website_news:2023240201

លោក ស ខេង ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងបង្ក្រាបការជួញដូរមនុស្ស

https://www.postkhmer.com/national/2023-02-23-1801-247300.html Publication date 23 February 2023 | 18:01 ICT

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជំរុញដល់កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ សកម្មភាពជួញដូរមនុស្សគ្រប់ទម្រង់ និងត្រូវទប់ស្កាត់ការលបលួចចេញចូលប្រទេសតាមច្រករបៀងខុសច្បាប់នានា និងតាមច្រកសមុទ្រជាដើម។ ការជំរុញនេះធ្វើនេះឡើងក្នុងពេលលោកធ្វើជាអធិបតីបូកសរុបលទ្ធផលនៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងផ្តល់អនុសាសន៍លើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ ដែលអង្គសន្និបាតនេះ បានពិភាក្សាអំពីសមិទ្ធផល បញ្ហាប្រឈម ជាមួយនឹងការផ្ដួចផ្ដើមដំណោះស្រាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ។ ពិធីនេះ មានការចូលរួមពីមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ ៧៥០ នាក់។

នាពិធីនោះ លោក ស ខេង បានណែនាំដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការអនុវត្តតួនាទីភារកិច្ច ដូចជា ត្រូវបន្តខិតខំរួមគ្នាថែរក្សាពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ លោកបញ្ជាក់ថា៖«ពិសេសត្រូវបង្កើនការថែរក្សាពង្រឹងសន្តិសុខជាតិ ដោយត្រូវបង្កើនកិច្ចសហការជាមួយកម្លាំងអនុវត្តច្បាប់ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើរទន្ទឹមនឹងការពង្រឹងសមត្ថភាពជំនាញរបស់កម្លាំងអនុវត្តច្បាប់និងលើកកម្ពស់កិច្ចសហការឱ្យបានល្អជាមួយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដើម្បីរួមគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ បទល្មើសបច្ចេកវិទ្យា សកម្មភាពជួញដូរមនុស្សគ្រប់ទម្រង់និងបទល្មើសនានាឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ»។

លោកស ខេង បន្ថែមថា មួយទៀតនោះសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្កើនការគ្រប់គ្រងការចេញចូលប្រទេស គ្រប់គ្រងមុខសញ្ញាតាមវិធានការជំនាញ និងគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេស និងជនអន្តោប្រវេសន៍ឱ្យបានម៉ឺងម៉ាត់ព្រមទាំងខិតខំទប់ស្កាត់ការលបលួចចេញចូលប្រទេសតាមច្រករបៀងខុសច្បាប់នានានិងតាមច្រកសមុទ្រ។

លោកថា៖«ព្រមទាំងបន្តអនុវត្តឱ្យបានជាប់ជាប្រចាំនូវយុទ្ធនាការប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងបន្តខិតខំស្រាវជ្រាវករណីលាងសម្អាតប្រាក់ ដើម្បីពង្រឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត គាំទ្រចំពោះការជំរុញរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដើម្បីបង្កើនវិធានការក្នុងការទប់ស្កាត់ ការបង្ក្រាបការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និងបញ្ហាលាងលុយកង្វក់ជាដើមនៅកម្ពុជា ដើម្បីធ្វើម៉េចឱ្យកម្ពុជាមានស្ថានភាពល្អប្រសើរ ហើយទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ លោកបានថ្លែងថា៖«ដូច្នេះកម្ពុជាត្រូវតែមានវិធានការចាំបាច់ ទី១ត្រូវពង្រឹងកិច្ចសហការរវាងមន្ត្រីទាំងអស់នៅក្នុងប្រទេសឱ្យមានកិច្ចសហការគ្នាល្អ ទី២ពង្រឹងបន្ថែមនូវជំនាញរបស់មន្ត្រីអនុវត្តទាំងអស់ ទី៣ មន្ត្រីទាំងអស់ត្រូវនៅឱ្យឆ្ងាយពីការជួញដូរមនុស្ស គ្រឿងញៀន និងបទល្មើសផ្សេងៗ ហើយទី៤ត្រូវធ្វើកិច្ចសហការជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់ និងអន្តរជាតិ»។

ពាក់ព័ន្ធអង្គសន្និបាតវិញលោក ស ខេង ថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរូបលោកសូមវាយតម្លៃខ្ពស់ចំពោះមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមអនុវត្តយ៉ាងសកម្មនូវរបៀបវារៈ និងកម្មវិធីនានានៃសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃដែលបានផ្តល់ធាតុចូលដ៏មានតម្លៃ ដើម្បីចូលរួមជំរុញនិងលើកកម្ពស់ប្រសិទ្ធភាពការងារ នៅតាមអគ្គនាយកដ្ឋាន អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕ សុខ រក្សា

website_news/2023240201.txt · Last modified: 2023/02/24 15:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki