website_news:2023221101

អង្គការលីកាដូថាការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារឡឥដ្ឋនៅតែបន្តមាន

https://www.rfi.fr/km//20231120?utm_medium=social&utm_campaign=telegram&utm_source=shorty ចុះផ្សាយនៅថ្ងៃ៖ 20/11/2023 - 12:08

អង្គការការពារសិទ្ធិមនុស្សលីកាដូ រកឃើញថាការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅតែបន្តរីករាលដាលនៅតាមសិប្បកម្មផលិតឥដ្ឋក្នុងប្រទេសកម្ពុជា ដែលបញ្ហានេះអង្គការសង្គមស៊ីវិលនេះ បានបន្ទោសទៅលើភាពអសកម្មរបស់អាជ្ញាធរ និងវិស័យសំណង់ ដែលបណ្តោយឲ្យមានការរំលោភសិទ្ធិមនុស្សបែបនេះនៅតែបន្ត។ ក៏ប៉ុន្តែរដ្ឋាភិបាលថាខ្លួនបានប្រឹងប្រែងធ្វើការងារនេះ ហើយរកមិនឃើញបញ្ហាបញ្ចាំខ្លួនដោះបំណុល ឬពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរនោះទេ។

នៅក្នុងរបាយការណ៍ ដែលមានឈ្មោះថា «ចំណងក្នុងឡឥដ្ឋ៖ ឱកាសដើម្បីបញ្ចប់ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារនៅសិប្បកម្មឡឥដ្ឋនៅកម្ពុជា» អង្គការលីកាដូបានលើកឡើងពីការចងក្រងព័ត៌មានរបស់ខ្លួនទាក់ទងទៅនឹងសិប្បកម្មផលិតឥដ្ឋចំនួន ២១ទីតាំង នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ។ នៅក្នុងនោះក៏រួមមានកិច្ចសម្ភាសជាមួយកម្មករចំនួន១០នាក់ ដែលបង្ហាញថាការបញ្ចាំខ្លួនដោះបំណុលនៅតែកើតមាន ហើយក្មេងអាយុត្រឹម៩ឆ្នាំ ក៏ត្រូវបានរកឃើញថានៅតែបន្តអនុញ្ញាតឲ្យធ្វើការក្នុងឡឥដ្ឋ។ នេះបើតាមអង្គការលីកាដូ។ របាយការណ៍បន្តរំលេចថា មានការផ្ទេរកម្លាំងពលកម្មចេញពីឡឥដ្ឋទៅកាន់ឧស្សាហកម្មផ្សេងទៀត ឬត្រូវបានបង្ខាំងរង់ចាំដោយមិនទទួលបានប្រាក់ឈ្នួល នៅក្នុងសិប្បកម្មដែលគ្មានប្រតិបត្តិការ បន្ទាប់ពីវិស័យអចលនទ្រព្យ និងសំណង់មានការថមថយ។ កម្មករមួយចំនួនតូចត្រូវបានដោះលែងឲ្យរួចពីពលកម្មដើម្បីដោះបំណុល ដោយបំណុលទាំងអស់ត្រូវបានលុបចោល ដែលករណីនេះជាការឆ្លើយតបចាំបាច់ជាបន្ទាន់នៅក្នុងឧស្សាហកម្មនេះ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានលើកឡើងថា ការជំពាក់បំណុលរបស់កម្មករសិប្បកម្មឡឥដ្ឋជាមួយម្ចាស់សិប្បកម្ម គឺជាឧទាហរណ៍ទូទៅនៃការបញ្ចាំខ្លួនដោះបំណុល ដែលជាអំពើខុសច្បាប់ ហើយបំណុលទាំងអស់នោះត្រូវតែលុបចោលជាបន្ទាន់។ លោក អំ សំអាត បញ្ជាក់ថាក្មេងអាយុក្រោម១៨ឆ្នាំ មិនគួរធ្វើការផ្លូវការ ឬមិនផ្លូវការនៅសិប្បកម្មផលិតឥដ្ឋដែលប្រកបដោយគ្រោះថ្នាក់នោះទេ។

អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន បានឆ្លើយតបជុំវិញបញ្ហានេះដែរថា រដ្ឋាភិ បាល តាមរយៈក្រសួងការងារតែងយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តន៍ច្បាប់ការងារឲ្យមានប្រសិទ្ធភាពនៅគ្រប់រោងចក្រ សហគ្រាស សិប្បកម្ម និងស្ថាប័នសាធារណៈ និងឯកជនដែលស្ថិតក្រោមច្បាប់ស្តីពីការងារ។ អ្នកនាំពាក្យរូបនេះរៀបរាប់ថាគិតចាប់តាំងពីឆ្នាំ២០២១ មកទល់នឹង៩ខែឆ្នាំ២០២៣នេះ ក្រសួងការងារបានប្រឹងប្រែងក្នុងការលុបបំបាត់ពលកម្មកុមារ និងទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ដែលក្នុងនោះមាន ការចុះធ្វើអធិការកិច្ចដោយមិនជូនដំណឹងនៅតាមវិស័យអាទិភាពនិងមានហានិភ័យខ្ពស់ ដូចជាវិស័យកាត់ដេរ សិប្បកម្មផលិតឥដ្ឋ និងកសិឧស្សាហកម្មដោយផ្តោតទៅលើការពង្រឹងការអនុវត្តន៍ច្បាប់ និងទប់ស្កាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ រួមទាំងការងារដោយបង្ខំ ជាពិសេសទាសភាពបំណុល។

លោក កត្តា អ៊ន បញ្ជាក់ថា ក្រសួងការងារបានធ្វើអធិការកិច្ចសរុប ៣៥៣លើកដោយពិ និត្យឃើញថាគ្មានការប្រើប្រាស់ពលកម្មកុមារ និងទាសភាពបំណុលទេ។ ក្រៅពីនេះ ក្រសួងការងារក៏បានបង្ហាញពីការប្រឹងប្រែងរបស់ខ្លួនជាច្រើនទៀត ក្នុងការទប់ស្កាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដោយមានការបញ្ជាក់ថានឹងធ្វើការស៊ើបអង្កេតក្នុងករណីសង្ស័យម្ចាស់ ឬនាយករោងចក្រ សហគ្រាស សិប្បកម្ម ដែលមានប្រើប្រាស់ពលកម្មកុមារ ឬទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ដែលល្មើសច្បាប់ស្តីពីការងារនឹងត្រូវទទួលរងការផាកពិន័យ ឬអាចឈានទៅបិទអាជីវកម្ម ឬអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌ។

ក៏ប៉ុន្តែអ្នកនាង ណាលី ពីឡូក នាយិការទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បញ្ជាក់ថារដ្ឋាភិបាលអនុញ្ញាតឲ្យមានការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារ បន្តមានយ៉ាងជាក់ច្បាស់ ដោយអ្នកនាងចាត់ទុកថាការចុះអធិការកិច្ចរបស់អាជ្ញាធររដ្ឋជាការសម្តែង និងជាការប្រឹងប្រែងបែបអវិជ្ជមាន៕

website_news/2023221101.txt · Last modified: 2023/11/22 12:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki