website_news:2023230506

ក្រសួងមហាផ្ទៃ អន្តរាគមន៍សង្គ្រោះជនបរទេសជិត៤០០នាក់ ពាក់ព័ន្ធការ ជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ

https://www.khmertimeskh.com/501295126// ហង្ស ពណ្ណរាយ / Khmer Times May 23, 2023

គិតត្រឹមរយៈពេល៣ខែ ឬក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានអន្តរាគមន៍ជួយសង្គ្រោះជនបរទេសចំនួន ៣៧៤នាក់ ស្មើនឹង ១០សញ្ជាតិ ដែលភាគច្រើនពាក់ព័ន្ធនឹងជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដើម្បីឱ្យពួកគេមានសេរីភាព និងអាចធ្វើដំណើរទៅប្រទេសរបស់ខ្លួនវិញ។ ទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីថ្ងៃព្រហស្បតិ៍ បានចេញរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០២៣ ថាក្រសួងបានជួយសង្គ្រោះជនបរទេសសរុប ៣៧៥ នាក់ (ស្រី ៣១ នាក់) ស្មើនឹង១០សញ្ជាតិ។ ក្នុងនោះមានដូចជា ចិន ថៃ បង់ក្លាដេស ប៉ាគីស្ថាន ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ឥណ្ឌា និងឥណ្ឌូនេស៊ី។ ក្រសួងបន្ថែមថា ក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០២៣ សមត្ថកិច្ចពាក់ព័ន្ធបានសហការគ្នា ដើម្បីប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងអាជីវកម្មផ្លូវភេទ ដែលបានធ្វើឱ្យសភាពការណ៍នេះមានការថយចុះគួរឱ្យកត់សម្គាល់។ ក្រសួងបន្តថា សំណើសុំកិច្ចអន្តរាគមន៍ខាងលើនេះបានថយចុះ ៧៨ ភាគរយ ពីចំនួន ៦០៥ សំណើ មកនៅត្រឹមតែ ១២៨ សំណើ បើធៀបទៅនឹងរយៈពេល៣ខែដូចគ្នា កាលពីឆ្នាំមុន។ ចំពោះខេត្តដែលមានសំណើច្រើនជាងគេ មានខេត្តឧត្តរមានជ័យ កោះកុង កណ្ដាល និងព្រះសីហនុ។

លោក ស ខេង បញ្ជាក់ថា៖ «អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា នៅតែបន្តជំរុញសកម្មភាពក្នុងការត្រួតពិនិត្យ និងបង្ក្រាបទីតាំងអាជីវកម្ម ក្នុងករណីមានសំណើ ឬព័ត៌មានជាក់លាក់ពាក់ព័ន្ធទៅនឹងបទល្មើស ការបង្ខាំងមនុស្ស ការរឹតត្បិតសេរីភាព ការធ្វើទារុណកម្ម អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ការលួចលាក់បើកអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងស្រាវជ្រាវរកជនល្មើស ដើម្បីផ្តន្ទាទោសតាមច្បាប់»។ លោកបន្ថែមថា បច្ចុប្បន្ន អាជ្ញាធរ និងសមត្ថកិច្ច នឹងបន្តពិនិត្យលើសំណើសុំអន្តរាគមន៍ដែលត្រូវបានបិទជាបណ្តោះអាសន្ន ដើម្បីវាយតម្លៃ និងបន្តការងារស្រាវជ្រាវ ស្វែងរកតាមសំណើ ឬសំណូមពរ ដើម្បីធានាសុវត្ថិភាពឱ្យបានដាច់ខាតដល់ជនបរទេស ដែលស្នើសុំអន្តរាគមន៍ ព្រមទាំងស្រាវជ្រាវ ស៊ើបអង្កេតឱ្យបានហ្មត់ចត់។

លោកថា ក្រសួងនឹងបន្តពិនិត្យ វាយតម្លៃ លើសំណុំរឿងដែលពាក់ព័ន្ធបទល្មើស ដើម្បីពន្លាតនីតិវីធីប្រឆាំងការសម្អាតប្រាក់ ពង្រឹងការងារគ្រប់គ្រង ត្រួតពិនិត្យតំបន់ព្រំដែន និងច្រកទ្វារព្រំដែន នៅតាមច្រកសមុទ្រ សំដៅទប់ស្កាត់ការលួចជ្រៀតចូលឆ្លងដែនដោយខុសច្បាប់របស់ជនបរទេស។ លើសពីនេះ បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលមានជនជាតិរបស់ខ្លួន ដែលប្រកាសថា ជាជនរងគ្រោះ ហើយស្នើសុំអន្តរាគមន៍ ដើម្បីស្រាវជ្រាវ អង្កេត និងបង្ក្រាបឱ្យបាននូវមេខ្លោង ខ្សែរយៈបណ្តាញមានអង្គការចាត់តាំង ដែលធ្វើការអូសទាញ ឬក៏បញ្ឆោតជនបរទេសឱ្យឆ្លងដែនដោយស្របច្បាប់នឹងមិនស្របច្បាប់ចូលមកកម្ពុជា ដើម្បីធ្វើការងារដោយខុសច្បាប់។

អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា បច្ចុប្បន្ន ចំពោះកិច្ចការបង្ក្រាបបទល្មើសគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ ត្រូវបានកាត់បន្ថយច្រើនគួរឱ្យកត់សម្គាល់។ លោកបញ្ជាក់ថា៖ «នៅពេលនេះ ខេត្តព្រះសីហនុ សឹងតែគ្មានពាក្យបណ្ដឹងទៀតផង កន្លងមក យើងតែងទទួលពាក្យបណ្ដឹងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែក្រោយពីប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់នេះ […] យើងឃើញថា សកម្មភាពទាំងនេះ មានការថយចុះច្រើន ហើយសឹងតែគ្មានពាក្យបណ្ដឹងទៀតផង»។ លោកបន្ថែមថា ការប្រតិបត្តិការដោយទទួលបានជោគជ័យនេះ គឺមានការដឹកនាំដោយផ្ទាល់ពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ធ្លាប់ឱ្យដឹងថា ចំពោះបទល្មើសជួញដូរមនុស្ស ជួញដូរពល និងការធ្វើអាជីវកម្មផ្លូវភេទ នៅតែស្ថិតក្នុងស្ថានភាពប្រឈមដែលត្រូវយកចិត្តទុកដាក់ និងចុះបង្ក្រាបជាប្រចាំ។ លោកស្រីថ្លែងថា ប្រសិនបើថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តទៅតាមទិសដៅដែលបានដាក់ចេញ ប្រាកដណាស់ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នឹងទទួលបានលទ្ធផលកាន់តែប្រសើរទាំងបច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត។ លោកស្រីថា រដ្ឋាភិបាលកម្ពុជា មានគោលនយោបាយ និងប្ដេជ្ញាចិត្តច្បាស់លាស់ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ដែលទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ដើម្បីដោះស្រាយបញ្ហាខាងលើនេះ។ តាមរបាយការណ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ (គ.ជ.ប.ជ.)កាលពីឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទសរុបចំនួន ១៦៦ករណី បើធៀបទៅនឹងឆ្នាំ២០២១ មានចំនួន៣៥៩ករណី គឺបានថយចុះចំនួន ១៩៣ករណី ស្មើនឹង៥៥,៧៦ភាគរយ៕

website_news/2023230506.txt · Last modified: 2023/05/23 10:03 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki