website_news:2023221209

សារព័ត៌មានថៃ៖ ជនជាតិថៃ៩នាក់រត់ចេញពីកាស៊ីណូនៅក្រុងប៉ោយប៉ែត ហើយរាយការណ៍អំពីការបង្ខំឲ្យហៅទូរស័ព្ទបោកបញ្ឆោត

https://khmer.voanews.com/a/nine-thais-reportedly-as-scam-victims-rescued-from-casino-in-cambodia-s-poipet/7405375.html ២០ ធ្នូ ២០២៣ស៊ុន ណារិន

ភ្នំពេញ៖ សារព័ត៌មានថៃបានចុះផ្សាយថា ជនជាតិថៃ ៩ នាក់បានរត់ចេញពីកាស៊ីណូមួយដែលមានទីតាំងនៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីគេចពីការបង្ខាំងនិងការបង្ខំឲ្យហៅទូរសព្ទបោកបញ្ឆោតជនជាតិថៃដូចគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ The Nation ដែលបានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃអង្គារ។ ជនជាតិថៃ ៩ នាក់ ក្នុងនោះមានស្រ្តីម្នាក់ បានដុតភ្លើងនៅកាស៊ីណូមួយឈ្មោះ Puli ក្នុងក្រុងប៉ោយប៉ែត ដើម្បីគេចពីចេញពីអគារដែលគ្រប់គ្រងដោយក្រុមជើងកាង។ នេះបើតាមអត្ថបទដែលបានដកស្រង់សម្តីតម្រួតថៃ។ តម្រួតថៃបានជួយជនជាតិថៃទាំង ៩ នាក់នោះនៅក្បែរច្រកព្រំដែនក្នុងខេត្តសាកែវ កាលពីថ្ងៃចន្ទ ក្រោយពួកគេរត់គេចចេញពីកាស៊ីណូបានសម្រេច។ ពួកគេភាគច្រើនមានស្នាមរបួសធ្ងន់ធ្ងរនៅលើដៃ ជើង និងខ្លួន ហើយខ្លះមានស្នាមជាំពេញខ្លួន។

បើតាមសារព័ត៌មានថៃ ជនជាតិថៃទាំងនោះឲ្យដឹងថា ពួកគេបានលួចចូលមកកម្ពុជា បន្ទាប់ពីត្រូវបានសន្យាថា មានការងារនៅកាស៊ីណូមួយ។ ប៉ុន្តែការងារទាំងនោះប្រែជាធ្វើការនៅកន្លែងប្រតិបត្តិការហៅទូរស័ព្ទចេញពីអគារ ដែលនៅទីនោះក្រុមជើងកាងបានគំរាមវាយនិងសម្លាប់ជនជាតិថៃទាំងនោះ ប្រសិនបើពួកគេមិនហៅទូរស័ព្ទ ដើម្បីបោកបញ្ឆោតជនជាតិថៃក្នុងប្រទេសថៃ។ ពួកគេអះអាងថាបានឃើញជនរងគ្រោះថៃ ត្រូវបានបាញ់សម្លាប់ដោយក្រុមជើងកាងផងដែរ។ បើជនរងគ្រោះទាំងនោះដែលប្រាប់សារព័ត៌មាន The Nation ជនជាតិថៃប្រមាណ ២០០ នាក់ ត្រូវបានឃុំឃាំងនៅក្នុងអគារកាស៊ីណូនោះ។ តម្រួតថៃបានរាយការណ៍ព័ត៌មាននេះមកអាជ្ញាធរកម្ពុជា ដើម្បីចុះស្រាវជ្រាវ។ វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ឯក សៅសារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាននៅឡើយទេ៕

website_news/2023221209.txt · Last modified: 2023/12/22 11:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki