website_news:2023240302

សម្ដេច ស ខេង អញ្ជើញផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស

https://dap-news.com/national/2023/03/23/320515/ ByKD102Posted on March 23, 2023

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ជ.ប.ជ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ។

យោងតាមរបាយការណ៍ ឆ្នាំ២០២២ ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើកិច្ចការពារអាយុជីវិតប្រជាពលរដ្ឋ ដែលបង្កដោយការរាតត្បាតដ៏ខ្លាំងក្លានៃវីរុសកូវីដ-១៩ ផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមដ៏ធំធេង និងខិតខំការពារ សន្តិសុខក្នុងប្រទេស និងក្នុងតំបន់ ខិតខំរកដំណោះស្រាយបញ្ហា ដោយទន់ភ្លន់បញ្ចៀសការប្រឈមមុខដាក់គ្នា ការពារភាពរឹងមាំនៃចំណងសាមគ្គីភាព និងកិច្ចសហការក្នុងតំបន់ ជាក់ស្ដែង ជោគជ័យនៃការដោះស្រាយបញ្ហា តំបន់ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។

របាយការណ៍ដដែល បន្ដថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែង ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងការដោះស្រាយភាពប្រឈម ដែលជះឥទ្ធិពលអវិជ្ជមាន ដល់ជីវភាពប្រជាពលរដ្ឋ និងបង្កភាពរាំងស្ទះដល់ការ អនុវត្តសកម្មភាពអភិវឌ្ឍគ្រប់វិស័យ រាជរដ្ឋាភិបាលកម្ពុជា ដែល មានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាសេនាធិការនៅគ្រប់កម្រិត បានរៀបចំយុទ្ធសាស្ត្រ និង ដាក់ចេញនូវវិធានការចម្បងៗជាច្រើន រាប់ទាំងការកសាងច្បាប់ គោលនយោបាយ បទដ្ឋានគតិយុត្តទាំងឡាយ ដើម្បី ការពារប្រជាពលរដ្ឋពីភាពរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចនានា។

ប្រភពដដែលបន្ថែមថា ក្នុងស្ថានភាពដ៏អាក្រក់ នៃភាពប្រឈមនឹងការស្វែងរកការងារ នៅក្រៅប្រទេសដោយប្រថុយប្រថាន ក្នុងឋានៈជាពលករមិនស្របច្បាប់ រាជរដ្ឋាភិបាលកម្ពុជា តែងស្វះស្វែងក្នុងរកដំណោះស្រាយជាមួយប្រទេស ពាក់ព័ន្ធដើម្បីកាត់បន្ថយភាពរងគ្រោះ និងលើកកម្ពស់ សុវត្ថិភាពពលករចំណាកស្រុក ព្រមទាំងដោះស្រាយភាពប្រឈម របស់ពលករវិលត្រឡប់រាប់សិបម៉ឺននាក់ និងប្រជាពលរដ្ឋក្នុងស្រុកដែលប្រឈមនឹងវិបត្តិកូរីដ-១៩ តាមរយៈការដាក់ចេញនូវ គោលនយោបាយសន្តិសុខសង្គម យ៉ាងទូលំទូលាយ ដើម្បីបង្ការទប់ស្កាត់ភាពទ័លច្រក និងប្រថុយប្រថានរបស់ប្រជាពលរដ្ឋ ដែលជឿលើការអូស ទាញរបស់ឧក្រិដ្ឋជនឲ្យធ្លាក់ក្នុងភាពរងគ្រោះ៕

website_news/2023240302.txt · Last modified: 2023/03/24 09:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki