website_news:2023221202

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្សខេត្តសៀមរាប រៀបចំប្រារព្ធទិវាជាតិ ប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣

https://www.hotnews-asia.com/detail/244386 ចេញផ្សាយ ថ្ងៃទី 20 ខែ ធ្នូ ឆ្នាំ 2023

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៦រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ។

គោលបំណងនៃការប្រារព្ធពិធីនេះ គឺដើម្បីផ្សព្វផ្សាយការយល់ដឹង ឲ្យកាន់តែទូលំទូលាយអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ បង្កើតឡើងដោយជនល្មើស ដែលមានកលល្បិចពិសពុលយ៉ាងសម្បូរបែបប្រកបដោយគ្រោះថ្នាក់ និងធ្វើឲ្យមនុស្ស ជាច្រើនធ្លាក់ចូល ក្នុងអន្ទាក់នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ច យ៉ាងសាហាវឃោរឃៅ។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះ លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានតម្កល់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារឲ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ កាន់តែទូលំទូលាយ និងការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយឋាមពល និងសក្តានុពល។ លោកជំទាវ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាយើង នៅតែបន្តការប្តេជ្ញាចិត្តយ៉ាង មុះមុតប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រឹដ្ឋដទៃទៀត ដែលបាននឹងកំពុងតែយាយីបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ រហូតដល់អាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាបានបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរផងដែរ។

លោកជំទាវ បានបញ្ជាក់ទៀតថា នៅក្នុងអំឡុងពេលជាងពីរទសវត្សរ៍កន្លងមកនេះ បទល្មើសជួញដូរមនុស្សក្នុងតំបន់ និងនៅតាមបណ្តាប្រទេសលើពិភពលោក មិនបានថមថយឡើយ បើទោះបីជាមានការខិតខំប្រឹងប្រែងពីបណ្តារដ្ឋាភិបាលនៃប្រទេសតូចធំទាំងឡាយយ៉ាងណាក៏ដោយ។ ប្រទេសនីមួយៗ ខិតខំបង្កើតឲ្យមានច្បាប់ គោលនយោបាយ យន្តការជាតិយុទ្ធសាស្ត្រ វិធានការ និងវិធីសាស្ត្រជំនាញដ៏សម្បូរបែប ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ក៏ប៉ុន្តែតែនៅតែមានជនរងគ្រោះកាន់តែច្រើនឡើងៗ ដែលបាននឹងកំពុងរងទុក្ខវេទនាដោយការធ្វើទុក្ខបុកម្នេញ និងកេងប្រវ័ញពីឧក្រឹដ្ឋជនជាដើម។

ប្រទេសកម្ពុជាយើងធ្លាប់បានឆ្លងកាត់ឧបសគ្គ និងដោះស្រាយជាបណ្តើរៗ តាំងពីដំណាក់កាលប្រទេស មានសង្គ្រាមស៊ីវិល ជម្ងឺរាតត្បាត គ្រោះធម្មជាតិ និងផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចសាកល។ គឺដៃម្ខាង ពង្រឹងប្រព័ន្ធគ្រប់គ្រង តាមរយៈកំណែទម្រងយ៉ាងស៊ីជម្រៅ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការផ្តល់ សេវាសាធារណៈ ដៃម្ខាងទៀត ត្រូវបង្កើនសមត្ថភាពក្នុងការរក្សា ឲ្យបាននូវស្ថេរភាព នៃកំណើន ម៉ាក្រូសេដ្ឋកិច្ច ការពារសន្តិសុខជាតិ និងសុវត្ថិភាពសង្គមនៅគ្រប់ច្រកល្ហក និងគ្រប់ស្ថានភាព នៅទូទាំងប្រទេស។ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដោះស្រាយជីវភាពតាមរយៈការបង្កើតការងារ មុខរបរខ្នាតតូច និងមធ្យម ការបង្កើនផលិតភាពកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាដើម ៕

website_news/2023221202.txt · Last modified: 2023/12/22 11:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki