website_news:2023220504

ស្ថានទូតកម្ពុជាលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុន ជ្រើសរើសកម្មសិក្សាការី និងពលករជំនាញខ្មែរឱ្យកាន់តែច្រើន

https://www.postkhmer.com/national/2023-05-20-0750-250254.html រី សុចាន់ | Publication date 20 May 2023 | 14:50 ICT

ភ្នំពេញៈ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុន ដែលមានតម្រូវការកម្លាំងពលកម្មជនបរទេសធ្វើការជ្រើសរើសកម្មសិក្សាការី និងពលករជំនាញខ្មែរឱ្យកាន់តែច្រើន ដោយបញ្ជាក់ថា កម្ពុជាជាប្រទេស ដែលមានកម្លាំងពលកម្មវ័យក្មេងនៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន។

ការជំរុញលើកទឹកចិត្តនេះធ្វើឡើងក្នុងពិធីសំណេះសំណាល នាថ្ងៃទី១៨-១៩ ខែឧសភា រវាងលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងមន្ត្រីស្ថានទូត ជាមួយលោក Hachiro Nitta អភិបាលខេត្តតូយ៉ាម៉ា និងលោក Hirohisa Fujii អភិបាលក្រុងតូយ៉ាម៉ា ប្រទេសជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តតូយ៉ាម៉ា និងស្ថានទូតឱ្យកាន់តែរលូន។ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបញ្ជាក់ក្នុងហ្វេសប៊ុកនាថ្ងៃទី២០ ខែឧសភា ថា៖ «ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា បានស្នើសុំជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុនឱ្យសិក្សាពីការវិនិយោគនៅកម្ពុជា ការលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនជប៉ុនដែលមានតម្រូវការកម្លាំងពលកម្មជនបរទេសធ្វើការជ្រើសរើសកម្មសិក្សាការី និងពលករជំនាញខ្មែរឱ្យកាន់តែច្រើន ក្នុងខណៈដែលប្រទេសកម្ពុជាជាប្រទេសដែលមានកម្លាំងពលកម្មវ័យក្មេងនៅក្នុងចំណោមបណ្តាប្រទេសអាស៊ាន»។ លោកក៏បានស្នើដល់លោក Hachiro Nitta និងអាជ្ញាធរពាក់ព័ន្ធផ្តល់សេវាគាំពារដល់កម្មសិក្សាការី និងពលករជំនាញខ្មែរនៅក្នុងខេត្តនេះ ដែលបច្ចុប្បន្នមានប្រមាណ ២០០ នាក់។

លោក ទុយ រី ក៏បានចូលរួមកម្មវិធីគម្រប់ខួបលើកទី៤០ នៃការបង្កើតសមាគមមិត្តភាព តូយ៉ាម៉ា-កម្ពុជា នៅខេត្តតូយ៉ាម៉ា ជាមួយថ្នាក់ដឹកនាំ និងសមាជិកសមាគមនេះ។ ហ្វេសប៊ុកដដែលបន្តថា សមាគមនេះបានចូលរួមអភិវឌ្ឈន៍ធនធានមនុស្សនៅកម្ពុជា និងវប្បធម៌ខ្មែរដល់ប្រទេសជប៉ុន ក៏ប៉ុន្តែបានផ្អាកសកម្មភាពរបស់ខ្លួនមួយរយៈដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។ លោក ទុយ រី បានថ្លែងអំណរគុណដល់សមាគមនេះដែលបានចំណាយកម្លាំង ពេលវេលា និងថវិកានៅក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជា និងស្នើឱ្យសមាគមនេះពង្រីកវិសាលភាពនៅតាមខេត្ត ក្រុង ដែលមិនទាន់មានគម្រោងពីមុនមក។ ហ្វេសប៊ុកដដែលបន្តថា៖ «ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម[លោក ទុយ រី]បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនក្នុងគោលបំណងលើកទឹកចិត្ត និងពន្យល់ពីគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាលកម្ពុជាដល់វិនិយោគិនបរទេស និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ព្រមជាមួយនឹងការស្នើសុំជ្រើសរើសកម្លាំង [ពលកម្ម] ខ្មែរមកធ្វើការនៅតាមរោងចក្រសហគ្រាសរបស់ខ្លួន»។

លោក ទុយ រី ក៏បានចុះជួបសំណេះសំណាលជាមួយកម្មសិក្សាការីខ្មែរដែលធ្វើការនៅរោងចក្រផលិតសម្ភារប្លាស្ទិករបស់ក្រុមហ៊ុន Hanshin Group Co., Ltd និងស្នើសុំដល់ថ្នាក់ដឹកនាំក្រុមហ៊ុននេះផ្តល់ការយកចិត្តទុកដាក់ដល់កម្មសិក្សាការីខ្មែរប្រកបដោយក្តីស្រឡាញ់ និងអធ្យាស្រ័យ។ បើតាមហ្វេសប៊ុកដដែល បច្ចុប្បន្ន ក្រុមហ៊ុននេះមានកម្មសិក្សាការីខ្មែរចំនួន ៧០ នាក់ ធ្វើការនៅតាមសាខារោងចក្ររបស់ខ្លួន និងបន្តជ្រើសរើសបន្ថែមនាពេលខាងមុខ៕

tagសារព័ត៌មាន_បរទេស

website_news/2023220504.txt · Last modified: 2023/05/22 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki