website_news:2023230503

សមត្ថកិច្ចបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានអំពីការចាប់ក្មេងៗជាព័ត៌មានក្លែងក្លាយបង្កើតឡើងដោយក្រុមជនអាក្រក់

https://www.btv.com.kh/article/23586 2023/05/21 07:55:48 pm

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមាហាផ្ទៃ នាយប់ថ្ងៃទី២១ ខែឧសភានេះបានបញ្ជាក់ថា ការផ្សព្វផ្សាយនៅលើគេហទំព័រហ្វេសប៊ុកមួយចំនួននាពេលថ្មីៗនេះថា មានករណីចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ជាព័ត៌មានមិនពិត បង្កើតឡើងដោយក្រុមជនអាក្រក់ ប្រឆាំងរាជរដ្ឋាភិបាល មានបំណងបំពុល សង្គម។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានជម្រាបជូនសាធារណជនជ្រាបថានាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ។

«បន្ទាប់ពីទទួលព័ត៌មានខាងលើនេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជាលទ្ធផលកំណត់បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុងប្រមូលភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់»។ នេះបើតាមសេចក្ដីក្នុងហ្វេសប៊ុកនាយកដ្ឋានដដែល។ នាយកដ្ឋានសង្ឃឹមថា មហាជន និងសាធារណជនដែលប្រើប្រាស់បណ្តាញសង្គម មេត្តាកុំបន្តចែកចាយព័ត៌មានក្លែងក្លាយខាងលើនេះ ដើម្បីចៀសវាងបង្កការយល់ច្រឡំ ឬបង្កអសន្តិសុខសង្គមផ្សេងៗ៕

website_news/2023230503.txt · Last modified: 2023/05/23 09:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki