website_news:2023221204

អនុប្រធានគណៈកម្មការចំពោះកិច្ច ប្រាប់មន្ត្រីឈរជើងតាមច្រកព្រំដែន ត្រូវបញ្ឈប់ការយកកម្រៃក្រៅផ្លូវការ

https://www.kampucheathmey.com/local-news/629500 ថ្ងៃពុធ ២០ ធ្នូ ២០២៣ដោយ Thoeun Vansong

ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែធ្នូ លោកអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា បានដាក់វិធានការដល់មន្ត្រីឈរជើងតាមច្រកទ្វារព្រំដែន និងសមត្ថកិច្ចទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ការយកប្រាក់កម្រៃក្រៅផ្លូវការពីពលករខ្មែរនៅពេលឆ្លងដែន។

កិច្ចប្រជុំនេះ ដឹកនាំដោយលោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដែលឈរជើងនៅច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យក្នុងការសម្របសម្រួលការឆ្លងដែនជូនប្រជាពលរដ្ឋដោយស្របច្បាប់។

ដើម្បីពង្រឹងការងារនៅតាមព្រំដែននេះ លោក សៀក សុជាតិ បានដាក់ចេញនូវវិធានការដល់មន្ត្រីឈរជើងតាមច្រកទ្វារព្រំដែន ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋដែលធ្វើការឆ្លងដែនចេញចូលក្នុងទឹកដីថៃ ឱ្យបានទាន់ពេលវេលាជៀសវាងកុំឱ្យមានកកស្ទះនៅតាមច្រកទ្វារព្រំដែន។ ក្នុងនោះ លោក បានប្រាប់សមត្ថកិច្ចទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ការយកប្រាក់កម្រៃក្រៅផ្លូវការ ហើយត្រូវមានការទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយជូនប្រជាពលរដ្ឋតាមច្រកទ្វារព្រំដែនឱ្យបានប្រសើរ។

លោក សៀក សុជាតិ ក៏បានណែនាំឱ្យមន្ត្រីឈរជើងតាមច្រកទ្វារព្រំដែន តាមដានជាប់ជាប្រចាំអំពីស្ថានភាពនៃការធ្វើដំណើរចេញចូលរបស់ពលករខ្មែរ ហើយត្រូវរាយការណ៍មកក្រុមការងារត្រួតពិនិត្យដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនឱ្យបានទាន់ពេលវេលាកំណត់។

ទន្ទឹមនេះ ការងារគ្រប់គ្រងស្ថិតិ និងលំហូរពលករចេញចូលឆ្លងកាត់ព្រំដែន ក៏ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងចាត់វិធានការទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពរបស់មេខ្យល់ និងអ្នកសមគំនិត ដែលអូសទាញពលករឱ្យឆ្លងដែនខុសច្បាប់តាមគ្រប់រូបភាព ហើយលើសពីនេះ ត្រូវបិទច្រករបៀងខុសច្បាប់ទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបញ្ជៀសកុំឱ្យពលករចាញ់បោកមេខ្យល់ឆ្លងដែនដោយខុសច្បាប់បន្តទៀត៕

website_news/2023221204.txt · Last modified: 2023/12/22 11:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki