website_news:2023240702

អាជ្ញាធរឥណ្ឌូនេស៊ី ថាមានការជួញដូរសរីរាង្គមនុស្សមកកម្ពុជា តែអាជ្ញាធរខ្មែរថាមិនទាន់ទទួលបានព័ត៌មាន

https://www.rfi.fr/km//20230722-ref=tgi ចុះផ្សាយនៅថ្ងៃ៖ 22/07/2023 - 08:36 ដោយ៖ជួប នរក្សា

អាជ្ញាធរឥណ្ឌូនេស៊ី បានឃាត់ខ្លួនមនុស្សចំនួន១២នាក់ ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរសរីរាង្គ (លក់ក្រលៀន) ជនរងគ្រោះជាង១០០នាក់ ចូលមកក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃសុក្រ។ យ៉ាងណាមិញ អាជ្ញាធរកម្ពុជាបានបញ្ជាក់ថា ខ្លួនមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ ហើយបានស្នើឲ្យអាជ្ញាធរឥណ្ឌូនេស៊ី សហការរកទីតាំងទិញលក់សរីរាង្គ ជាជាងចោទប្រកាន់មកលើប្រទេសកម្ពុជា។

អាជ្ញាធរឥណ្ឌូណេស៊ីបានចាប់ខ្លួនមនុស្ស ១២នាក់ រួមទាំងប៉ូលិសម្នាក់ និងមន្ត្រីអន្តោប្រវេសន៍ម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្ស ១២២នាក់ មកកម្ពុជា ដើម្បីលក់ក្រលៀន។ ប្រភពដែលជាប្រធានផ្នែកស៊ើបអង្កេតឧក្រិដ្ឋកម្មនៅ Jakarta លោក Hengki Haryadi បានអះអាងថា មនុស្សទាំង១២នាក់ ត្រូវបានចោទប្រកាន់ពីបទជ្រើសរើសមនុស្សមកពីទូទាំងប្រទេសឥណ្ឌូនេស៊ី តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបញ្ជូនពួកគេមកប្រទេសកម្ពុជាដើម្បីវះកាត់ប្តូរក្រលៀន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ Reuters។ បើតាមប្រភពដដែល គឺជនរងគ្រោះទាំង១១២រូប បានយល់ព្រមលក់សរីរាង្គរបស់ពួកគេដោយសារតែត្រូវការប្រាក់ ខណៈភាគច្រើនជាអ្នកបាត់បង់ការងារក្នុងអំឡុងពេលវិបត្តិកូវីដ១៩។ ជាថ្នូរមកវិញ ការលក់ក្រលៀននោះ គឺជនរងគ្រោះទទួលបានប្រាក់ចំនួន១៣៥លានរូពីដែលស្មើនឹងប្រមាណ៩០០៩ដុល្លារអាមេរិកនៅក្នុងម្នាក់។

យ៉ាងណាមិញ ព័ត៌មានពីការជួញដូរសរីរាង្គមនុស្សចូលមកទឹកដីកម្ពុជានេះ អាជ្ញាធរកម្ពុជាថាខ្លួនមិនទាន់បានទទួលព័ត៌មាននៅឡើយនោះទេ។ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសៅរ៍នេះ ដោយមិនបដិសេធថា បញ្ហាជួញដូរសរីរាង្គ ឬការលក់ក្រលៀន ចូលមកទឹកដីកម្ពុជា ថាជាការពិតឬយ៉ាងនោះទេ។ តែប្រសិនបើមានការឃាត់ខ្លួនបានជនល្មើសចំនួន១២រូបយ៉ាងដូច្នេះ អាជ្ញាធរឥណ្ឌូនេស៊ីគួរសុំការសហការជាមួយអាជ្ញាធរខ្មែរ ដើម្បីវែកមុខរកជនល្មើស និងទីតាំងដែលធ្វើសកម្មភាពទាំងនោះ។

បើតាមលោកស្រី ជូ ប៊ុនអេង ការលើកឡើងរបស់មន្ត្រីឥណ្ឌូនេស៊ី ហាក់ដូចជាច្បាស់ពេកដែលថា មានការជួញដូរសរីរាង្គមនុស្សនៅក្នុងប្រទេសកម្ពុជា ហើយប្រសិនបើករណីនេះពិតជាកើតមានមែន គឺអាជ្ញាធររវាងប្រទេសទាំងពីរគួរសហការស៊ើបអង្កេត ជាជាងការលើកឡើងក្នុងន័យចោទប្រកាន់មកលើកម្ពុជា។

គួរកត់សម្គាល់ថា ការលើកឡើងពីករណីជួញដូរមនុស្ស និងការជួញដូរសរីរាង្គមនុស្ស មកក្នុងប្រទេសកម្ពុជា បានកើតឡើងជាបន្តបន្ទាប់ នៅក្រោយពេលដែលកម្ពុជាបានរអិលធ្លាក់ទៅក្នុងបញ្ជីក្រហម នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សជាប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក ថាជាប្រទេសដែលប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានតិចតួចបំផុត។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៣ ដែលទើបនឹងចេញកាលពីពាក់កណ្តាលខែមិថុនា គឺកម្ពុជានៅតែមិនអាចគេចផុតពីចំណាត់ថ្នាក់ទី៣ ឬបញ្ជីក្រហមដដែល បើទោះបីជាអាជ្ញាធរកម្ពុជាបានចុះបង្រ្កាបទីតាំងមួយចំនួន និងសង្រ្គោះពលរដ្ឋបរទេសមួយចំនួន ដែលសង្ស័យថា ត្រូវឃុំឃាំងនៅតាមទីតាំងកម្សាន្តមួយចំនួនក្តី។ ការឲ្យចំណាត់ថ្នាក់ជាដដែលនេះ បានធ្វើឲ្យរដ្ឋាភិបាលកម្ពុជាមិនសប្បាយចិត្តសោះឡើយ ចំពោះទង្វើ និងសកម្មភាពដែលខ្លួនបានស្រោចស្រង់ឡើងវិញ។ រដ្ឋាភិបាលកម្ពុជា យល់ថា ការឲ្យចំណាត់ថ្នាក់កម្ពុជា ស្ទួន២ឆ្នាំជាប់គ្នាក្នុងបញ្ជីក្រហម គឺអាមេរិកមានចេតនាមិនឲ្យកម្ពុជាងើបមុខរួច លើឆាកអន្តរជាតិ៕

website_news/2023240702.txt · Last modified: 2023/07/25 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki