website_news:2023240404

សមត្ថកិច្ចជួយជនរងគ្រោះពីការជួញដូរបានជាង ២ ០០០ នាក់

https://www.postkhmer.com/national/2023-04-19-1100-249147.html អោម ប៊ុនធឿន | Publication date 19 April 2023 | 11:00 ICT

ភ្នំពេញៈ គិតចាប់តាំងពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០២២ រហូតមកដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣ សមត្ថកិច្ចបានបើកប្រតិបត្តិការសង្គ្រោះជនបរទេស និងជនជាតិខ្មែរ ដែលត្រូវបានគេជួញដូរបានជាង ២០០០ នាក់ ក្នុងចំណោមសំណើដែលទទួលបានចំនួន ៨៥០ សំណើ។ នេះបើតាមលោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ។ លោក ខៀវ សុភ័គ បានឱ្យដឹងនៅថ្ងៃទី ១៨ ខែមេសាថា កិច្ចប្រតិបត្តិការរបស់ ស មត្ថកិច្ចពាក់ព័ន្ធនឹងការប្រឆាំងការជួញដូរកម្លាំងពលកម្មបរទេស និងការបង្ខាំងមនុស្សក្នុងប្រទេសកម្ពុជាចាប់ពីខែសីហា ឆ្នាំ ២០២២ រហូតមក ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៣ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទទួលបានសំណើឱ្យជួយសង្គ្រោះមនុស្សចំនួន ២ ១៣២ នាក់ លើសំណើចំនួន ៨៥០ សំណើ។លោកបញ្ជាក់ថា មនុស្សជាង ២ ០០០ នាក់នាក់នោះត្រូវបានបញ្ជូនទៅលំនៅឋាន និងមាតុភូមិរបស់ពួកគេវិញ។ សំណើឱ្យជួយសង្គ្រោះដែលសមត្ថកិច្ចទទួលបានភាគច្រើនតាមរយៈក្រុមគ្រួសារ ញាតិមិត្តរបស់ជនរងគ្រោះ និងមួយចំនួនទទួលបានពីជនរងគ្រោះផ្ទាល់។ យ៉ាងណាក៏ដោយតាមរយៈការផ្ទៀងផ្ទាត់ សំណើទាំងនោះឃើញថា មានពាក្យបណ្តឹងប្រមាណជាង ១០០ ករណីរកមិនឃើញ។

លោកខៀវ សុភ័គ បានឱ្យដឹងទៀតថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១២៩ នាក់ បិទក្រុមហ៊ុន ៥ ជាស្ថាពរ ផ្អាកអាជីវកម្មនិងបន្តស្រាវជ្រាវក្រុមហ៊ុនចំនួន ៤ ក្រុមហ៊ុន និងកំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៤៤ សំណើដែលស្នើឱ្យជួយរកមនុស្ស ១៧៧ នាក់។ លោកបញ្ជាក់ថា៖ «កន្លងមកមានថ្ងៃខ្លះ ក៏គ្មានករណីប្តឹង ហើយមានថ្ងៃខ្លះ ក៏ ២-៣ ករណី ប៉ុន្តែកាលមុនដំបូងគេយើងទទួលបាន១ ថ្ងៃ ៥ ករណី ១ ថ្ងៃ ១០ ករណីឡើងទៅឯណោះម៉ៃ្ងៗប៉ុន្តែឥឡូវរាងរយាលហើយ។ វិធានការបន្តគឺយើងមិនមែនស៊ើបតែត្រឹមហ្នឹងទេ គឺយើងពន្លាតការស៊ើបអង្គេតទៅរកការលាងលុយអីផ្សេងៗទៀត»។ លោកអំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានថ្លែងនៅថ្ងៃទី ១៨ ខែមេសាថា បច្ចុប្បន្នបញ្ហានៃការបង្ក្រាបការទប់ស្កាត់ការជួញដូរមនុស្សគ្រប់រូបភាព ទាំងការជួញដូរកម្លាំងពលកម្ម ក៏ដូចជាការជួញដូរមនុស្សតាមរូបភាពផ្សេងៗ ហាក់មិនសូវមានព័ត៌មានច្រើនដូចពីមុនទេ ប៉ុន្តែទោះយ៉ាងនេះក្តីបញ្ហានេះនៅតែកើតមានឡើងជាបន្តបន្ទាប់ ដែលទាមទារឱ្យកម្ពុជានៅតែប្រកាន់នូវការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់ការបង្ក្រាបទៅលើការជួញដូរមនុស្សគ្រប់ទម្រង់និងគ្រប់រូបភាព។ លោកបន្តថា ការខិតខំបង្ក្រាបទប់ស្កាត់ការជួញដូរមនុស្សគ្រប់ទម្រង់នេះគឺជាការធ្វើឱ្យកម្ពុជាទទួលបាននូវចំណាត់ថ្នាក់ល្អឡើងវិញ ក្រោយពីសហរដ្ឋអាមេរិកបានទម្លាក់ចំណាត់ថ្នាក់ នៃបញ្ហាការជួញដូរមនុស្សនៅកម្ពុជាទៅលំដាប់លេខ ៣។ លោកបន្ថែមថា បញ្ហានៃការជួញដូរមនុស្សនេះ ជាមូលដ្ឋានមួយក្នុងការបង្កើតបានជាទម្រង់រូបភាពជាច្រើនផ្សេងទៀត ក្រៅពីការជួញដូរមនុស្ស បង្ខាំងមនុស្ស កេងប្រវ័ញ្ចកម្លាំងពលកម្មមនុស្ស ក៏អាចក្លាយទៅជាបទឧក្រិដ្ឋផ្សេងៗ ដូចជា ការចាប់ជំរិតតាមប្រព័ន្ធអនឡាញជាដើម។

បើតាមលោកអំ សំអាត ការរង់ចាំទទួលបណ្តឹងតែពីសាច់ញាតិ ឬពីជនរងគ្រោះមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហានេះនោះទេ។ គួរតែមានការចូលរួមបន្ថែមពីអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងការទប់ស្កាត់បញ្ហាជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្មមនុស្ស និងបង្ខាំងមនុស្សនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ លោកថ្លែងថា៖ «មធ្យោបាយនៅមានច្រើនទៀតដូចជាត្រូវមានការត្រួតពិនិត្យជាប្រចាំ ឬក៏ទទួលព័ត៌មានផ្សេងៗ ពីប្រភពផ្សេងៗទៀត ដើម្បីធ្វើការជួយសង្គ្រោះសម្រាប់ជនរងគ្រោះ ហើយ ១ ទៀត គឺលើកទឹកចិត្ត សម្រាប់ភាគីដែលពាក់ព័ន្ធទាំងអស់ចូលរួមជាមួយគ្នាក្នុងការទប់ស្កាត់ ការបង្ក្រាបការជួញដូរមនុស្សជាពិសេសប្រជាពលរដ្ឋតែម្តង»។លោកអំ សំអាត បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋបាន លុះត្រាតែអាជ្ញាធរបង្កលក្ខណៈងាយស្រួលសម្រាប់ពួកគាត់ក្នុងការផ្តល់ព័ត៌មាន ជាជាងការធ្វើឱ្យពួកគាត់មានការភ័យខ្លាច ក្នុងការប្រាស្រ័យទាក់ទងផ្តល់ព័ត៌មាន។

ប៉ុន្តែលោក ខៀវ សុភ័គ បានគូសបញ្ជាក់ថា ជុំវិញបញ្ហានេះកម្លាំងមានសមត្ថកិច្ចលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមផ្តល់ព័ត៌មាន ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្ស ដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធភាព រហ័សទាន់ពេលវេលា។ ពលរដ្ឋអាចផ្តល់ព័ត៌មានបានទាំងតាមរយៈលេខទូរស័ព្ទ ឬរាយការណ៍ទៅអាជ្ញាធរដែលនៅមូលដ្ឋាននោះឬមួយក៏អាចរាយការណ៍មកតាមរយៈហ្វេសប៊ុកក្រសួងមហាផ្ទៃតែម្តង៕

website_news/2023240404.txt · Last modified: 2023/04/24 09:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki