website_news:2023230504

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សមត្ថកិច្ចកំពុងស្រាវជ្រាវក្រុមបំពុលសង្គម ដែលប្រឌិតព័ត៌មានចាប់ក្មេងយកសរីរាង្គ, ជនទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

https://freshnewsasia.com/index.php/en/localnews/292219-2023-05-21-13-37-57.html 2023-05-21 08:37pm

(ភ្នំពេញ)៖ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញមកបញ្ជាក់ថា កម្លាំងសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដើម្បីស្វែងរកក្រុមបំពុលសង្គមប្រឌិតព័ត៌មានករណីចាប់ក្មេងយកសរីរាង្គ នៅតាមបណ្ដាញសង្គម Facebook ដែលកើតមានប៉ុន្មានថ្ងៃចុងក្រោយនេះ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក គឹម សន្ដិភាព បានអះអាងថា ក្រុមជនទុច្ចរិតដែលបំពុលសង្គមទាំងអស់នោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដែលបានប្រឌិតព័ត៌មានបង្កឲ្យមានការភិតភ័យ និងបង្កឲ្យយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ។ លោក គឹម សន្ដិភាព បានថ្លែងយ៉ាងដូច្នេះថា «មួយរយៈនេះឃើញមានព័ត៌មានមួយចំនួនទាក់ទងនឹងការចាប់ក្មេងៗដើម្បីយកសរីរាង្គ! ខ្ញុំសូមជម្រាបជូនថា សមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើព័ត៌មានទាំងនេះ តែមកទល់ពេលនេះពុំមានតម្រុយណាមួយទាក់ទងនឹងករណីនេះទេ។

ទន្ទឹមនេះ សមត្ថកិច្ចក៏កំពុងស្រាវជ្រាវផងដែរនូវប្រភពព័ត៌មានដែលកំពុងចែកចាយទាំងនេះ ដើម្បីស្វែងរកការពិតជូនបងប្អូនយើង។ សូមលើកទឹកចិត្តសម្រាប់ការបង្ហាញព័ត៌មានពិត តែសម្រាប់អ្នកដែលបំពុលព័ត៌មាននេះ ក៏នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។ សូមបងប្អូនកុំបន្តចែកចាយនូវព័ត៌មានពុំមានប្រភពច្បាស់លាស់ ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមយើង»។ គួរជម្រាបថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២១ ខែឧសភានេះ ក៏បានចេញមកអះអាងដូចគ្នាដែរថា ករណីដែលគេបង្ហោះចែកចាយពេញបណ្ដាញសង្គម រឿងចាប់ក្មេងវះយកក្រលៀន ឬករណីចាប់ក្មេងផ្សេងៗនោះ គឺជារឿងប្រឌិត ក្នុងចេតនាបំពុលសង្គមប៉ុណ្ណោះ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានគេចែកចាយនោះ មន្ដ្រីជំនាញបានបើកការស្រាវជ្រាវបន្ទាន់ភ្លាមៗ និងឈានដល់ការកំណត់បានថា ព័ត៌មានទាំងអស់នោះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុងប្រមូលភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់៕

website_news/2023230504.txt · Last modified: 2023/05/23 10:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki