website_news:2023221205

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បើកកិច្ចប្រជុំពង្រឹងការងាររបស់មន្ត្រីឈរជើងនៅច្រកទ្វារព្រំដែន ក្នុងទឹកដីខេត្តព្រះវិហារ, ច្រករបៀងតាមព្រំដែនទាំងអស់ត្រូវបិទដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់

https://freshnewsasia.com/index.php/en/localnews/322210-2023-12-21-11-31-19.html 2023-12-21 06:31pm

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច របស់រាជរដ្ឋាភិបាល ត្រួតពិនិត្យនិងដោះស្រាយបញ្ហារដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំនៅរដ្ឋបាលសាលាខេត្តព្រះវិហារ ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ឈរជើងនៅច្រកទ្វារព្រំដែន ក្នុងទឹកដីខេត្តព្រះវិហារ។

កិច្ចប្រជុំនេះមានសមាសភាពចូលរួមពីលោក សួន បវរ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ លោក ឃុន សំបូរ អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក គីម រិទ្ធី អភិបាលខេត្ត ព្រះវិហារ លោក ណុប វុទ្ធី អភិបាលរង ខេត្តព្រះវិហារ មេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំទិសទី២ និងទី៣ និងសមាជិកក្រុមការងាទី២ នៃគណៈកម្មការចំពោះកិច្ច។ ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងដោយមានការសំណូមពរពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារព្រំដែន ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានដាក់ចេញនូវវិធានការដូចខាងក្រោម៖ ១/ ពិនិត្យនិងសហការជាមួយភាគីថៃសម្រេច ពាក់ព័ន្ធនឹងការបើកដំណើរការឡើងវិញនូវច្រកព្រំដែនអន្តរជាតិអានសេះ ដើម្បីជួយសម្រួលដល់ការឆ្លងដែនចេញចូលរបស់ប្រជាពលរដ្ឋ និងការដោះដូរទំនិញរវាងកម្ពុជា-ថៃ។

២/ ចំពោះច្រករបៀងទាំងអស់ក្នុងទឹកដីខេត្តព្រះវិហារត្រូវបានបិទមិនឱ្យដំណើរការទាំងអស់ ជៀសវាងកុំឱ្យមានការឆ្លងដែនខុសច្បាប់។ ៣/ កែសម្រួលសាងសង់អគារដ្ឋបាលច្រកចេញចូលតែមួយនៅច្រកទ្វារអានសេះ ដើម្បីជួយសម្រួលដល់កងម្លាំងសមត្ថកិច្ចប្រចាំការនៅទីនោះ។ ៤/ សង់លំនៅដ្ឋានជូនប្រជាពលរដ្ឋចំនួន៥៥គ្រួសារដែលរស់នៅច្រកទ្វារតំបន់ព្រំដែនអានសេះដើម្បីជួយសម្រួលដល់ពួកគាត់អាចសាងសង់លំនៅដ្ឋាននៅទីនោះបាន៕

website_news/2023221205.txt · Last modified: 2023/12/22 11:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki