website_news:2023220902

ឯកឧត្តម ហេង សួរ អរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់ខ្ពស់ ដល់ពលករខ្មែរ

https://www.information.gov.kh/articles/114151 ចេញផ្សាយ ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២៣

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបជាមួយឯកឧត្តម ឆឺតកៀក អាត់ថាក័រ (Cherdkiat ATTHAKOR) អគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី២១ ខែកញ្ញានេះ ឯកឧត្តមហេង សួរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធលើផ្នែកការងារដោយបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្របសម្រួលដល់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ ដែលបច្ចុប្បន្នមានប្រមាណ១,២លាននាក់។

ពីភាគីថៃវិញ ឯកឧត្តមឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាលើកិច្ចសហការ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំនាញនិងពលរដ្ឋថៃដែលកំពុងធ្វើការនិងស្នាក់នៅកម្ពុជា។ បន្ថែមពីនេះ ភាគីទាំងពីរ បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការលើផ្នែកការងារដែលមានស្រាប់ នឹងធ្វើឱ្យនិយោជកថៃ មានភាពងាយស្រួលជាងមុនក្នុងការទទួលពលករកម្ពុជាទៅធ្វើការ ហើយពលករកម្ពុជា ក៏អាចទៅធ្វើការដោយស្របច្បាប់នៅប្រទេសថៃដែលជាការរក្សាបានប្រយោជន៍ទាំងសងខាង។

ទន្ទឹមនឹងនេះ ប្រទេសទាំងពីរ បានឯកភាពគ្នាមួយចំណុចទៀត គឺការពង្រឹងយន្តការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សស្របតាមស្មារតី នៃអនុស្សរណៈដែលមានស្រាប់ដើម្បីរក្សាបាននូវការគោរពសិទ្ធិរបស់ពលរដ្ឋ។ ក្នុងនោះ ទាំងកម្ពុជា និង ថៃ សុទ្ធតែមើលឃើញពីការជះឥទ្ធិពលអវិជ្ជមាននៃអំពើជួញដូរមនុស្ស

យ៉ាងណាក៏ដោយមុននឹងបញ្ចប់ជំនួប ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមឯកអគ្គរាជទូតថៃ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះ បណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលប្រទេសទាំងពីរធ្លាប់បានសហការកន្លងរួចមកហើយ ដើម្បីរួមគ្នាផ្គត់ផ្គង់កម្លាំងជំនាញចូលទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់៕

website_news/2023220902.txt · Last modified: 2023/09/22 10:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki