website_news:2023220503

ឯកអគ្គរាជទូតកម្ពុជាស្នើភាគីជប៉ុនផ្តល់សេវាគាំពារដល់ពលករខ្មែរ

https://www.kampucheathmey.com/local-news/514061 ថ្ងៃសៅរ៍ ២០ ឧសភា ២០២៣ដោយ Thoeun Vansong

ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន លោក ទុយ រី បានស្នើអាជ្ញាធរខេត្តតូយ៉ាម៉ាផ្ដល់សេវាគាំពារដល់កម្មសិក្សាការី និងពលករជំនាញកម្ពុជាដែលកំពុងបម្រើការនៅខេត្តនេះរបស់ប្រទេសជប៉ុន។ លោកឯកអគ្គរាជទូតស្នើបែបនេះក្នុងជំនួបជាមួយលោកអភិបាលខេត្តតូយ៉ាម៉ា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅជប៉ុន បានឲ្យដឹងថា «នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា និងសហការី បានជួបពិភាក្សាជាមួយលោក Hachiro Nitta អភិបាលខេត្តតូយ៉ាម៉ា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តតូយ៉ាម៉ា និងស្ថានទូតកម្ពុជាឲ្យកាន់តែរលូនបន្ថែមទៀត។ ក្នុងជំនួបនោះ លោក ទុយ រី បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុនឲ្យសិក្សាពីការវិនិយោគនៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនជប៉ុនដែលមានតម្រូវការកម្លាំងពលកម្មជនបរទេស គឺធ្វើការជ្រើសរើសកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។ លោកឯកអគ្គរាជទូត បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានកម្លាំងពលកម្មវ័យក្មេងច្រើននៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន។ លើសពីនេះ លោកឯកអគ្គរាជទូត ក៏បានស្នើសុំដល់លោកអភិបាលខេត្តតូយ៉ាម៉ា និងអាជ្ញាធរពាក់ព័ន្ធបន្តជួយផ្តល់សេវាគាំពារដល់កម្មសិក្សាការី និងពលករជំនាញខ្មែរនៅក្នុងខេត្ត ដែលបច្ចុប្បន្នមានប្រមាណ២០០នាក់។

ដោយឡែក លោក ទុយ រី ក៏បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនផងដែរ ដោយលោកបានលើកទឹកចិត្ត និងពន្យល់ពីគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាលកម្ពុជាដល់វិនិយោគិនបរទេស និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ព្រមជាមួយនឹងការស្នើសុំជ្រើសរើសកម្លាំងខ្មែរមកធ្វើការនៅតាមរោងចក្រសហគ្រាសរបស់ជប៉ុន។ ទន្ទឹមនេះ លោកក៏បានចុះជួបសំណេះសំណាលជាមួយកម្មសិក្សាការីខ្មែរ និងបានស្នើសុំដល់ថ្នាក់ដឹកនាំក្រុមហ៊ុនផ្តល់ការយកចិត្តទុកដាក់ដល់កម្មសិក្សាការីខ្មែរប្រកបដោយក្តីស្រឡាញ់ និងអធ្យាស្រ័យ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ទុយ រី ក្នុងនាមឯកអគ្គរាជទូតកម្ពុជា ក៏បានចូលរួមកម្មវិធីគម្រប់ខួបលើកទី៤០ នៃការបង្កើតសមាគមមិត្តភាពតូយ៉ាម៉ា-កម្ពុជា នៅខេត្តតូយ៉ាម៉ា ផងដែរ។ សមាគមនេះបានចូលរួមអភិវឌ្ឈន៍ធនធានមនុស្សនៅកម្ពុជា និងវប្បធម៌ខ្មែរដល់ប្រទេសជប៉ុន ក៏ប៉ុន្តែត្រូវបានផ្អាកសកម្មភាពរបស់ខ្លួនមួយរយៈ ដោយសារការីករាលជំងឺឆ្លង កូវីដ១៩។ លោក បានថ្លែងអំណរគុណដល់សមាគមដែលបានចំណាយកម្លាំងពេលវេលា និងថវិកានៅក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជា និងស្នើសមាគមពង្រីកវិសាលភាពនៅតាមខេត្តក្រុងរបស់កម្ពុជាដែលមិនទាន់មានគម្រោងនេះផងដែរ៕

website_news/2023220503.txt · Last modified: 2023/05/22 10:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki