website_news:2023231001

អង្គការ APLE និងកាកបាទក្រហមកម្ពុជា បន្តរួមបញ្ជ្រាបការយល់ដឹងពីការបង្ការ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ

https://freshnewsasia.com/index.php/en/localnews/314744-2023-10-20-04-25-44.html 2023-10-20 11:25am

(ភ្នំពេញ)៖ អង្គការ APLE និងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បន្តរៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹង ពីកិច្ចបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ដល់អាណាព្យាបាល៥៤នាក់ មកពីខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ។ ពិធីនេះធ្វើឡើងនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយទទួលបានការឧបត្ថម្ភគាំទ្រពីមូលនិធិ World Childhood Foundation នៃប្រទេសស៊ុយអែត។

កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិ នៃសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោក ណេង វណ្ណៈ តំណាងអង្គការ APLE។ កម្មវិធីនេះ មានគោលបំណងពង្រឹងចំណេះដឹង ស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ធ្វើការឆ្លុះបញ្ចាំងឈ្វេងយល់លើការប្រើប្រាស់អ៉ីនធឺណិត និងការទំនាក់ទំនងតាមបច្ចេកវិទ្យារបស់កុមារ និងយុវជននៅប្រទេសកម្ពុជា ឈ្វេងយល់ពីហានិភ័យនៃការប្រើប្រាស់អ៉ីធឺណិត និងទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ និងការឆ្លើយតបចំពោះបញ្ហានេះ។

បើតាមនាយកប្រតិបត្តិ នៃសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានថ្លែងថា «ឪពុកម្តាយ និងអាណាព្យាបាលនៅតែដើរតួនាទីសំខាន់ណាស់ក្នុងការរក្សាសុវត្ថិភាពកូនៗ និងកុមារដទៃទៀតក្នុងសហគមន៍ពីព្រោះពួកគាត់រស់នៅជិតស្និតជាមួយពួកគេ។ ហេតុដូច្នេះ ឪពុកម្តាយ និងអាណាព្យាបាលត្រូវតែបន្តយកចិត្តទុកដាក់តាមដាន និងណែនាំកូនៗឱ្យយល់ដឹងពីហានិភ័យ និងការរក្សាសុវត្ថិភាពនៅពេលពួកគេប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណិត ឬអនឡាញ»។

តាមការសិក្សាស្រាវជ្រាវ បានឱ្យដឹងថាអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអនឡាញបានក្លាយជាបញ្ហាសកល និងនៅក្នុងប្រទេសកម្ពុជា ហើយវាក៏បានក្លាយជាក្តីបារម្ភថ្មីមួយទៀតដែលទាមទារឱ្យភាគីពាក់ព័ន្ធទាំងសាធារណជន អាណាព្យាបាល អាជ្ញាធរ សង្គមស៊ីវិល មន្រ្តីអនុវត្តច្បាប់ ចាំបាច់ធ្វើការរួមគ្នាដើម្បីទប់ស្កាត់ និងការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញនេះ។

តំណភ្ជាប់អ៉ីនធឺណិតនៅកម្ពុជា បានកើនឡើងជាលំដាប់ ហើយមនុស្សកាន់តែច្រើនឡើងៗរួមទាំងកុមារមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ការសិក្សាថ្មីលើការបញ្ឈប់គ្រោះថ្នាក់នៅកម្ពុជា (Disruptiong Harm Study in Cambodia) បានបង្ហាញថា កុមារ ជាង៨០% ដែលមានអាយុចន្លោះពី ១២ឆ្នាំ ទៅ ១៧ឆ្នាំ បានប្រើប្រាស់ និងភ្ជាប់អ៉ីនធឺណិតច្រើនជាងមនុស្សពេញវ័យ ខណៈដែលកុមារ និងក្មេងវ័យជំទង់ បានចំណាយពេលវេលាច្រើនលើការប្រើប្រាស់ប្រព័ន្ធអ៉ីនធឺណិត ពួកគេភាគច្រើនមិនបានដឹងពីហានិភ័យ និងគ្រោះថ្នាក់នៃការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញនោះទេ។

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់អង្គការ APLE ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ មានការរាយការណ៍ចំនួនជាង១៨០ករណី ដែលពាក់ព័ន្ធនឹងអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ហើយមាន ១៣០ករណី ដែលពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ៕

website_news/2023231001.txt · Last modified: 2023/10/23 11:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki