website_news:2023230202

សាធារណរដ្ឋកូរ៉េ បើកទូលាយទីផ្សារការងារដល់ពលករកម្ពុជាបន្ថែមទៀតក្នុងឆ្នាំ២០២៣ ជាការសម្រួលប្រាក់ចំណូលផ្ទាល់ខ្លួន និងសេដ្ឋកិច្ច

https://cen.com.kh/archives/621565.html Posted ByPen Srey NeatFebruary 21, 2023

តាមរយៈជំនួបពិភាក្សារវាង ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ លោក យូ ស៊ូបុង (UH SOOBONG) ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ, ភាគីកូរ៉េ សន្យានឹងផ្ដល់ការងារដល់ពលករកម្ពុជាឱ្យលើសពី១ម៉ឺននាក់ក្នុងឆ្នាំ ២០២៣នេះ ដែលនេះបង្ហាញឲ្យឃើញថា និយោជិត និងពលករកម្ពុជាមានឱកាសទូលាយបន្ថែមទៀតហើយសម្រាប់ទីផ្សារការងារ ក៏ដូចជាការបន្ថែមប្រាក់ចំណូលមកផ្គត់ផ្គង់ក្រុមគ្រួសារនៅឯស្រុកកំណើត និងជាការចូលរួមសម្រួលសេដ្ឋកិច្ចនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានថ្លែងអំណរគុណដល់ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាការងារជូនដល់និយោជិត-ពលករកម្ពុជាយ៉ាងល្អ។ ហើយក្នុងឆ្នាំ២០២៣នេះ តាមរយៈគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃកម្ពុជា ធ្វើការទំនាក់ទំនងជាមួយសាធារណរដ្ឋកូរ៉េ, ធ្វើឱ្យភាគីកូរ៉េ សន្យាផ្តល់កូតាជូនពលករកម្ពុជាជាង ១ម៉ឺននាក់ទៀត ដែលនឹងធ្វើការជ្រើសរើសអ្នកមានសមត្ថភាព និងឧស្សាហ៍ព្យាយាមក្នុងការបំពេញការងារជូនដល់និយោជកកូរ៉េឱ្យកាន់តែមានផលិតភាពខ្ពស់ឆាប់ៗនេះ។

លោក យូ ស៊ូបុង ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ជូនលោករដ្ឋមន្ត្រីថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយក្នុងនោះកម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាពដែលទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២កន្លងមកថ្មីៗនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅកូរ៉េ ហើយតាមរយៈការវាយតម្លៃពីខាងភាគីកូរ៉េ ឃើញថាពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េស្រលាញ់ពេញចិត្តជាខ្លាំង។ ជាក់ស្ដែង គេសង្កេតឃើញថា នៅពេលពលករកម្ពុជាវិលត្រឡប់ពីបម្រើការនៅសាធារណរដ្ឋកូរ៉េវិញ ពួកគាត់មានវឌ្ឍនភាព និងមានការប្រែប្រួលសេដ្ឋកិច្ចជីវភាពយ៉ាងខ្លាំង ដោយអ្នកខ្លះប្រែក្លាយជាសហគ្រិនភាព និងជាអ្នកវិនិយោគដ៏ល្បីល្បាញ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

website_news/2023230202.txt · Last modified: 2023/02/23 14:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki