website_news:2023231004

កងកម្លាំងប៉ូលិសអាស៊ាន ប្តេជ្ញារួមគ្នាបន្តប្រយុទ្ធប្រឆំាងនឹងឧក្រិដ្ឋកម្មឆ្លងដែន

https://dap-news.com/international/2023/10/20/366873/ BySS107Posted on October 20, 2023 9:48 pm

វៀងច័ន្ទ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ថា ប្រតិភូមកពីកងកម្លាំងប៉ូលិសអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយប្តេជ្ញា បន្តការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងកងកម្លាំងប៉ូលិសអា ស៊ាន ដៃគូសន្ទនា និងប្រទេសអ្នកសង្កេតការណ៍ផងដែរ ។ ចំពោះការសន្យានេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ប្រធានគណៈប្រតិភូប៉ូលិសអាស៊ាន និងដៃគូចរចា ដែលជាផ្នែកមួយនៃសន្និសីទ ហៅកាត់ថា ASEANAPOL លើកទី៤១ ដែលធ្វើឡើងនៅទីក្រុងវៀងច័ន្ទ កាលពីថ្ងៃអង្គារ ដែលដឹកនាំដោយអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈឡាវ លោក Khamking Phouilamanivong ។

កងកម្លាំងប៉ូលិសអាស៊ាន បាននឹងកំពុងស្វែងរកការពង្រឹងភាពជាដៃគូ ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាព ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការរត់ពន្ធគ្រឿងញៀន អំពើភេរវកម្ម ការជួញដូរមនុស្ស និងពាណិជ្ជកម្មអាវុធ ផងដែរ ។

ថ្លែងនៅក្នុងសន្និសីទនេះ លោក Vilay Lakhamfong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានឲ្យដឹងថា “សន្និសីទ ASEANAPOL លើកទី៤១ ប្រព្រឹត្តទៅក្នុងបរិយាកាសមួយ ដែលមានទាំងសម្ភារៈបរិក្ខារ និងបញ្ហាប្រឈមជាច្រើន” ។ លោកបានថ្លែងថា “ដូច្នេះ សន្និសីទនេះមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការ ទាំងក្នុងកម្រិតតំបន់ និងពិភពលោក ក្នុងការឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មផ្សេងៗ ដើម្បីធានាឱ្យតំបន់ និងសហគមន៍ជុំវិញពិភពលោកទទួលបានសន្តិភាព ភាពស្ងប់ស្ងាត់ និងស្ថិរភាព” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

website_news/2023231004.txt · Last modified: 2023/10/23 11:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki