website_news:2023221210

នគរបាលកម្ពុជាថាមិនមានការបង្ខាំងជនជាតិថៃនៅកាស៊ីណូក្រុងប៉ោយប៉ែតឡើយ

https://khmer.voanews.com/a/cambodia-s-police-deny-thai-police-report-and-media-over-detention-and-scam-at-casino-in-poipet/7406948.html ២១ ធ្នូ ២០២៣ ចិត្ត ស្រីយ៉ា ហាន ណូយ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃព្រហស្បតិ៍នេះ បានបដិសេធការអះអាងរបស់អាជ្ញាធរថៃ និងសារព័ត៌មានថៃ ពាក់ព័ន្ធនឹងការលើកឡើងថា ជនជាតិថៃ ៩ នាក់ បានរត់គេចចេញពីកាស៊ីណូមួយនៅក្រុងប៉ោយប៉ែត ដោយសារតែមានការបង្ខាំងនិងចាប់បង្ខំពួកគេឱ្យឆបោកជនជាតិថៃ។

ក្នុងបទសម្ភាសន៍ជាមួយវីអូអេ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ថ្លែងថា ក្រោយការចុះស្រាវជ្រាវ នគរបាលមិនទាន់រកឃើញ ដូចការចុះផ្សាយឬការអះអាងរបស់អាជ្ញាធរថៃឡើយ។ ស្នងការនគរបាលរូបនេះលើកឡើងថា ជនជាតិថៃទាំងនោះឆ្លងដែនខុសច្បាប់ ចូលប្រទេសកម្ពុជា ព្រោះមិនមានកំណត់ត្រាចេញចូលនៅតាមច្រកព្រំដែនអន្តរជាតិណាមួយឡើយ។ លោកបដិសេធថា មិនមានការដុតកាស៊ីណូ ដូចអ្វីដែលខាងជនជាតិថៃលើកឡើងទេ ដោយពួកគេគ្រាន់តែធ្វើឱ្យមានផ្សែងតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖ «អាហ្នឹងជាចម្លើយរបស់គាត់(ជនជាតិថៃ) បើខាងខ្ញុំនេះ យើងរកសញ្ញាណាមិនទាន់មានដូចអ្វីដែលគាត់ថាទេ។ អាហ្នឹងជាព័ត៌មានខាងគាត់ណាប្អូន។ អ៊ីចឹងយើងអាចស្រាវជ្រាវព័ត៌មានខាងនេះ(កម្ពុជា)។ អ៊ីចឹងលទ្ធផលខាងនេះដូចខ្ញុំបានជម្រាបជូនប្អូនអ៊ីចឹង! បឋមមិនទាន់មានករណីដុត មានករណីអីដូចគាត់ថាទេ។ ដោយសារអី? ការដែលគាត់មកហ្នឹងក៏គាត់មិនបានចូលមកដោយស្របច្បាប់ដែលយើង(មិនអាច)ធានាបាននូវសុវត្ថិភាព និងសន្ដិសុខជូនគាត់ទេណា៎។ ហើយគាត់ចេញទៅវិញក៏មិនស្របច្បាប់…មិនដឹងថាចេញផ្លូវណាផង»។

សារព័ត៌មានថៃបានចុះផ្សាយថា ជនជាតិថៃ ៩ នាក់បានរត់ចេញពីកាស៊ីណូមួយដែលមានទីតាំងនៅទីក្រុងប៉ោយប៉ែត ដើម្បីគេចពីការបង្ខាំងនិងការបង្ខំឱ្យហៅទូរស័ព្ទបោកបញ្ឆោតជនជាតិថៃដូចគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ The Nation ដែលបានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃអង្គារ។ ជនជាតិថៃ ៩ នាក់ ក្នុងនោះមានស្រ្តីម្នាក់ បានដុតភ្លើងនៅកាស៊ីណូមួយឈ្មោះ Puli ដើម្បីគេចចេញពីអគារដែលគ្រប់គ្រងដោយក្រុមជើងកាង។ នេះបើតាមអត្ថបទដែលបានដកស្រង់សម្តីតម្រួតថៃ។ តម្រួតថៃបានជួយជនជាតិថៃទាំង ៩ នាក់នោះនៅក្បែរច្រកព្រំដែនក្នុងខេត្តសាកែវ កាលពីថ្ងៃចន្ទ ក្រោយពួកគេរត់គេចចេញពីកាស៊ីណូបានសម្រេច។ ពួកគេភាគច្រើនមានស្នាមរបួសធ្ងន់ធ្ងរនៅលើដៃ ជើង និងខ្លួន ហើយខ្លះមានស្នាមជាំពេញខ្លួន។

ទាក់ទងនឹងការលើកឡើងថា មានការធ្វើបាបពីក្រុមជើងកាង លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើកឡើងថា វាជាការអះអាងរបស់ភាគីថៃ ប៉ុន្តែលោកថា លទ្ធផលនៃការស្រាវជ្រាវរបស់អាជ្ញាធរខ្មែរបែបណាលោកនឹងជម្រាបតាមក្រោយទៀត។ លោកបញ្ជាក់ថា កម្លាំងនគរបាលកំពុងសាកសួរភាគីពាក់ព័ន្ធប្រមាណ ១៧ នាក់ ដែលជាគ្នារបស់ជនជាតិថៃ ហើយកំពុងបន្ដស្រាវជាវពីបញ្ហានេះបន្ថែមទៀត។

បើតាមសារព័ត៌មានថៃ ជនជាតិថៃទាំងនោះឱ្យដឹងថា ពួកគេបានលួចចូលមកកម្ពុជា បន្ទាប់ពីត្រូវបានសន្យាថាមានការងារនៅកាស៊ីណូមួយ។ ប៉ុន្តែការងារទាំងនោះប្រែជាធ្វើការនៅកន្លែងប្រតិបត្តិការហៅទូរស័ព្ទចេញពីអគារ ដែលនៅទីនោះក្រុមជើងកាងបានគំរាមវាយនិងសម្លាប់ជនជាតិថៃទាំងនោះ ប្រសិនបើពួកគេមិនហៅទូរស័ព្ទ ដើម្បីបោកបញ្ឆោតជនជាតិថៃក្នុងប្រទេសថៃ។ ពួកគេអះអាងថាបានឃើញជនរងគ្រោះថៃត្រូវបានបាញ់សម្លាប់ដោយក្រុមជើងកាងផងដែរ។

វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក កែវ វ៉ាន់ថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បាននៅឡើយទេ។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា មានសេចក្តីរាយការណ៍ជាច្រើនពាក់ព័ន្ធនឹងការជួញដូរមនុស្សនិងការបង្ខាំងមនុស្សទុកនៅកម្ពុជាដែលលោកថា នេះបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កម្ពុជា ជាពិសេសដល់វិស័យទេសចរណ៍។ លោកថ្លែងថា៖ «ដូច្នេះកម្ពុជាត្រូវតែពង្រឹងបន្ថែមនូវយន្តការ ដើម្បីធ្វើការទប់ស្កាត់និងការបង្ក្រាបទៅលើការឆបោកតាមប្រព័ន្ធអនឡាញ ការចាប់ជំរិត និងបទល្មើសបច្ចេកវិទ្យាផ្សេងៗទៀត ដែលកើតឡើងតាមប្រព័ន្ធឌីជីថលឬក៏អ៊ីនធឺណិតឱ្យមានលក្ខណៈល្អប្រសើរ និងមានទំនុកទុកចិត្តឡើងវិញ»។

បើតាមលោក អំ សំអាត រាល់ព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ អាជ្ញាធរកម្ពុជាមិនគួរបដិសេធភ្លាមៗឡើយ។ ប៉ុន្តែត្រូវធ្វើការស៊ើបអង្កេតជាមុន។ គួរបញ្ជាក់ថា ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ខ្លាំងក្លា ប្រទេសកម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេសធ្វើការនៅតាមអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេមិនឱ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ ឧក្រិដ្ឋជន ដែលភាគច្រើនជាជនបរទេស បានជួលអគារ ឬទីតាំងពីអ្នកជំនួញដែលជាជនជាតិខ្មែរដើម្បីប្រព្រឹត្តអំពើទាំងនោះ៕

website_news/2023221210.txt · Last modified: 2023/12/22 11:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki