website_news:2023230602

ក្រសួងការងារប្រកាសឲ្យពលករខ្មែរជំនាញផ្នែកភោជនីយដ្ឋាន ប្រញាប់ដាក់ពាក្យធ្វើតេស្តដើម្បីបានទៅធ្វើការនៅជប៉ុន

https://www.kampucheathmey.com/local-news/532027 ថ្ងៃព្រហស្បតិ៍ ២២ មិថុនា ២០២៣ដោយ Sokhom Khon

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសឲ្យពលករខ្មែរជំនាញផ្នែកការងារនៅភោជនីយដ្ឋានទាំងអស់ប្រញាប់មកដាក់ពាក្យធ្វើតេស្តជំនាញ និងតេស្ដភាសាជប៉ុនដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុនទទួលបានបទពិសោធន៍ការងារល្អៗ និងទទួលបានប្រាក់ខែខ្ពស់ ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនៅក្នុងសេចក្តីជួនដំណឹងមួយទើបទទួលបាននៅថ្ងៃទី២២មិថុនានេះថា អង្គភាពទទួលបន្ទុកការធ្វើតេស្ដភាសាជប៉ុន និងតេស្តជំនាញនឹងរៀបចំការធ្វើតេស្តភាសា និងតេស្តជំនាញផ្នែកការងារនៅភោជនីយដ្ឋានតាមរយៈប្រព័ន្ធកុំព្យូទ័រ។ លោករដ្ឋមន្ត្រីបានបន្តថា ការធ្វើតេស្តភាសាជប៉ុន និងតេស្តជំនាញនេះនឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំដែលមានអាសយដ្ឋាននៅសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្នុងតម្លៃធ្វើតេស្តចំនួន៣៣ដុល្លារអាមេរិក ដោយកាលបរិច្ឆេទនៃការធ្វើតេស្តរួមមាន ថ្ងៃទី៦,៧,១៤,១៥,និង៣០​ ខែកក្កដា។ ថ្ងៃទី១,៥,៦,២១,២២,២៥ដល់២៧ ខែសីហា និងថ្ងៃទី១,៣,១១,១២កញ្ញា ឆ្នាំ២០២៣។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ចំពោះការចុះឈ្មោះធ្វើតេស្តភាសាជប៉ុន និងតេស្តជំនាញបេក្ខជនត្រូវមានអាយុចាប់ពី១៧ឆ្នាំឡើងទៅដោយមិនគិតពីកម្រិតវប្បធម៌ឡើយ និងត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជាលិខិតឆ្លងដែនឬប័ណ្ណបើកបរ។ ពិន្ទុធ្វើតេស្តជាប់ជាស្ថាពរចាប់ពី៦០%ឡើងទៅ ហើយចំនួនបេក្ខជនដែលអាចទទួលសម្រាប់ការស្នើសុំធ្វើតេស្តបាន៥០នាក់ក្នុង១ខែ។ យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាបច្ចុប្បន្នកម្ពុជាមានពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនចំនួន៤៩៧៣៨នាក់ភាគច្រើនជាកម្មសិក្សាការី។

ចំណែកពលករជំនាញមានប្រមាណពី១០០ទៅ២០០នាក់ប៉ុណ្ណោះដោយពួកគេទៅធ្វើការលើផ្នែកការវេខ្ចប់សំណង់ ចំណីអាហារ សវាកម្មសណ្ឋាគារភោជនីដ្ឋានកសិកម្មដាំដុះ និងចិញ្ចឹមសត្វ៕ អត្ថបទ៖ សំអឿន

website_news/2023230602.txt · Last modified: 2023/06/23 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki