website_news:2023240306

សម្តេចក្រឡាហោម ស ខេង បន្តអំពាវនាវដល់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស ឱ្យបានសកម្មបន្ថែមទៀត

https://btv.com.kh/article/21464 2023/03/23 11:27:23 am

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បន្តអំពាវនាវយ៉ាងទទូចដល់គ្រប់ អាជ្ញាធររាជធានី-ខេត្តវិស័យឯកជន និងប្រទេសជាមិត្តទាំងអស់រួមគ្នាបង្ការ និងទប់ស្កាត់ការជួញដូរមនុស្សឱ្យបានសកម្មបន្ថែមទៀត ខណៈករណីនេះនៅតែមានបញ្ហានៅឡើយ បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈខ្ពស់ក្នុងការទប់ស្កាត់ និងបង្រ្កាបយ៉ាងណាក៏ដោយនោះ។

ក្នុងឱកាសអញ្ជើញផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ជ.ប.ជ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នាពេលបច្ចុប្បន្ន នេះរាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ និងសកម្មយ៉ាងខ្លាំងក្នុងការទប់ស្កាត់ បង្រ្កាបអំពើ ជួយដូរមនុស្ស ហើយយុទ្ធនាការនេះទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះដោយធ្វើការឃាត់ខ្លួនជនសង្ស័យបានជាច្រើននាក់ ប៉ុន្តែឧក្រិដ្ឋជនមួយចំនួនទៀតកំពុងគេចខ្លួន ដូច្នេះ ទាមទារឲ្យភាគីពាក់ព័ន្ធទាំងអស់ធ្វើការសហការគ្នា ដើម្បីស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមច្បាប់ ជាធរមាន។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការបង្រ្កាប និងទប់ស្កាត់អំពើជួញដូរមនុស្សនេះ បើពុំមានការជួយសហការគ្នាពីភាគីពាក់ព័ន្ធ បណ្តាក្រុមហ៊ុនឯកជនទេ គឺយើងនឹងមិនអាចទទួលបានលទ្ធផលល្អ ប្រសើនោះទេ ដូច្នេះករណីនេះត្រូវតែខិតខំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឲ្យកម្ពុជាមានឈ្មោះជាប្រទេសត្រូវបានគេយកធ្វើជាជម្រកនៃការជួញដូរមនុស្ស។

បើតាមលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ សមត្ថកិច្ច ធ្វើការបង្ក្រាបអំពើអាជីវកម្មផ្លូវភេទចំនួន ១៣០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៤៩នាក់ និងសង្គ្រោះជនរងគ្រោះចំនួន ២២៥នាក់។ ដោយឡែក ការដាក់ចេញនូវ ផែនការប្រតិបត្តិការបង្កើនការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ របស់គ.ជ.ប.ជ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ជាលទ្ធផលដល់ត្រឹមថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០២២ សមត្ថកិច្ច បានរកឃើញជនបរទេស ៨៧១នាក់ មកពី ១២ប្រទេស ក្នុងនោះ មាន ១៦២នាក់ ត្រូវបានកំណត់អត្តសញ្ញាណរកឃើញថា ពាក់ព័ន្ធនឹងអំពើរត់ពន្ធ និងជួញដូរមនុស្ស ហើយ ៨០នាក់ទៀត ត្រូវបានកំណត់ថា ជាជនសង្ស័យប្រព្រឹត្តបទល្មើស ដែលត្រូវបានឃាត់ខ្លួន បញ្ចូនទៅតុលាការផងដែរ។ នេះបើតាមការ បញ្ជាក់ពីលោកជំទាវ ជូ ប៊ុនអេង៕អត្ថបទ៖ បាន ចក់

website_news/2023240306.txt · Last modified: 2023/03/24 09:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki