website_news:2023240301

សម្ដេចក្រឡាហោម ស ខេង ស្នើលេខាធិការដ្ឋាន គ.ជ.ប.ជ ស្រង់គ្រប់ព័ត៌មានទាំងឡាយ ពាក់ព័ន្ធការជួញដូរមនុស្ស ដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយឆ្លើយតបឱ្យទាន់ពេលវេលា

https://www.information.gov.kh/articles/100298 ចេញផ្សាយ ថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៣

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានស្នើលេខាធិការដ្ឋាន គ.ជ.ប.ជ ស្រង់គ្រប់ព័ត៌មានទាំងឡាយ ពាក់ព័ន្ធការជួញដូរមនុស្ស រាប់ទាំងព័ត៌មានចេញដោយក្រសួងការបរទេសអាម៉េរិក ដើម្បីរួមគ្នារិះរកគ្រប់មធ្យោបាយឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលាចំពោះបញ្ហាជួញដូរមនុស្សនេះ។

ការស្នើរបស់សម្ដេចក្រឡាហោមបែបនេះ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិអប់រំ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ប្រសិនបើថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ខិតខំអនុវត្តន៍ទៅតាមទិសដៅដែលបានដាក់ចេញ ប្រាកដណាស់ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នឹងទទួលបានលទ្ធផលកាន់តែប្រសើរនៅឆ្នាំ២០២៣នេះ។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា ថ្វីត្បិតលទ្ធផលការងារឆ្នាំ២០២២ មានភាពប្រសើរច្រើនធៀបនឹងឆ្នាំ២០២១ ប៉ុន្តែបញ្ហានេះនៅតែស្ថិតក្នុងស្ថានភាពប្រឈមដែលទាមទារការយកចិត្តទុកដាក់អនុវត្តន៍ជាប្រចាំ និងប្រកបដោយប្រសិទ្ធភាព ដ្បិតការងារនេះមិនទាន់បញ្ចប់ និងមិនទាន់មានការពេញចិត្តនៅឡើយទេ ពិសេសការងារបង្ក្រាប ការជួយសង្គ្រោះជនរងគ្រោះ ការចាប់ជនល្មើសមកផ្ដន្ទាទោស និងការបិទអាជីវកម្មពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ មានឆន្ទៈនយោបាយ និងការប្ដេជ្ញាចិត្តច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់គោរពតាមឆន្ទៈនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. បានធ្វើរបាយការណ៍អំពីការលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងឆ្នាំ២០២២ ក្នុងនោះ សមត្ថកិច្ចបង្ក្រាបបាន១៦៦ករណី ធៀបនឹងឆ្នាំ២០២១ មាន៣៥៩ ករណី ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន២០២នាក់ ក្នុងនោះ ជនសង្ស័យ ជាជនបរទេសចំនួន៣៣នាក់។ លោកជំទាវបន្តថា សមត្ថកិច្ចបានសង្គ្រោះជនរងគ្រោះ ៣៥៨នាក់ ក្នុងនោះស្រីចំនួន២៦៥នាក់ ដោយប្រគល់ជូនមន្ទីរសង្គមកិច្ច និងក្រុមគ្រួសារ។

ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអះអាងដែរថា ក្រោយមានកិច្ចប្រតិបត្តិការយ៉ាងក្ដៅគគុកពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច បញ្ហាជួញដូរមនុស្ស ពិសេសករណីនៅខេត្តព្រះសីហនុ បានថមថយច្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែសម្ដេចព្រួយបារម្ភថាពួកឧក្រិដ្ឋជន អាចចេញទៅជ្រកនៅតាមខេត្តផ្សេងទៀត ដែលទាមទារឱ្យយកចិត្តទុកដាក់ទាំងមន្រ្តី និងវិស័យឯកជន។ សម្ដេចក្រឡាហោមបានថ្លែងអំណរគុណភាគីពាក់ព័ន្ធ រួមមានជនរងគ្រោះ វិស័យឯកជនរួមទាំងម្ចាស់ទីតាំងអាជីវកម្ម អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាប្រទេសជាដៃគូ ដែលបានផ្ដល់កិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិសេសការឈានទៅបង្ក្រាបអំពើល្មើសប្រកបដោយជោគជ័យជាបន្តបន្ទាប់ ៕ ដោយ៖ ចាន់ សុធីវង្ស

website_news/2023240301.txt · Last modified: 2023/03/24 09:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki