website_news:2023230201

FATF សម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះខាងលាងលុយកខ្វក់

https://kohsantepheapdaily.com.kh/article/1689611.html?

utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ ២២ ខែ កុម្ភៈ ឆ្នាំ ២០២៣ ម៉ោង ១៦:៥៧ រាជធានីភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានប្រកាសឲ្យដឹងថា អង្គការហ្វាត (FATF) បានសម្រេចដកប្រទេសកម្ពុជាចេញពីបញ្ជីប្រផេះហើយ។ សម្ដេច ស ខេង លើកឡើងបែបនេះ នាឱកាសអញ្ជើញបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា «តាមរបាយការណ៍របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា មហាសន្និបាតនៃអង្គការ FATF កាលពីថ្ងៃទី២១ ដែលកិច្ចប្រជុំត្រៀមបំរុង សម្រាប់ថ្ងៃទី២៤ នោះ គឺបានសម្រេចដកកម្ពុជាចេញពីបញ្ជីប្រផេះ។ ប៉ុន្ដែប្រកាសជាផ្លូវការតាមព័ត៌មាន គេនឹងធ្វើម៉ោង១០ (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ យើងរងចាំព័ត៌មាននេះទាំងអស់គ្នា»។

សម្តេចលើកឡើងថា ដំណឹងនេះពិតជាល្អសម្រាប់កម្ពុជាហើយ ប៉ុន្តែស្របពេលជាមួយនឹងអ្វីដែលទទួលនេះក៏មិនត្រូវភ្លេចខ្លួនផងដែរក្នុងការបន្តការពារកម្ពុជាក្នុងកិច្ចសហការជាមួយអង្គការ FATF ។ សម្ដេចក្រឡាហោមបានបន្ដថា «បន្ទាប់មកទៀត គឺមិនត្រូវភ្លេចខ្លួន ក្នុងការកិច្ចសហប្រតិបត្តិការនានានោះទេ ផ្ទុយទៅវិញ គឺខិតខំប្រឹងប្រែងបន្ថែមទៀត ព្រមទាំងរួមសាមគ្គីគ្នាទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបន្ដការពារឲ្យបានដាច់ខាតនូវលទ្ធផលដែលខិតខំជាមួយអង្គការ FATFនេះ» ។

សូមរំលឹកថា អង្គការ FATFដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់ដែលពិភពលោកត្រូវបង្កើនការតាមដាន៕

website_news/2023230201.txt · Last modified: 2023/02/23 14:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki