website_news:2023240307

មន្ទីរការងារខេត្ត បើកវគ្គផ្សព្វផ្សាយ ស្ដីពី ការងារគ្រប់គ្រងហត្ថពលកម្មបរទេស នៅព្រះរាជាណាចក្រកម្ពុជា ដល់រោងចក្រ សហគ្រាស គ្រឹះស្ថាននានា ទូទាំងខេត្តសៀមរាប !

https://www.information.gov.kh/articles/100243 ចេញផ្សាយ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ វគ្គផ្សព្វផ្សាយ ស្ដីពី ការងារគ្រប់គ្រងហត្ថពលកម្មបរទេស នៅព្រះរាជាណាចក្រកម្ពុជា ដល់រោងចក្រ សហគ្រាស គ្រឹះស្ថាននានា ទូទាំងខេត្តសៀមរាប ដែលរៀបចំឡើងដោយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ចាជីវ:ខេត្ត នៅសាលាប្រជុំសាលាខេត្តសៀមរាប។ លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទិរការងារខេត្ត បានបង្ហាញថា ការបើកវគ្គផ្សព្វផ្សាយ នាពេលនេះគឺមានគោលបំណង ដើម្បីពង្រឹងការគ្រប់គ្រងជនបរទេស ដែលមកប្រកបមុខរបរ និងបំរើការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តសៀមរាប ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងសំដៅបង្កើនការយល់ដឹង និងចូលរួមអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់បន្ថយជាអតិបរមានូវការប្រើប្រាស់ហត្ថពលកម្មបរទេស ដែលមិនស្របច្បាប់នៅក្នុងខេត្តសៀមរាប ។

លោក បានបន្តថា ចំពោះលទ្ធផលការងារ ដែលមន្ទីរការងារ បានធ្វើសកម្មភាពពាក់ព័ន្ធការងារជនបរទេស នាពេលកន្លងមក និងក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសខេត្តសៀមរាប ដោយបានអនុវត្តតាមច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្នងការដ្ឋាន នគរបាលខេត្ត ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ជារៀងរាល់ឆ្នាំហើយតាមរយ:នៃការចុះធ្វើអធិការកិច្ចនេះ និយោជក ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ភាគច្រើន បានយល់ដឹង និងចូលរួមអនុវត្តច្បាប់បានល្អប្រសើរ។ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធានារក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរ ដែលជាការបង្កលក្ខណ:អំណោយផល ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម បានទាក់ទាញការវិនិយោគទាំងនៅក្នុង និងក្រៅប្រទេស ព្រមទាំងលំហូរ នៃទេសចរណ៍បរទេសមកទស្សនាកម្ពុជា រាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលបានធ្វើឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងរយ:ពេលជាងមួយទសវត្សចុងក្រោយនេះ។

លោក អភិបាលរងខេត្ត បានបន្តទៀតថា តាមរយ:ការផ្សព្វផ្សាយដ៏មានសារសំខាន់នាឱកាសនេះ លោកសង្ឃឹមថា លោក លោកស្រី នាយក ម្ចាស់អាជីវកម្ម តំណាងរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចូលរួមនឹងយល់ជ្រួតជ្រាបអំពីគោលបំណង នៃពិធីផ្សព្វផ្សាយនេះ ហើយចូលរួមផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយជាអតិបរមា និងឈានទៅលុបបំបាត់ នូវរាល់ការប្រើប្រាស់ហត្ថពលកម្មបរទេសមិនស្របច្បាប់ ព្រមទាំងចូលរួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ បទល្មើសពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ឬបទល្មើសផ្សេងៗទៀតសំដៅចូលរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាដើម៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2023240307.txt · Last modified: 2023/03/24 09:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki