ»។ លោកបានលើកឡើងថា ចំណុចដ៏សំខាន់មួយទៀត គឺការផ្តួចផ្តើមឱ្យមានការធានាចល័តភាពរបបសន្តិសុខសង្គមក្នុងតំបន់អាស៊ាន។ នេះគឺជាចំណុចសំខាន់បំផុតមួយ ដើម្បីឱ្យពលរដ្ឋកម្ពុជា និងតំបន់អាស៊ានអាចទទួលបានអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមក្នុងតំបន់ បើទោះពលរដ្ឋម្នាក់នោះធ្វើការនៅប្រទេសណាក៏ដោយ។

របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ ពលករខ្មែរចំណាកស្រុកប្រមាណ១.៣លាននាក់ កំពុងធ្វើការនៅប្រទេសចំនួន ដូចជាប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី កោះហុងកុង សឹង្ហបូរី និងបណ្តាប្រទេសមួយចំនួនទៀត។ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់សង់ត្រាល់ពីម្សិលមិញបានប្រារព្ធទិវាពលករទេសន្តរប្រវេសក៍អន្តរជាតិលើកទី២៤ នៅទីតាំងផ្សេងៗគ្នាក្នុងខេត្តចំនួន៦ គឺខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដោយមានអ្នកចូលរួមជាព្រះសង្ឃ ពលរដ្ឋ យុវជន សិស្ស អតីតពលករ គ្រួសារពលករចំណាកស្រុក និងអាជ្ញាធរមូលដ្ឋានប្រមាណជាងពីរពាន់នាក់។

លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្សនិងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ បានលើកឡើងថា គោលបំណងសំខាន់ក្នុងការប្រារព្ធទិវានេះ ដើម្បីផ្សព្វផ្សាយទៅដល់សាធារណៈជនអំពីទិវាដ៏មានសារៈសំខាន់មួយនេះ ព្រមទាំងជំរុញលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធ ជាពិសេសអ្នកធ្វើគោលនយោបាយធានានូវការការពារសិទ្ធិពលករចំណាកស្រុក ដែលពួកគេកំពុងធ្វើការងារនៅប្រទេសក្រៅ។ លោកបន្តថា នៅក្នុងថ្ងៃប្រារព្ធទិវានេះដែរ សង់ត្រាល់បានដាក់ញត្តិនៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ ដែលនៅក្នុងញត្តិនោះមានគោលដៅធំពីរ គឺការលើកកម្ពស់ការពារសិទ្ធិតាមរយៈការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ ដែលពាក់ព័ន្ធនឹងការផ្ដល់សេវាឯកសារក្នុងតម្លៃទាប មិនមានភាពស្មុគស្មាញ និងត្រូវធានាការអន្តរាគមន៍ប្រកបដោយប្រសិទ្ធនៅពេលដែលពួកគេមានបញ្ហា។ ចំណែកចំណុចធំមួយទៀត គឺការផ្ដល់នូវកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក៕

website_news/2023211204.txt · Last modified: 2023/12/21 10:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki