website_news:2023211205

ក្រសួងការងារ កំពុងជួយប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសដើម្បីទទួលបានបទពិសោធន៍ការងារ និងជំនាញបន្ថែម

https://www.postkhmer.com/national/2023-12-18-1831-256854 ១៨ ធ្នូ ២០២៣ | ១៨:២៦ អ្នកយកព័ត៌មាន:វណ្ណ សុជាតា

ភ្នំពេញៈ ក្នុងទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិ មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ក្រសួងបាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីជួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេសដើម្បីឱ្យទទួលបានបទពិសោធន៍ការងារ និងជំនាញបន្ថែមទៀត។ ក្នុងឱកាសនៃខួបលើកទី២៤ ទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដែលត្រូវបានបង្កើតឡើងក្នុងមូលបទការធ្វើចំណាកស្រុកដោយសុវត្ថិភាព លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ បានថ្លែងថា ក្រសួងការងារក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានប្រឹងប្រែងជួយប្រជាពលរដ្ឋ ដែលកំពុងធ្វើការនៅក្រៅប្រទេស។

លោកបញ្ជាក់ថា៖«គិតត្រឹមឆ្នាំ២០២៣ ពលករទេសន្តរប្រវេសន៍កម្ពុជាមានប្រមាណ១,៣ លាននាក់ដែលកំពុងធ្វើការនៅប្រទេសធំៗមួយចំនួនដូចជាថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី កោះ ហុងកុង សិង្ហបុរី និងបណ្តាប្រទេសមួយចំនួនទៀត។ ក្រសួងក៏មានកិច្ចការសំខាន់ចំនួន៦ចំណុច ដែលក្រសួងបានធ្វើដើម្បីឱ្យមានភាពកាន់តែប្រសើរឡើងដល់ពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារនៅនៅបរទេស»។

កិច្ចការសំខាន់ៗទាំង៦នោះរួមមាន៖១. ការពង្រឹងសេវាអនុព័ន្ធការងារអមស្ថានទូតកម្ពុជា ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយ មជ្ឈមណ្ឌលគាំពារពលករបរទេសតាមបណ្ដាប្រទេសគោលដៅ។ ២. បន្តពង្រឹងយន្តការចុះត្រួតពិនិត្យនិងធ្វើអធិការកិច្ចការងារទីភ្នាក់ងារជ្រើសរើសឯកជន។ ៣. ផ្ដល់ការគាំទ្រនិងភាពងាយស្រួលជូនពលករពេលធ្វើការនៅក្រៅប្រទេសតាមរយៈការសម្របសម្រួលបែបបទឯកសារការគាំពារតាមផ្លូវច្បាប់ អន្តរាគមន៍សង្គ្រោះពេលមានហានិភ័យនិងការជួបសួរសុខទុក្ខជាប្រចាំ។ ចំណែកទី៤ ជួយអន្តរាគមន៍សម្របសម្រួលពលករនិងដោះស្រាយបញ្ហាជាទូទៅរបស់ពលករ។ ៥. ការចូលរួមសម្របសម្រួលនិងផ្ដល់ជំនួយជាថ្នាំព្យាបាលនិងស្បៀងអាហារ ដល់ពលករដែលជួបការលំបាក និងទី៦. ផ្តួចផ្តើមឱ្យមានការធានាចល័តភាពរបបសន្តិសុខសង្គមក្នុងតំបន់អាស៊ាន។

ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (អង្គការសង់ត្រាល់)បានចេញសេចក្តីថ្លែងការណ៍មួយស្តីពី ការលើកកម្ពស់ការការពារសិទ្ធិ និងកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក។ សង់ត្រាល់បញ្ជាក់ថា ទិវាពលករចំណាកស្រុកអន្តរជាតិ លើកទី២៤ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយទៅដល់សាធារណជន អ្នកធ្វើគោលនយោបាយ និងដៃគូរពាក់ព័ន្ធនានាពីការចូលរួមចំណែកដ៏សំខាន់របស់ពលករចំណាកស្រុកគ្រប់រូប ចំពោះសេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រមទាំងលើកឡើងពីបញ្ហាប្រឈមដែលពលករចំណាកស្រុកជួបប្រទះ និងស្វែងយល់ពីតម្រូវការរបស់ពួកគេ។

លោក ឌី ថេហូយ៉ា ប្រធានផ្នែកកម្មវិធីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងពលករទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ បានថ្លែងថា នេះជាលើកទី៣ ហើយ ដែលមជ្ឈមណ្ឌល តាមរយៈអ្នកប្រឹក្សាយោបល់សុវត្ថិភាពចំណាកស្រុក និងដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានបន្តប្រារព្ធទិវានេះឡើងនៅ១៦ ទីតាំង ក្នុងខេត្តចំនួន ៦ គឺខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់។ ការធ្វើចំណាកស្រុក ឬទេសន្តរប្រវេសន៍ការងារ គឺជាសិទ្ធិ និងជាជម្រើសរបស់បុគ្គលម្នាក់ៗ ដោយគ្មានការបង្ខិតបង្ខំ ដែលអនុញ្ញាតឱ្យពួកគេអាចស្វែងរកការងារ បង្កើនប្រាក់ចំណូល ព្រមទាំងបង្កើត ជំនាញដែលខ្លួនស្រឡាញ់ពេញចិត្ត។

លោកបានថ្លែងថា ៖ «រាជរដ្ឋាភិបាលកម្ពុជា ក៏មានគោលនយោបាយស្ដីពីទេសន្តរប្រវេសន៍សម្រាប់ប្រទេសកម្ពុជាឆ្នាំ ២០១៩-២០២៣ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារ និងការជំរុញឱ្យមានដំណើរការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ជាច្រើនផងដែរ។ យ៉ាងណាក្តី នៅក្នុងការអនុវត្តជាក់ស្ដែង តែងជួបប្រទះបញ្ហាប្រឈម និងឧបសគ្គក្នុងការជំរុញដំណើរការនេះ ឱ្យទទួលបានប្រសិទ្ធភាព តម្លាភាព និងប្រកបដោយការទទួលខុសត្រូវ»។

យោងតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) កាលពីពេលថ្មីៗនេះ បានបញ្ចេញរបាយការណ៍ ស្តីពីទេសន្តរប្រវេសន៍ពិភពលោកឆ្នាំ២០២២ ដោយកត់សម្គាល់ថា នៅតំបន់អាស៊ាន មានប្រទេសចំនួន៤ ដែលបានបញ្ជូនពលករទៅបរទេសច្រើនជាងគេ ក្នុងនោះមាន ប្រទេសហ្វីលីពីនចំនួនជាង៦,១លាននាក់, ប្រទេសឥណ្ឌូនេស៊ីមានជិត៥លាននាក់, ប្រទេសមីយ៉ាន់ម៉ា មានជាង៣,៧លាននាក់និងវៀណាមមានជាង៣,៤លាននាក់ ដោយឡែកប្រទេសផ្សេងទៀតបញ្ជូនក្នុងរង្វង់ត្រឹមជាង១លាននាក់ចុះក្រោម។ ប្រទេសគោលដៅដែលពលករអាស៊ានធ្វើចំណាកស្រុកច្រើនជាងគេ គឺអាមេរិកខាងជើង អឺរ៉ុប និងប្រទេសធំៗនៅតំបន់មជ្ឈិមបូព៌ាដូចអារ៉ាបីសាអ៊ូឌីត និងអារ៉ាប់រួម និងបណ្តាប្រទេសរីកចម្រើនក្នុងតំបន់អាស៊ី។

អង្គការ IOM បានបញ្ជាក់ថា ៖«ពលករចំណាកស្រុក ធ្វើការងារដូចជា ការងារបម្រើតាមផ្ទះ សំណង់ កសិកម្ម ឧស្សាហកម្ម និងបដិសណ្ឋារកិច្ចជាដើម។ ទឹកប្រាក់ប្រមាណ៥០៤ពាន់លានដុល្លារគឺជាទឹកប្រាក់ដែលហូរចូលទៅប្រទេសក្រីក្រ និងចំណូលកម្រិតទាប ខណៈពលករចំណាកស្រុកទូទាំងពិភពលោក មានប្រមាណ១៦៩លាននាក់។ ក្នុងពិភពលោក ប្រទេសដែលមានពលករចំណាកស្រុកច្រើនជាងគេ គឺប្រទេសឥណ្ឌាដែលមានប្រជាជនជាង១៨លាននាក់ បានធ្វើដំណើរទៅបរទេសដើម្បីស្វែងរកការងារធ្វើដែលតាមពីក្រោយដោយប្រទេសម៉ិកស៊ិក ចិន និងរុស្ស៊ី»។

ដោយឡែកក្នុងក្របខ័ណ្ឌកម្ពុជាវិញ មានពលរដ្ឋជាង១,៣លាននាក់ កំពុងធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសរីកចម្រើនផ្សេងទៀត ហើយក្នុង១ឆ្នាំៗ ប្រាក់បញ្ញើប្រមាណជាង១ពាន់លានដុល្លារត្រូវបានផ្ញើចូលមកក្នុងប្រទេសដែលបានរួមចំណែកជួយបំប៉នដល់សេដ្ឋកិច្ចជាតិ៕

website_news/2023211205.txt · Last modified: 2023/12/21 10:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki