website_news:2023231003

ពលករខ្មែរមួយចំនួនចូលធ្វើការវិញខណៈមួយចំនួនត្រៀមកវិញក្រោយថៃចាប់ខ្លួន

https://www.rfi.fr/km//20231020-?utm_medium=social&utm_campaign=telegram&utm_source=shorty ចុះផ្សាយនៅថ្ងៃ៖ 20/10/2023 - 11:25

សំណុំរឿងពលករខ្មែរជាង២០០នាក់ ដែលត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរថៃ កាលពីពាក់កណ្ដាលខែតុលានេះ មួយចំនួនត្រូវបានថៅកែថៃទទួលយកទៅធ្វើការវិញ និងមួយចំនួនត្រៀមបញ្ជូនមកកម្ពុជាក្នុងករណីគ្មានឯកសារស្របច្បាប់។

លោក កត្តា អន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ rfi នៅថ្ងៃទី២០ខែតុលាឆ្នាំ២០២៣ថា ពលករខ្មែរដែលត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរមានចំនួនជាង២០០នាក់ ក្នុងចំណោមពលករបរទេសសរុបចំនួន៣៤៧នាក់។ អ្នកនាំពាក្យរូបនេះបន្ថែមថា ករណីចាប់ខ្លួនពលករខ្មែរ ផ្ដើមចេញពីកិច្ចអន្តរាគមន៍របស់ប៉ូលីសថៃចំពោះករណីកាប់ចាក់គ្នាមានរបួសស្នាមក្នុងខេត្តអយុធ្យា ដែលពេលនោះប៉ូលីសថៃបានប្រមូលផ្តុំពលករទាំងអស់ ហើយត្រួតពិនិត្យក៏រកឃើញមានពលករមិនមានឯកសារត្រឹមត្រូវកំពុងធ្វើការនៅប្រទេសថៃ។

នៅចំពោះមុខរឿងនេះ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារស្នើសុំអាជ្ញាធរពាក់ព័ន្ធសម្របសម្រួលដោះលែងពលករមានឯកសារស្របច្បាប់ និងពលករចុះឈ្មោះតាមប័ណ្ណស៊ីជម្ពូ ត្រឡប់មកធ្វើការតាមធម្មតាវិញ ហើយថៅកែថៃមួយចំនួនក៏បានទទួលពលករទាំងនោះមកវិញ បន្ទាប់ពីរៀបចំឯកសារស្របច្បាប់រួចរាល់។ ករណីពលករមិនមានឯកសារផ្លូវច្បាប់ និងគ្មានប័ណ្ណការងារក្នុងប្រទេសថៃ នឹងត្រូវអនុវត្តតាមច្បាប់អន្តោប្រវសន៍ថៃ គឺបញ្ជូនត្រឡប់មកកម្ពុជាវិញតាមខេត្តស្រះកែវ ហើយកម្ពុជាក៏បានណែនាំពលកររបស់ខ្លួនអំពីសារៈសំខាន់ នៃភាពស្របច្បាប់ដើម្បីធ្វើការងារនៅប្រទេសគេដោយមិនបារម្ភ។

ចំណែកលោក ឡឹង សុផុន មន្ត្រីអង្គការសង់ត្រាល់ប្រចាំនៅក្នុងប្រទេសថៃធ្លាប់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFIថា ពលករខ្មែរជាង៤០០នាក់ ក្នុងចំណោមពលករបរទេសសរុបជាង១ពាន់នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយសារតែគ្មានឯកសារត្រឹមត្រូវតាមច្បាប់ការងាររបស់ថៃ។ បើតាមលោក ឡឹង សុផុន ការចាប់ខ្លួនធ្វើឡើងនៅកន្លែងធ្វើការ និងម្ដុំកន្លែងស្នាក់នៅរបស់ពលករ។ បន្ទាប់ពីចាប់ខ្លួនទាំងពលករខ្មែរ និងពលករបរទេសត្រូវបានបញ្ជូនទៅឃុំខ្លួននៅកន្លែងរស់នៅរបស់ពួកគេ ហើយការឃុំខ្លួន ដើម្បីរងចាំថៅកែចូលខ្លួនដោះស្រាយជាមួយអាជ្ញាធរ។

ប៉ុន្តែយ៉ាងណាមិញលោក ឡឹង សុផុន បានគូសបញ្ជាក់ថា ថៅកែមួយចំនួនមិនចូលខ្លួនមកដោះស្រាយសំណុំរឿងទទួលពលករខុសច្បាប់ធ្វើការនោះទេ ព្រោះគេយល់ថា បើកាលណាចូលខ្លួនដោះស្រាយគេត្រូវរងការផាកពិន័យពីអាជ្ញាធរ៕

website_news/2023231003.txt · Last modified: 2023/10/23 11:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki