website_news:2023221208

សង់ត្រាល់ ស្នើឱ្យរដ្ឋពិនិត្យវិសាលភាពនៃការផ្ដល់កិច្ចគាំពារសង្គម ដល់ពលករចំណាកស្រុក

https://thmeythmey.com/?page=detail&ctype=article&id=132626 19, Dec 2023 , 9:59 pm

ភ្នំពេញ៖ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា (សង់ត្រាល់) បានស្នើឱ្យ រដ្ឋាភិបាល ពិនិត្យនិងកំណត់ តម្លៃឯកសារនិងយន្តការដោះស្រាយបណ្ដឹងរបស់ពលករឡើងវិញ។ លើសពីនេះ សង់ត្រាល់ ចង់ឱ្យរដ្ឋយកចិត្តទុកដាក់លើកកម្ពស់លើប្រព័ន្ធគាំពារសង្គម ដល់ពលករចំណាកស្រុក។ សង់ត្រាល់បានចេញសេចក្ដីថ្លែងការណ៍មួយស្ដីពី «លើកកម្ពស់ការការពារសិទ្ធិ និងកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក» កាលពីថ្ងៃទី១៨ធ្នូ ហើយក៏ជាថ្ងៃនៃទិវាពលករចំណាកស្រុកអន្តរជាតិ លើកទី២៤ ផងដែរ។ នេះជាលើកទី៣ហើយ ដែលសង់ត្រាល់ បានរៀបចំទិវាពលករចំណាកស្រុក ក្នុងគោលបំណងផ្សព្វផ្សាយទៅដល់សាធារណៈជន អ្នកតាក់តែងគោលនយោបាយ និងដៃគូរពាក់ព័ន្ធនានា ស្វែងយល់ពីបញ្ហាប្រឈមរបស់ពលករ។

តាមរយៈកម្មវិធីនេះ អ្នកប្រឹក្សាយោបល់សុវត្ថិភាពចំណាកស្រុករបស់សង់ត្រាល់ បានចុះទៅ១៦ទីតាំង ក្នុងខេត្តខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដើម្បីបញ្ជ្រាបចំណេះដឹងពីបញ្ហាប្រឈមពីការចំណាកស្រុក និងប្រមូលមតិឆ្លើយឆ្លង ពីអ្នកចូលរួមប្រមាណ២០០០០នាក់។ រយៈពេល៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២១ ដល់២០២៣ សង់ត្រាល់ បានអះអាងថា បានរកឃើញបញ្ហាប្រឈមរបស់ពលករចំនួន៣ចំណុច ដែលអង្គការនេះ បានសម្ភាស ជាមួយអតីតពលករចំណាកស្រុក ក្នុងខេត្តគោលដៅចំនួន៦ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ខេត្តបាត់ដំបង និងពោធិ៍សាត់។

បញ្ហាប្រឈមទីមួយ តម្លៃដំណើរការ នៃការចំណាកស្រុក។ ពលករចំណាកស្រុកកម្ពុជាភាគច្រើន មិនអាចធ្វើចំណាកស្រុកតាមប្រព័ន្ធ MOU បានឡើយ ដោយសារតែត្រូវចំណាយពេលវេលារង់ចាំយូរ នីតិវិធីស្មុគស្មាញ និងការចំណាយខ្ពស់។ ហេតុដូចនេះ ពលករនៅតែជ្រើសរើសការ ចំណាកស្រុក តាមរយៈមេខ្យល់ ឬតាមគ្រួសារ សាច់ញាតិ ជាជាងការទៅតាមទីភ្នាក់ងារជ្រើសរើសពលករ ។ បញ្ហាប្រឈមទី២ គឺយន្តការនៃការរាយការណ៍ និងបណ្តឹងតវ៉ាពាក់ព័ន្ធនឹងករណីពលករនៅមានកម្រិត។

សង់ត្រាល់រកឃើញថា ពលករខ្លះ ត្រូវបានថៅកែកេងប្រវ័ញ្ច ដោយមិនបានបើកប្រាក់ឈ្នួលឱ្យ ហើយថែមទាំងបញ្ឈប់ពីការងារ ដោយគ្មានការជូនដំណឹងជាមុន។ លើសពីនេះ ពលករតែងរងពាក្យសម្តីមិនសមរម្យ ការបង្ខំឱ្យធ្វើការងារថែមម៉ោង ដោយគ្មានប្រាក់ឈ្នួល ឬគ្មានការយល់ព្រមពីសាមីខ្លួន និងការដកហូតឯកសាររបស់ពលករជាដើម។ បញ្ហាទាំងនេះ ពលករភាគច្រើន មិនបានយល់ដឹងពីការរាយការណ៍ ហើយពួកគេយល់ថា គ្មានសិទ្ធិតវ៉ា ឬស្វែងរកកិច្ចអន្តរាគមន៍ ព្រោះហេតុផលសញ្ជាតិ ឬស្ថានភាពចំណាកស្រុក។

បញ្ហាប្រឈមទី៣ គឺវិសាលភាពនៃកិច្ចគាំពារសង្គមមិនទាន់បានគ្របដណ្តប់ ដល់អតីតពលករចំណាកស្រុកនៅឡើយ។ ត្រង់ចំណុចនេះ សង់ត្រាល់ បានលើកឡើងថា នៅឯប្រទេសគោលដៅ ពិសេសថៃ ពលករចំណាកស្រុក និងគ្រួសាររបស់ពួកគេ មិនទាន់ទទួលបាននូវការការពារសិទ្ធិ និងកិច្ចគាំពារសង្គម បានពេញលេញនៅឡើយ។

ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីកិច្ចគាំពារសង្គមក្នុងប្រទេសគោលដៅ មិនបានដាក់បញ្ចូលពលករចំណាកស្រុកគ្រប់វិស័យ ក្នុងការទទួលបានអត្ថប្រយោជន៍ និងកិច្ចគាំពារសង្គមបានពេញលេញ ដោយសារហេតុផលសញ្ជាតិ ទម្រង់នៃការរើសអើង ស្ថានភាពនៃការចំណាកស្រុក និងវិស័យការងារជាដើម។ ជាមួយគ្នាដែរ អតីតពលករចំណាកស្រុក ដែលវិលត្រលប់មកវិញ ជួបប្រទះបញ្ហាប្រឈម ពីការមិនទទួលបានប័ណ្ណក្រីក្រ ដោយហេតុថា ពួកគេធ្វើការចំណាកស្រុក រយៈពេលយូរ មិនស្នាក់នៅផ្ទះទៀងទាត់, បាត់ឈ្មោះពីទីកន្លែងស្នាក់នៅ ,ខ្វះខាតឯកសារ ក្នុងការចុះឈ្មោះស្នើសុំកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ, មិនបានដឹងពីព័ត៌មាន និងភាពមិនប្រក្រតីមួយចំនួន ក្នុងការផ្តល់ជូនប័ណ្ណក្រីក្រ នៅក្នុងមូលដ្ឋានជាដើម។

បញ្ហាទាំងនេះ បានជះឥទ្ធិពលទៅលើការងារ សិទ្ធិ និងអត្ថប្រយោជន៍ របស់ពលករចំណាកស្រុក និងសមាជិកគ្រួសាររបស់ពួកគេ ក៏ដូចជាសង្គមជាតិទាំងមូល។ ដោយមើលឃើញបញ្ហាទាំងនេះ សង់ត្រាល់បានស្នើទៅរាជរដ្ឋាភិបាល ពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ក្នុងការពិនិត្យ កែសម្រួលលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ ឬបង្កើតគោលនយោបាយ និងត្រួតពិនិត្យការអនុវត្ត ដើម្បីឆ្លើយតបទៅបញ្ហាប្រឈមទាំងនេះ។ រដ្ឋ គួរតែកំណត់តម្លៃ និងពេលវេលាជាក់លាក់ ចំពោះការធ្វើឯកសារផ្សេងៗរួមមាន លិខិតឆ្លងដែន ប័ណ្ណពលករ(OCWC) ការពិនិត្យសុខភាព ថ្លៃទិដ្ឋាការ និងពាក្យស្នើសុំការងារធ្វើនៅក្រៅប្រទេស។ ទន្ទឹមនឹងនេះ ផ្សព្វផ្សាយឲ្យបានទូលំទូលាយចាប់ពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

រីឯ ការលើកកម្ពស់វិសាលភាពកិច្ចគាំពារសង្គម ភាគីពាក់ព័ន្ធ រួមមានទីភ្នាក់ងារជ្រើសរើសពលករ ជាពិសេសរាជរដ្ឋាភិបាល ត្រូវធានាថា ពលករចំណាកស្រុកកម្ពុជា ធ្វើការនៅបរទេសទាំងអស់់ ទទួលបានព័ត៌មាន និងយល់ដឹងពីកិច្ចគាំពារសង្គម ដែលពួកគេត្រូវទទួលបាន។ សង្គមស៊ីវិលនេះ ចង់ឱ្យរដ្ឋផ្ដល់ជូនប័ណ្ណអាទិភាព ឬប័ណ្ណក្រីក្រ ដល់ពលករ និងអតីតពលករដែលក្រីក្រ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេផងដែរ។

ចំពោះ យន្តការបណ្តឹង និងការអន្តរាគមន៍ សង់ត្រាល់ស្នើឱ្យ និយោជក រដ្ឋាភិបាល ត្រូវរៀបចំយន្តការទទួលពាក្យបណ្តឹងរបស់ពលករ ហើយត្រូវធានាថា គ្រប់រោងចក្រ សហគ្រាស មានបិទប្រកាសលេខទូរស័ព្ទរបស់អនុព័ន្ធការងារ ស្ថានទូត ឬស្ថានកុងស៊ុល។ សង់ត្រាល់ចង់ឃើញ រដ្ឋាភិបាល ជាពិសេសអនុព័ន្ធការងារ សហការជាមួយអាជ្ញាធរនៃប្រទេសទទួលពលករ ដើម្បីដោះស្រាយបណ្តឹង និងផ្តល់ដំណោះស្រាយសមស្របណាមួយទាំងក្រៅប្រព័ន្ធឬក្នុងប្រព័ន្ធដល់ពលករ។

ជាមួយគ្នាដែរ រដ្ឋក៏ត្រូវពន្លឿនដំណើរការនីតិវិធី ចំពោះដំណើរការក្តីក្នុងតុលាការឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថាពលករទទួលបានយុត្តិធម៌ ឬសំណងនានា ផ្តល់ជូនដល់ពលករ។

ជុំវិញករណីនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារអះអាងថា ក្រសួង តែងតែទទួលយកសំណើរនានារបស់សហជីព អង្គការសង្គមស៊ីវិល សមាគម មកពិចារណា ក្នុងគោលដៅធ្វើឱ្យប្រសើរឡើងនូវសិទ្ធិ និងអត្ថប្រយោជន៍នានារបស់កម្មករនិយោជិត។ លោក កត្តា អ៊ន បានស្នើទៅសង្គមស៊ីវិលវិញយ៉ាងដូច្នេះ៖ «ខ្ញុំសូមអំពាវនាវដល់សហជីព អង្គការសង្គមស៊ីវិល សមាគម ដែលធ្វើការងារពាក់ព័ន្ធសិទ្ធិកម្មករនិយោជិត សូមដូររបៀបធ្វើការមិនមានប្រសិទ្ធភាព មករបៀបធ្វើការចំគោលដៅ និង សហការជាមួយក្រសួងការងារសម្រាប់ជាប្រយោជន៍ដល់កម្មករនិយោជិត»។ ជាមួយគ្នាដែរ លោកបញ្ជាក់ថា ក្រសួងស្វាគមន៍រាល់ការលើកយកករណីជាក់ស្តែង មានអង្គហេតុច្បាស់លាស់ មានជនរងគ្រោះពិតប្រាកដ របស់សហជីពឬអង្គការសង្គមស៊ីវិល មកដាក់លើតុ ដើម្បីជជែករកការពិត និងដំណោះស្រាយ ជាជាងធ្វើសកម្មភាពសម្រាប់តែការសរសេររបាយការណ៍ តែមិនស្វែងរកដំណោះស្រាយដល់កម្មករនិយោជិត៕

website_news/2023221208.txt · Last modified: 2023/12/22 11:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki