website_news:2023240202

ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពក្នុងឆ្នាំ ២០២២ ធ្វើឱ្យបទល្មើសថយចុះ ៩%

https://www.postkhmer.com/national/2023-02-23-0933-247275.html ឡុង គីមម៉ារីតា | Publication date 23 February 2023 | 09:33 ICT

ភ្នំពេញៈ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា នៅឆ្នាំ ២០២២ ការអនុវត្តនូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពធ្វើឱ្យបទល្មើសមានការថយចុះ ៩ ភាគរយ ខណៈលទ្ធផលបង្ក្រាបបទល្មើសនៅទូទាំងប្រទេស មានកម្រិតខ្ពស់រហូតដល់ ៩២ ភាគរយ។ លោកបានថ្លែងបែបនេះ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគារសុខាភ្នំពេញដែលមានមន្ត្រីក្រោមឱវាទគ្រប់ផ្នែកទូទាំងប្រទេសជាង ៧០០ នាក់ចូលរួម។ ក្នុងឱការនោះ លោក ស ខេង បានថ្លែងថា៖ «កម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ បានបន្តបង្កើនកិច្ចសហការក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម តាមរយៈការលើកកម្ពស់វិធានការជំនាញ ដើរទន្ទឹមនឹងការខិតខំជំរុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងការអនុវត្តគោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព ដែលធ្វើឱ្យបទល្មើសមានការថយចុះ ៩ ភាគរយ ជាមួយនឹងលទ្ធផលបង្ក្រាបបទល្មើសមានកម្រិតខ្ពស់ រហូតដល់ ៩២ ភាគរយ»។ លោកបានបញ្ជាក់ថា ក្នុងឆ្នាំ ២០២២ រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវយុទ្ធនាការប្រតិបត្តិការ ព្រមៗគ្នា ដើម្បីបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ប្រតិបត្តិការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស ប្រតិបត្តិការប្រយុទ្ធប្រឆាំងសកម្មភាពលាងសម្អាតប្រាក់ ការបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្រុមក្មេងទំនើងតាមសហគមន៍ រួមទាំងបទល្មើសផ្សេងៗទៀតក៏ត្រូវបានចាត់តាំង អនុវត្តយ៉ាងសកម្មផុលផុសសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ផងដែរ។ បន្ថែមពីនេះ លោក ស ខេង ជំរុញឱ្យមន្ត្រីក្រោមឱវាទគ្រប់ផ្នែក បន្តពង្រឹង សកម្មភាពរៀងៗខ្លួន ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើសុខភាពសាធារណៈ ជាពិសេសចូលរួមបម្រើផលប្រយោជន៍ពលរដ្ឋ បើទោះជាការងារដែលសម្រេចបានមានលទ្ធផលល្អយ៉ាងណាក៏ដោយ។

លោកបញ្ជាក់ថា៖ «បញ្ហាប្រឈមមកលើសភាពការណ៍ នយោបាយ សេដ្ឋកិច្ច សង្គម និងសន្តិសុខជាសកល បង្កឱ្យមានការព្រួយបារម្ភអំពីការកើនឡើងនូវអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ការរីករាលដាលនៃបទល្មើសបច្ចេកវិទ្យា គួបផ្សំនឹងការបន្តកើតឡើងនូវបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេស បទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់ចិត្តសាស្ត្រសង្គម បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ គ្រោះថ្នាក់ចរាចរណ៍»។ លោកបញ្ជាក់បន្តថា៖ «ការងារនេះ ទាមទារឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនានា ត្រូវបង្កើនការតាមដានការវិវឌ្ឍប្រែប្រួលនៃសភាពការណ៍ តំបន់ និងអន្តរជាតិ ព្រមជាមួយការពង្រឹងការគ្រប់គ្រងសភាពការណ៍នៅក្នុងផ្ទៃក្នុងប្រទេស សំដៅដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរ និងការបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាបន្តទៀត»។

តាមការប្រកាសរបស់លោក ស ខេង គិតត្រឹមឆ្នាំ ២០២២ តាមរយៈកំណែទម្រង់របស់រដ្ឋាភិបាល មានមុខងារជិត ៦០ ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារផ្តល់សេវារដ្ឋបាលប្រមាណជាង ៨០០ ប្រភេទ ត្រូវបានប្រគល់ និងធ្វើប្រតិភូកម្មជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែ ១ ។ ក្នុងរយៈពេល ៥ ឆ្នាំ (២០១៨-២០២២) ចុងក្រោយនេះ ការផ្ទេរថវិកាជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មានកំណើនប្រមាណ ២,៧ ដង គឺកើនឡើងពី ៤១៦ លានដុល្លារក្នុងឆ្នាំ ២០១៨ ដល់ ១ ១១៦ លានដុល្លារក្នុងឆ្នាំ ២០២២។

លោក ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលបានធ្វើសេចក្តីរាយការណ៍សង្ខេបស្ដីពីលទ្ធផលការងារឆ្នាំ ២០២២ បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២២ កន្លងទៅមានបទល្មើសព្រហ្មទណ្ឌជារួម បានកើតឡើងចំនួន ២ ៧៧០ លើក ថយចុះចំនួន ២៨៥ លើក ស្មើ ៩% ធៀបនឹងឆ្នាំ ២០២១។ បើតាមរបាយការណ៍ក្នុងសន្និបាតក្រសួងមហាផ្ទៃ ក្នុងចំណោមបទល្មើសដែលបានកើតឡើងនោះ មានបទឧក្រិដ្ឋ ៦០៨ កើន ១៩ លើកស្មើ ៣% និងបទមជ្ឈិម ២ ១៦២ លើកថយ ៣០៤ លើកស្មើ ១២%។ លោកបញ្ជាក់ថា៖ «នាអំឡុងពេល ១ ឆ្នាំនេះ បើទោះបីស្ថានការណ៍សន្តិសុខក្នុងតំបន់ និងសកលលោក បន្តមានការវិវឌ្ឍប្រែប្រួលពិបាកប៉ាន់ស្មាន និងមានហានិភ័យខ្ពស់យ៉ាងណាក្តី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានពុះពារឆ្លងកាត់ដោយជោគជ័យនូវវិបត្តិ និងបញ្ហាប្រឈមទាំងនោះ ដោយបាននាំមកនូវសមិទ្ធផលធំធេងជូនប្រជាជាតិខ្មែរបន្ថែមទៀតផងដែរ»។

តាមរបាយការណ៍របស់លោក ប៉ោ ភក្តិ បានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ អង្គភាពច្រកចេញចូលតែ ១ នៃរាជធានីខេត្ត បានផ្តល់សេវារដ្ឋបាលបានចំនួន ៦៩៥ ២០៥ សេវា និងទទួលបានចំណូលសរុបចំនួន ២៨ ២១២ ៤៩២ ដុល្លារ។ ចំណែកការិយាល័យច្រកចេញចូលតែ១ក្រុង ស្រុក ខណ្ឌ ផ្ដល់សេវារដ្ឋបាលបានចំនួន ១ ៥៦១ ៧០៤ សេវា និងទទួលបានចំណូលសរុបចំនួន សមមូល ២ ៧៥២ ២៦៦ ដុល្លារ។ លោកបានបញ្ជាក់ថា៖ «ការិយាល័យប្រជាពលរដ្ឋនៅរាជធានីខេត្ត ទទួលបានបណ្តឹង និងព័ត៌មានផ្សេងៗចំនួន ១ ២៦៧ ករណី ក្នុងនោះ បណ្ដឹងក្នុងសមត្ថកិច្ច ៧៦៧ ករណី (បញ្ចប់ការដោះស្រាយបាន ៧១២ ករណី) បណ្តឹងក្រៅសមត្ថកិច្ច ២០២ ករណី និងព័ត៌មានផ្សេងៗ ២៩៨ ករណី»៕

website_news/2023240202.txt · Last modified: 2023/02/24 15:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki