website_news:2023230105

កម្ពុជា គ្រោងបញ្ជួនពលករ ១០ម៉ឺននាក់ ទៅធ្វើការនៅថៃ និង៣ម៉ឺននាក់ទៅកម្មសិក្សានៅជប៉ុន

https://www.kampucheathmey.com/local-news/450637 ថ្ងៃសុក្រ ២០ មករា ២០២៣ Sophal Tuon

នៅក្នុងឆ្នាំ២០២៣នេះ កម្ពុជា បានបញ្ជួនពលករ និងកម្មសិក្សាការីទៅធ្វើការនៅប្រទេសថៃនិងជប៉ុនប្រមាណ១៣ម៉ឺននាក់ កើនឡើងជាងឆ្នាំមុន ប្រមាណជាង២ម៉ឺននាក់។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានលើកឡើងថា ក្នុងចំណោមពលករ និងកម្មសិក្សាការី១៣ម៉ឺននាក់ ក្នុងនោះបញ្ជួនទៅប្រទេសថៃប្រមាណ១០ម៉ឺននាក់ ដោយទៅធ្វើការនៅតាមបណ្តារោងចក្រចំណីអារហារ និងក្រុមហ៊ុន សំណង់ សេវាកម្ម និងកសិកម្ម។ ចំណែកទៅប្រទេសជប៉ុនប្រមាណ៣ម៉ឺននាក់ ដែលភាគច្រើនជាកម្មសិក្សាការី។ រីឯពលករជំនាញមានប្រមាណ ១០០ទៅ២០០នាក់ ដោយពួកគេទៅធ្វើការលើផ្នែកការវេខ្ចប់សំណង់ ចំណីអាហារ សវាកម្ម សណ្ឋាគារភោជនីដ្ឋាន កសិកម្មដាំដុះ និងចិញ្ចឹមសត្វ។ លោក បានបញ្ជាក់ថា ការបញ្ជួនពលករ និងកម្មសិក្សាការី ទៅធ្វើការនៅថៃ និងជប៉ុនឆ្នាំ២០២៣នេះ មានការកើនឡើង បើធៀបទៅនឹងឆ្នាំ២០២២កន្លងទៅ ដែលមានប្រមាណជាង១១ម៉ឺននាក់ប៉ុណ្ណោះ ក្នុងនោះ នៅប្រទេសថៃមានប្រមាណ៩ម៉ឺននាក់ និងនៅជប៉ុនមានពលករជំនាញនិងកម្មសិក្សាការីប្រមាណ២៥ ០០០នាក់។

ចំណែកប្រទេសសឹង្ហបុរីនិងហុងកុងដែលមានតម្រូវការក្នុង១ឆ្នាំ១០០ទៅ២០០នាក់ កម្ពុជា មិនបានបញ្ជួនទៅទេ ដោយសារមិនមានពលករចាប់អារម្មណ៍លើការងារថែទាំផ្ទះ ដែលបណ្តាលមកពីនៅកម្ពុជាមានការងារសម្បូរច្រើនទទួលបានប្រាក់ឈ្មួលសមរម្យ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានពលករខ្មែរប្រមាណជាង១លាន៣សែននាក់ ធ្វើការនៅក្រៅប្រទេស ក្នុងនោះនៅថៃមានច្រើនជាងគេរហូតដល់ទៅ១,២២លាននាក់ នៅកូរ៉េខាងត្បូងមានជាង ៤៥០០០នាក់នៅម៉ាឡេស៊ីមាន២៣០២៧នាក់ នៅជប៉ុនមាន១១៤៥៣នាក់ នៅសិង្ហបុរីមាន៨២១នាក់ នៅចិនហុងកុង មាន២០២នាក់ និងអារ៉ាប៊ីសាអូឌីត ៤៣នាក់ ដោយក្នុង១ឆ្នាំៗបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង៣ពាន់លានដុល្លារ៕ សំអឿន

website_news/2023230105.txt · Last modified: 2023/01/23 10:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki