website_news:2023220205

កូរ៉េ សន្យាផ្តល់កូតា សម្រាប់ពលករកម្ពុជា ឱ្យបានលើស ១ម៉ឺននាក់ ក្នុងឆ្នាំ២០២៣ នេះ

https://kohsantepheapdaily.com.kh/article/1688097.html?

utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ២០ ខែ កុម្ភៈ ឆ្នាំ ២០២៣ ម៉ោង ១៩:២៨ ភ្នំពេញ៖ កូរ៉េ បានសន្យាថា នឹងបង្កើនកូតាពលករកម្ពុជា ឱ្យបានលើស ១ម៉ឺននាក់ ក្នុងឆ្នាំ២០២៣ នេះ និងកាន់តែច្រើន នៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត។ ខណៈពេល ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យបញ្ជូនពលករទៅធ្វើការ នៅសាធារណរដ្ឋកូរ៉េ ហើយតាមរយៈការវាយតម្លៃពីខាងភាគីកូរ៉េ ឃើញថា ពលករកម្ពុជា មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េ ស្រលាញ់ពេញចិត្តជាខ្លាំង។ នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លទ្ធផលនៃកិច្ចពិភាក្សានេះ ធ្វើឡើងរវាងលោកបណ្ឌិត UH SOOBONG ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ជាមួយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅទីស្តីការក្រសួងការងារ ដើម្បីពិភាក្សាអំពីវិធីសាស្រ្តក្នុងការជ្រើសរើស ទទួលពលករឱ្យបានឆាប់រហ័ស និងស្វែងយល់អំពីគម្រោងធ្វើសមាហរណកម្មពលករកម្ពុជាក្រោយពេលត្រឡប់មកមាតុភូមិវិញ។ នៅក្នុងជំនួបនោះ លោកបណ្ឌិត អ៊ិត សំហេង លើកឡើងថា សាធារណរដ្ឋកូរ៉េជាមិត្តដ៏ល្អ ដែលបានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យការទូត និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរ បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោករដ្ឋមន្ត្រី គូសបញ្ជាក់ដែរថា បើទោះស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក្តី សាធារណរដ្ឋកូរ៉េ នៅតែបន្តជ្រើសរើសពលករកម្ពុជាទៅបម្រើការងារនៅទីនោះ ព្រមទាំងមើលថែទាំ និងគាំពារពលករកម្ពុជាបានយ៉ាងល្អទៀតផង។ ជាមួយការដែលពលករកម្ពុជា បានវិលត្រឡប់ពីបម្រើការងារនៅសាធារណរដ្ឋកូរ៉េវិញ ឯកឧត្តមបណ្ឌិត សង្កេតឃើញថា ពួកគាត់មានវឌ្ឍនភាព និងមានការប្រែប្រួលសេដ្ឋកិច្ចជីវភាពយ៉ាងខ្លាំង ដោយអ្នកខ្លះប្រែក្លាយជាសហគ្រិនភាព និងជាអ្នកវិនិយោគដ៏ល្បីល្បាញ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត អ៊ិត សំហេង បានថ្លែងអំណរគុណដល់ ក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាការងារជូនដល់ពលករកម្ពុជា បានយ៉ាងល្អ ដោយនៅក្នុងឆ្នាំ២០២៣នេះ ភាគីកូរ៉េសន្យា ផ្តល់កូតាជូនពលករកម្ពុជា ជាងមួយម៉ឺននាក់ទៀតនោះ តាមរយៈគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងធ្វើការជ្រើសរើសពលករកម្ពុជា ដែលមានសមត្ថភាព និងឧស្សាហ៍ព្យាយាមក្នុងការបំពេញការងារជូនដល់និយោជកកូរ៉េ ឱ្យកាន់តែមានផលិតភាពខ្ពស់។

ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ជូនលោករដ្ឋមន្ត្រីថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយក្នុងនោះកម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាព ដែលទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ។

លោកបណ្ឌិត អ៊ិត សំហេង ពិតជារីករាយចំពោះគម្រោង ដែលភាគីកូរ៉េជួយបណ្តុះបណ្តាលជំនាញដល់ពលករបរទេសដែលចប់អណត្តិការងារនៅកូរ៉េ ទទួលបានការបណ្តុះបណ្តាលជំនាញដ៏ជាក់លាក់មួយ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។ លោករដ្ឋមន្ត្រី ចង់ឱ្យពលករកម្ពុជា ស្ថិតក្នុងអាទិភាពខ្ពស់មួយ ក្នុងចំណោមប្រទេសដទៃទៀត ដែលកូរ៉េគិតថា នឹងធ្វើការជ្រើសរើស៕

website_news/2023220205.txt · Last modified: 2023/02/22 09:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki