website_news:2023220603

ក្រសួងការបរទេសអាមេរិកដាក់ចំណាត់ថ្នាក់កម្ពុជាអាក្រក់បំផុតនៃអំពើជួញដូរមនុស្ស

https://www.rfa.org/khmer/news/human-rights/us-released-report-about-trafficking-in-cambodia-increasing-in-2023-06172023034834.html ដោយ សេក បណ្ឌិត 2023.06.17

ក្រសួងការបរទេសអាមេរិកចេញផ្សាយ របាយការណ៍ ស្ដីពីការជួញដូរមនុស្ស ប្រចាំឆ្នាំ២០២៣ នៅថ្ងៃទី១៦ ខែមិថុនា ដោយបង្ហាញថា ស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជាគ្មានភាពល្អប្រសើរឡើយ។ ក្រសួងការបរទេសអាមេរិក បន្តរក្សាចំណាត់ថ្នាក់កម្ពុជានៅកម្រិតទី៣ ដូចកាលឆ្នាំកន្លងទៅដដែល។

របាយការណ៍ស្ដីពីការជួញដូរមនុស្សប្រចាំឆ្នាំ២០២៣ របស់ក្រសួងការបរទេសអាមេរិកលើកឡើងថា រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន មិនបានបំពេញតាមស្តង់ដារអប្បបរមាក្នុងការលុបបំបាត់ការជួញដូរមនុស្ស និងពុំបានខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនោះទេ សូម្បីតែអំឡុងពេលមានការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ។

អាមេរិករកឃើញថា អំពើពុករលួយនៃមន្ត្រីជាន់ខ្ពស់នៅកម្ពុជានៅតែបន្តរីករាលដាលដែលជាហេតុរារាំងដល់ការអនុវត្តច្បាប់លើក្រុមឧក្រិដ្ឋជន ដែលបានប្រព្រឹត្តអំពើជួញដូរមនុស្សនៅកម្ពុជា។ របាយការណ៍បញ្ជាក់ថា អាជ្ញាធរកម្ពុជាពុំបានបើកការស៊ើបអង្កេត ឬនាំយកមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋផ្អែកតាមសេចក្ដីរាយការណ៍គួរឱ្យជឿទុកចិត្ត ជាពិសេសនៅពេលដែលពាក់ព័ន្ធនឹងក្រុមអាជីវករអសីលធម៌ ដែលបានបង្ខំឱ្យបុរស ស្ត្រី និងកុមាររាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជាធ្លាក់ចូលក្នុងការជួញដូរមនុស្សក្នុងវិស័យសេវាកម្មកម្សាន្ត ឡឥដ្ឋ និងប្រតិបត្តិការបែបឆបោកនៅលើប្រព័ន្ធអ៊ីនធឺណិត ជាដើម។ លើសពីនេះ អាមេរិករកឃើញថា រដ្ឋាភិបាលកម្ពុជាបានបរាជ័យជាបន្តបន្ទាប់ក្នុងការត្រួតពិនិត្យ ឬផ្ដល់យុត្តិធម៌ក្នុងឧក្រិដ្ឋកម្មជួញដូរសម្រាប់ពលករបរទេសដែលត្រូវបានជួយសង្គ្រោះពីប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត។

រយៈពេលពីរឆ្នាំចុងក្រោយនេះ អាមេរិកបានទម្លាក់ចំណាត់ថ្នាក់កម្ពុជានៅកម្រិតទី៣ ដែលមានន័យថា ស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជាមានលក្ខណៈអាក្រក់បំផុត និងពុំធ្លាប់មានទេចាប់តាំងពីឆ្នាំ២០១៥ មក។ ទន្ទឹមនឹងនេះ ស្របពេលកម្ពុជាស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ និងគ្មានការចាត់វិធានការឱ្យមានប្រសិទ្ធភាពនោះ កន្លងទៅស្ថាប័នអន្តរជាតិមួយចំនួនបានលាតត្រដាងថា ឧក្រិដ្ឋកម្មជួញដូរមនុស្ស និងអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិតទ្រង់ទ្រាយធំប្រតិបត្តិការដោយក្រុមហ៊ុនចិនមួយចំនួននៅកម្ពុជាដំណើរការទៅបានដោយសេរី ដ្បិតមានមន្ត្រីឧកញ៉ាគ្រាក់ៗសិទ្ធស្នាលនឹងលោក ហ៊ុន សែន នៅកាងការពារពីក្រោយខ្នង។

កាលពីឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជាបង្ក្រាបបានអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជិត ២រយករណី (១៧៤) ឃាត់ខ្លួនជនសង្ស័យជាង ២រយនាក់ (២២៦) ក្នុងនោះមានជនបរទេសចំនួន ៣២នាក់បញ្ជូនទៅតុលាការ និងរំដោះជនរងគ្រោះបានជាង ៥រយនាក់ (៥៥២)។ ដោយឡែកចាប់តាំងពីខែសីហា ឆ្នាំ២០២២ មកដល់ខែមីនា ២០២៣ អ្នកពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សមានជនបរទេសជិត ៩រយនាក់ (៨៧១) មកពីបណ្ដាប្រទេសចំនួន ១២ប្រទេសផ្សេងៗគ្នា ហើយក្នុងនោះមានមនុស្សជិត ២រយនាក់ (១៦២) សមត្ថកិច្ចរកឃើញថា មានជាប់ពាក់ព័ន្ធនឹងអំពើរត់ពន្ធ និងជួញដូរមនុស្ស ខណៈមនុស្ស ៨០នាក់ទៀតត្រូវបានបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសជួញដូរមនុស្ស។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បីសាកសួរជុំវិញរឿងនេះបានទេនៅថ្ងៃទី១៦ ខែមិថុនា។ ប៉ុន្តែ កន្លងមកមន្ត្រីជាន់ខ្ពស់កម្ពុជា រួមទាំងលោក ស ខេង ផងអះអាងថា កម្ពុជាតែងប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិ ដើម្បីទប់ស្កាត់លុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា។

អ្នកឃ្លាំមើលលើកឡើងថា របាយការណ៍របស់ក្រសួងការបរទេសអាមេរិកឆ្លុះបញ្ចាំងការពិត ដ្បិតបទល្មើសនៃអំពើជួញដូរមនុស្សនៅកម្ពុជានៅតែបន្តកើតមានច្រើន។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយដែលអាមេរិកបន្តទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកកម្រិតទី៣ ដែលមានន័យថា ស្ថានភាពនៃអំពើជួញដូរមនុស្សនៅកម្ពុជាពុំទាន់មានភាពល្អប្រសើរឡើយ។ លោកថា រដ្ឋាភិបាលកម្ពុជាគួរតែត្រួតពិនិត្យបោសសម្អាតលើមន្ត្រីពុករលួយ និងបង្ហាញឆន្ទៈពិតប្រាកដក្នុងការស៊ើបអង្កេតមន្ត្រីអ្នកមានអំណាចប្រសិនបើរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធនឹងអំពើជួញដូរគឺត្រូវអនុវត្តតាមច្បាប់ ដើម្បីស្ដារមុខមាត់កម្ពុជា។

លោក អំ សំអាត ៖ «ម្យ៉ាងទៀតកាលណាប្រទេសកម្ពុជាយើងជាប់ការវាយតម្លៃរបស់សហរដ្ឋអាមេរិក លើចំណាត់ថ្នាក់លេខ៣ អ៊ីចឹងក៏មិនមានផលល្អអីប៉ុន្មានដែរ សម្រាប់កម្ពុជាយើង។ ការជួញដូរមនុស្សហ្នឹង កាលណានៅតែបន្តកើតឡើង ឬក៏គេរកឃើញថា នៅតែកើតឡើងច្រើន វាប៉ះពាល់ច្រើនទាក់ទង ការវិនិយោគ ទាក់ទងសន្តិសុខសុវត្ថិភាព ពីព្រោះក្រុមឧក្រិដ្ឋជនការជួញដូរតែងតែបង្កធ្វើឱ្យប៉ះពាល់ជាហូរហែ អាហ្នឹងគឺវាប៉ះពាល់មុខមាត់ និងស្ថានភាពនៃប្រទេសកម្ពុជាយើងទាក់ទងលើការវិនិយោគជាដើម»។

អ្នកវិភាគ និងអ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួនលើកឡើងថា មូលហេតុដែលរដ្ឋាភិបាលគ្មានឆន្ទៈក្នុងការស៊ើបអង្កេត និងគ្មានការចាត់វិធានការលើក្រុមអ្នកមានលុយមានអំណាចមួយចំនួនដែលមានងារជាឧកញ៉ា និងឯកឧត្តមដែលអាចមានជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនៅកម្ពុជា ដ្បិតក្រុមមនុស្សទាំងនោះគឺពួកគេតែងតែបម្រើ និងផ្ដល់ផលប្រយោជន៍ដល់រដ្ឋាភិបាល លោក ហ៊ុន សែន និងក្រុមគ្រួសារត្រកូល«ហ៊ុន»៕

website_news/2023220603.txt · Last modified: 2023/06/22 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki