website_news:2023221207

មន្ត្រីសង្គមស៊ីវិលថា ការអនុវត្តច្បាប់ខ្សោយ និងអំពើពុករលួយ ជំរុញឱ្យការជួញដូរមនុស្ស និងឆបោកអាចរីកដុះដាល

https://www.rfa.org/khmer/news/human-rights/ngos-says-human-trafficking-is-increasing-due-to-corruption-and-weak-law-enforcement-12192023110639.html ដោយ ខាន់ លក្ខិណា2023.12.19

មន្ត្រីសង្គមស៊ីវិលស្នើរដ្ឋាភិបាលឱ្យពង្រឹងការអនុវត្តច្បាប់ និងលុបបំបាត់ អំពើពុករលួយ ដើម្បីទប់ស្កាត់បទល្មើសជួញដូរមនុស្ស ឆបោក និងបទល្មើសផ្សេង ទៀតនៅកម្ពុជា។ ការលើកឡើងនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសប្ដេជ្ញាចិត្ត បង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក្នុងការទប់ស្កាត់បទល្មើសឱ្យបានខ្លាំងក្លាជាងមុន។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ការជួញដូរមនុស្ស និងឆបោកកើតឡើងនៅកម្ពុជា និងប្រទេសមួយចំនួនទៀត បណ្ដាលពីការអនុវត្តច្បាប់នៅមានកម្រិត និងអំពើពុករលួយធ្ងន់ធ្ងរ ដែលធ្វើឱ្យជនឧក្រិដ្ឋងាយនឹងប្រើប្រាស់ទឹកដីកម្ពុជាប្រព្រឹត្តបទល្មើស។ ការលើកឡើងនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា កាលពីថ្ងៃទី១៨ ធ្នូ បានប្រកាសជំហរបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយ រដ្ឋាភិបាលថៃ និងប្រទេសដទៃ ដើម្បីប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ។

លោក ស សុខា៖«រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តក្នុងការបង្ការ និងបង្ក្រាបអំពើទាំងអស់ នោះ ឱ្យកាន់តែខ្លាំងក្លា ដោយមិនអនុញ្ញាតឱ្យជនល្មើសរួចខ្លួនឡើយ។ យើងធានាថា ជនរងគ្រោះទាំងអស់ទទួលបានយុត្តិធម៌និងសេវាគាំពារប្រកបដោយប្រសិទ្ធភាពប្រសិទ្ធផល និងបរិយាបន្ន»។

ការប្រកាសនេះ បន្ទាប់ពីអង្គការសហប្រជាជាតិ ចេញផ្សាយរបាយការណ៍មួយ កាលពីខែសីហា ឆ្នាំ២០២៣ រកឃើញថា កម្ពុជា និងភូមា ឬមីយ៉ាន់ម៉ា (Myanmar) គឺជាមជ្ឈមណ្ឌលស្នូលនៃការប្រព្រឹត្តអំពើ ឆបោកតាមអនឡាញ នៅតំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍បញ្ជាក់ថា មនុស្ស ១សែននាក់ បានក្លាយជាជនរងគ្រោះ ដោយសារតែការបង្ខំឱ្យប្រព្រឹត្តអំពើឆបោកតាមអនឡាញនៅកម្ពុជា។

ជុំវិញរឿងនេះ ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ធ្នូ ថា លោកសាទរចំពោះការប្រកាសប្ដេជ្ញារបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស ឆបោកនិងបទល្មើសផ្សេងទៀត។ លោកថា មូលហេតុដែលជំរុញឱ្យមានការជួញដូរមនុស្ស និងឆបោករីកដុះដាល នៅតំបន់អាស៊ាន ដោយសារតែ ការអនុវត្តច្បាប់ នៅមានកម្រិត អំពើពុករលួយធ្ងន់ធ្ងរ និងទំនាស់ផលប្រយោជន៍ ពីព្រោះអ្នកពាក់ព័ន្ធ នឹងបទឧក្រិដ្ឋច្រើនតែប្រើប្រាស់ សែស្រឡាយរបស់ខ្លួន ដើម្បីការពារអាជីវកម្មទាំងនោះ ។

លោក ប៉ិច ពិសី៖ «អ្នករកស៊ីផង មន្ត្រីសាធារណធំៗ គាត់ជាប់ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋហ្នឹងដែរ តាមរយៈការធ្វើជាដៃ គូរ ជាដើមនៅបណ្ដាលប្រទេសទាំងនោះ ហើយអំពើពុករលួយច្រើនជាទូទៅ ទោះបីជាមានការចាប់ការអនុវត្តច្បាប់មួយចំនួន ប៉ុន្តែ ការកាត់ទោសមិនសូវមានទេ ដោយសារជនឧក្រិដ្ឋគាត់ប្រើប្រាស់ការស៊ីសំណូកសូកប៉ាន់ ហើយការពារពីអ្នកធំដើម្បីរួចផុតពីទោសទណ្ឌធ្វើឱ្យមាននិទណ្ឌភាពច្រើន។ បញ្ហាមួយទៀត ការអនុវត្តច្បាប់នៅមានកម្រិតដែលធ្វើឱ្យជនឧក្រិដ្ឋរួចពីសំណាញ់ច្បាប់»។ លោក ប៉ិច ពិសី ថា បញ្ហានេះ ធ្វើឱ្យប៉ះពាល់ដល់បរិយាកាសវិនិយោគ លំហូរសាច់ប្រាក់អន្តរជាតិ និងសន្តិសុខជាដើម ដូច្នេះ កម្ពុជាគួរសហការរួមគ្នាជាមួយបណ្ដាប្រទេស ជាប់ពាក់ព័ន្ធដោយដោះស្រាយ បញ្ហានេះជា ប្រព័ន្ធ ដើម្បីកុំឱ្យជនឧក្រិដ្ឋបន្ត ប្រើប្រាស់ប្រទេស កម្ពុជានិងប្រទេស ផ្សេងទៀត ប្រព្រឹត្តបទល្មើស ដែលប៉ះពាល់ដល់ធ្ងន់ធ្ងរកេរ្តិ៍ឈ្មោះកម្ពុជាជាដើម។

ទាក់ទិនរឿងនេះ របាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅថា UNODC ចេញផ្សាយ កាលពីចុងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ បង្ហាញថា នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាកំពុងពេញនិយមខ្លាំង នៃការជួញដូរមនុស្ស ដើម្បីបង្ខំឱ្យធ្វើឧក្រិដ្ឋកម្ម ឆបោកតាមអនឡាញ។ របាយការណ៍ថា ឧក្រិដ្ឋជនមានប្រតិបត្តិការយ៉ាងបើកចំហ តាមរយៈការផ្សារភ្ជាប់ ទៅនឹងកន្លែងកម្សាន្តនានា ដូចជា បនល្បែង សណ្ឋាគារធំៗ និងក្រុមហ៊ុនអាជីវកម្មចុះបញ្ជីជាដើម៕

website_news/2023221207.txt · Last modified: 2023/12/22 11:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki