website_news:2023240405

អភិបាលខេត្តចុះទៅពិនិត្យផ្ទាល់ ក្រោយបែកធ្លាយមន្ត្រីច្រកដូងជម្រិតទារលុយពីពលករទៅថៃ

https://www.kampucheathmey.com/local-news/497953 ថ្ងៃពុធ ១៩ មេសា ២០២៣ដោយ Dy Bunnara

ក្រោយពីចូលឆ្នាំថ្មីប្រពៃណីជាតិបានបញ្ចប់ ប្រជាពលរដ្ឋដែលជាពលករបំរើការងារនៅប្រទេសថៃបានវិលត្រឡប់ទៅបំរើការងារវិញរៀងៗខ្លួនតាមច្រកទ្វារអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ ប៉ុន្តែអ្វីប្រឈមគឺមន្ត្រីនៅទីនោះយកលុយច្រើនក្នុងម្នាក់ៗ ដែលធ្វើឲ្យការធ្វើដំណើររបស់ពួកគាត់មានការយឺតយ៉ាវ។

តាមរយៈអាខោនហ្វេសប៊ុកឈ្មោះ (ស្ងួន ភក្តី) បានថតរូបប្រជាពលរដ្ឋដែលជាពលករបង្ហោះជាសាធារណះអមដោយសំណេរដែលមានខ្លឹមសារថា “សូមលោកអភិបាលខេត្តឯកឧត្តម សុខ លូ ជួយពិនិត្យមើលផងទាននៅស្រុកកំរៀង ច្រកឡែម មានការរអ៊ួរទាំពីបងប្អូនពលករដែលវិលចូលទៅប្រទេសថៃវិញ ត្រូវអស់លុយម្នាក់ 1600 បាត និងថ្លៃដឹកអីវ៉ាន់ម្នាក់ 100 បាតទៀត ពួកគាត់បានដាក់សំណួរថា តើលុយទាំងនោះគេយកទៅណា ចូលរដ្ឋឬចូលបុគ្គល ហើយពួកគាត់សង្ឃឹមថា នឹងមានការបន្ធូរ បន្ថយរឿងយកលុយយកកាក់ពីពួកគាត់”។

ពាក់ព័ន្ធរឿងរ៉ាវខាងលើ លោក សុខ លូ អភិបាលខេត្តបានសរសេរលើបណ្តាញហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា “ព្រឹកនេះចេញដំណើរតាំងពីព្រលឹមទៅពិនិត្យស្ថានភាពនៅច្រកទ្វារអន្តរជាតិដូងស្រុកកំរៀង និងបានណែនាំបន្ថែមដល់បងប្អូនមន្ត្រីនិងសមត្ថកិច្ចប្រចាំការនៅច្រកទ្វារឲ្យខិតខំបង្កលក្ខណ:ងាយស្រួល និងពន្លឿនការបំពេញបែបបទឆ្លងដែនជូនបងប្អូនប្រជាពលរដ្ឋ និងពលករឲ្យបានឆាប់រហ័ស ចៀសវាងការយកកំរៃសេវាក្រៅផ្លូវការពីបងប្អូន”។ ក្រោយពីមានការពន្លឿននិងធ្វើការណែនាំសម្របសម្រួលលើបញ្ហាយកកំរ៉ៃសេវាមិនប្រក្រតីផ្ទាល់ពីអភិបាលខេត្ត ក្រុមពលករមានការសប្បាយចិត្ត និងបានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ដែលបានជួយដោះបន្ទុកដល់ពួកគាត់កុំឲ្យខាតពេលនិងបង់លុយច្រើន ខណះដែលពួកគាត់ម្នាក់ៗស្ទើររកលុយសល់ក្នុងខ្លួនមិនបាន បើសិនជាបង់ថ្លៃតាមមន្ត្រីទាមទារបន្ថែម៕ អត្ថបទ៖ សៅ សារិទ្ធ

website_news/2023240405.txt · Last modified: 2023/04/24 09:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki