website_news:2023211206

ការបញ្ជូនកម្មសិក្សាការីខ្មែរ ទៅធ្វើការនៅជប៉ុន បានផ្តល់នូវអត្ថប្រយោជន៍ដល់កម្ពុជា

https://www.postkhmer.com/national/2023-12-18-214-256868 ១៩ ធ្នូ ២០២៣ | ០៩:០១ អ្នកយកព័ត៌មាន:វណ្ណ សុជាតា

ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ជូនកម្មសិក្សាការីខ្មែរ ទៅធ្វើការនៅក្នុងប្រទេសជប៉ុន ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ដល់កម្ពុជាទាំងចំពោះមុខ និងរយៈពេលវែង។ លោកនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុងពេលលោក ជួបជាមួយនឹងលោកកូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. ដែលជាក្រុមហ៊ុនបណ្តុះបណ្តាល និងនាំយកកម្មសិក្សាការីខ្មែរទៅបម្រើការងារនៅក្នុងប្រទេសជប៉ុនក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី ៥០ កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នេះបើយោងតាមលទ្ធផលនៃជំនួបដែលបានផ្សាយតាមរយៈតេឡេក្រាមលោក ហ៊ុន ម៉ាណែត។ លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន KOJIMA Holdings Co., Ltd. ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយនេះ គឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ក្រុមហ៊ុន KOJIMA Holdings បានចូលរួមចំណែកច្រើននៅក្នុងការជួយបណ្តុះបណ្តាល និងបញ្ជូនកម្មសិក្សាការីខ្មែរ មកធ្វើការនៅក្នុងប្រទេសជប៉ុន តាមរយៈក្រសួងការងារ និងក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានផ្តល់នូវអត្ថប្រយោជន៍ចំពោះកម្ពុជា ទាំងចំពោះមុខ និងរយៈពេលវែង។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖«ផលប្រយោជន៍ចំពោះមុខ គឺការបង្កើតការងារ ដែលផ្តល់នូវប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រខ ណៈដែលផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹងក្លាយជាធនធានមនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្រាប់ប្រទេសកម្ពុជា នាពេលអនាគត»។

ក្នុងឱកាសនៃជំនួបនោះដែរ លោក កូជីម៉ា ម៉ាសាណូប៊ូ ក៏បានលើកឡើងដែរថា ក្រុមហ៊ុន បានបើកដំណើរការមជ្ឈមណ្ឌល ពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ដែលជាកន្លែងដ៏សំខាន់មួយក្នុងការផ្តល់ព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយពីផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្ម ជាដើម។ លោក កូជីម៉ា ម៉ាសាណូប៊ូ ក៏បានលើកឡើងពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ និងគម្រោងនៃការបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បីបង្កើនការផ្សព្វផ្សាយពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុនសំដៅលើកកម្ពស់ទំនាក់ទំនង រវាងប្រជាជន និងប្រជាជននៃប្រទេសទាំង ២ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

លោកស្រី រាជ សំណាង អគ្គនាយិកាក្រុមហ៊ុន អ៊ែកស៊លអេស៊ា យូមេ រីសសស៍ និងជាអនុប្រធានក្រុមការងារទទួលបន្ទុកតំបន់អាយឈិណាហ្គុយ៉ា ប្រទេសជប៉ុន ដែលបានអមដំណើរលោកនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសជប៉ុន ដែរនោះ ប្រាប់ឱ្យដឹងនៅថ្ងៃទី ១៨ ខែធ្នូថា រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន ក៏ដូចជានៅតាមបណ្តាប្រទេសផ្សេងទៀត។ លោកស្រីបានប្រាប់ថា៖«ជំនួបរវាងសម្តេចធិបតីជាមួយពលរដ្ឋខ្មែរនៅជប៉ុន ក៏ដូចជាកម្មសិក្សាការីកម្ពុជា ដែលបានមកធ្វើការនៅប្រទេសជប៉ុននេះជាជំនួបដែលមានសារៈសំខាន់ និងមានអត្ថន័យណាស់សម្រាប់ពួកយើង។ វាជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំប្រទេសយើង ចំពោះប្រជាជនគ្រប់រូប មិនថា ទាំងនៅក្នុង និងក្រៅប្រទេសនោះទេ»។ លោកស្រីបន្ថែមថា កម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន មិនត្រឹមតែទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារនៅស្រុកកំណើតនោះទេ ថែមទាំងមានចំណេះជំនាញ ដែលអាចប្រើប្រាស់សម្រាប់ប្រកបរបរចិញ្ចឹមជីវិត នៅពេលដែលបញ្ចប់កុងត្រាការងារនៅប្រទេសជប៉ុនថែមទៀតផង។

សូមរំឭកថា នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ លោកហ៊ុន ម៉ាណែតបានណែនាំដល់ក្រសួងការងារឱ្យពិភាក្សាជាមួយភាគីជប៉ុន ដើម្បីកាត់បន្ថយតម្លៃសេវាបញ្ជូនកម្មសិក្សាការីកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនយ៉ាងតិច ១០ ភាគរយក្នុងឆ្នាំ ២០២៤ ដោយលោកបញ្ជាក់ថា តម្លៃសេវាបញ្ជូននេះនៅមានតម្លៃខ្ពស់ ដែលនេះជាបញ្ហាចោទមួយ។ លោកបញ្ជាក់ថា៖«ឥឡូវ ដំណោះស្រាយក្រសួងការងារត្រូវពិភាក្សាជាមួយភាគីជប៉ុនដើម្បីកាត់បន្ថយតម្លៃសេវាបញ្ជូនឱ្យបានសមស្រប និងទទួលយកបានគ្រប់ភាគីហើយយ៉ាងតិច ១០ ភាគរយក្នុងឆ្នាំ ២០២៤ នេះ។ បើមិនបានច្រើន ក៏បានបន្តិចម្តងៗ។ ទោះបីជាតម្លៃសេវានេះនៅមានតម្លៃទាបជាងប្រទេសជិតខាងមួយចំនួន ក្រសួងការងារ ត្រូវបន្តកាត់បន្ថយតម្លៃសេវាបញ្ជូនឱ្យកាន់តែទាបជាងនេះតទៅទៀតដើម្បីសម្រួលដល់បងប្អូនរបស់យើង»។

លោកក៏បានបន្តថា តម្លៃសេវាបញ្ជូនដែលនៅមានតម្លៃខ្ពស់នេះ ភាគច្រើនគឺដោយសារការចំណាយទៅលើការបណ្តុះបណ្តាលភាសារយៈពេលយ៉ាងតិច ៦ ខែ ថ្លៃចំណាយលើសេវារបស់សមាគមគ្រប់គ្រងជប៉ុន និងថ្លៃចំណាយលើការចុះសួរសុខទុក្ខ និងចុះដោះស្រាយបញ្ហាពលករ។ តម្លៃសេវាបញ្ជូនពលករកម្ពុជាមានចន្លោះពី ៤ ០០០ ដុល្លារទៅ ៦ ០០០ ដុល្លារ តម្លៃនៅថៃគឺ ៥ ០០០ ដុល្លារ នៅចិនប្រមាណ ៥ ០០០ ដុល្លារ និងនៅវៀតណាម ៥ ៦០០ ដុល្លារ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖«ប៉ុន្តែទោះយ៉ាងណា ក៏ខំចរចា បើបានតែ ១០ ភាគរយក៏សន្សំ ៤០០ ដុល្លារ ទៅ ៥០០ ដុល្លារជូនបងប្អូនដែរ»៕

website_news/2023211206.txt · Last modified: 2023/12/21 10:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki