website_news:2023231005

លោក ខៀវ កាញារីទ្ធ សរសើរទូតខ្មែរនៅឡាវ ដែលប្រឹងប្រែងជួយនារីខ្មែរចាញ់ បោកមេខ្យល់នាំយកទៅធ្វើការនៅតំបន់ត្រីកោណមាស

https://dap-news.com/international/2023/10/21/366994/ Posted on October 21, 2023 2:30 pm

ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ ពីសំណាក់ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសឡាវ ដែលបានជួយសង្គ្រោះក្មេងស្រីម្នាក់ ចាញ់បោកមេខ្យល់ នាំយកទៅធ្វើការនៅកាស៊ីណូមួយកន្លែង នៅតំបន់ស្រីកោណមាស បានដោយជោគជ័យនោះ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកឯកអគ្គរាជទូតខ្មែរជាទូតឌីជីថល និងកោតសរសើរពីស្នាដៃ ក្នុងការយកចិត្តទុកដាក់ បំពេញភារកិច្ច ជាពិសេសសង្គ្រោះពលរដ្ឋ បានលឿនរហ័ស ។

លោក លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា កន្លងទៅ មានក្មេងស្រីម្នាក់ បានទាក់ទងមកលោក ដើម្បីស្វែងរកការសង្គ្រោះ បន្ទាប់ពីនារីរូបនេះ បានចាញ់បោកមេខ្យល់ នាំយកទៅធ្វើការនៅកាស៊ីណូមួយកន្លែង នៅតំបន់ត្រីកោណមាស ប្រទេសឡាវ ដែលតំបន់នេះ ត្រូវបានគេដឹងថា ជាតំបន់អនាធិបតេយ្យគ្រឿងញៀនមួយ ក្នុងចំណោមតំបន់សំបុកគ្រឿងញៀនដ៏ធំលើពិភពលោក ។

យោងតាមសារ ដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ លោក ខៀវ កាញារីទ្ធ បានសរសេរថា “សូមថ្លែងសរសើរ និងគោរពឯកឧត្តមឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងវៀងចន្ទដ៏ស្មោះ ! ប៉ុន្មានថ្ងៃមុន វេលាយប់ ខ្ញុំបានទទួលសាររបស់នារីកម្ពុជាម្នាក់ ដែលត្រូវគេបោកយកទៅធ្វើការកន្លែងកាស៊ីណូមួយ នៅតំបន់ត្រីកោណមាស ។ ខ្ញុំក៏បង្ហោះសារនោះ ដើម្បីជូនទៅអាជ្ញាធរតែប៉ុន្មានម៉ោងក្រោយ ខ្ញុំត្រូវលុបចោល ដោយនារីសាមីខ្លួន មិនចង់អោយក្រុមគ្រួសារខ្លួនជ្រួលច្របល់ ។

ខ្ញុំគិតថានឹងបញ្ជូនសារនេះ ទៅក្រសួងការបរទេសយើង ដើម្បីធ្វើអន្តរាគមន៍ ។ ព្រឹកឡើងមិនទាន់ ខ្ញុំទទួលសារពីឯកឧត្តម ឯកអគ្គរាជទូតខ្មែរយើង ប្រចាំនៅក្រុងវៀងចន្ទ ប្រទេសឡាវ ដើម្បីសុំលម្អិតពីរឿងទាំងនេះ ហើយ នៅពេលនេះ នារីនេះបានរួចខ្លួនហើយ ។ នេះពិតជាការទូតឌីជី ថលមែន ខ្ញុំលុបហើយក្តីតែឯកឧត្តម នៅឈ្មុសឈ្មុលតាមដោះស្រាយរឿងនេះ រហូតជួយនារីខ្មែរម្នាក់បាន” ។

ជាមួយគ្នានោះ លោក ខៀ កាញារីទ្ធ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ ជួយដោះស្រាយទុក្ខលំបាក ជូនប្រពលរដ្ឋ ទាន់ពេលវេលា ។ ក្នុងនោះអតីតរដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា “សូមជូនពរឯកឧត្តមមានជោគជ័យក្នុងភារកិច្ច ក៏ដូចសូមកោតសរសើរ ដល់ថ្នាក់ដឹកនាំក្រសួងការបរទេស ដែលបណ្តុះបណ្តាល បានជួរមន្ត្រីរាជការដ៏សកម្មៗបែបនេះ”៕

website_news/2023231005.txt · Last modified: 2023/10/23 11:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki