website_news:2023240803

គណៈកម្មាធិការប្រឆាំងការជួញដូរមនុស្សជំរុញមន្ត្រីខិតខំបំពេញការងារឲ្យមានប្រសិទ្ធភាពខ្ពស់

https://www.khmertimeskh.com/501348401// តន វិបុល / Khmer Times August 24, 2023

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រសិទ្ធភាពនៃការជួយសង្គ្រោះជនរងគ្រោះពីអំពើជួយដូរមនុស្ស និងឈានដល់ការបង្ក្រាបជនល្មើសទាន់ពេលវេលា។ ការជំរុញនេះ ធ្វើឡើងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ដល់មន្ត្រីជំនាញមកពីខេត្តកំពង់ធំ និងព្រៃវែង ដែលរៀបចំធ្វើឡើងនៅរាជធានីភ្នំពេញពីម្សិលមិញ។

លោកស្រីបានបញ្ជាក់ថា ការរៀបចំកម្មវិធីបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់លើការកំណត់អត្តសញ្ញាណបឋមរបស់ជនរងគ្រោះពីអំពើជួញដូរមនុស្ស ប៉ុន្តែដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះបានលុះត្រាតែពួកគេសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តស៊ើបអង្កេតស្វែងរកអត្តសញ្ញាណជនល្មើស។ លោកស្រីបន្តថា ក្នុងដំណាក់កាលនេះ គណៈកម្មាធិការជាតិកំពុងពិនិត្យ និងកែលម្អលើបទដ្ឋាន និងយុទ្ធសាស្ត្រ ដែលបានអនុវត្តតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ ក្រោយពីការកែលម្អរួចហើយ គណៈកម្មាធិការជាតិនឹងចុះបណ្ដុះបណ្ដាលមន្ត្រីរបស់ខ្លួននៅទូទាំងប្រទេស។ លោកស្រីបានបន្ថែមថា កម្មវិធីនេះ គឺជាការបណ្ដុះបណ្ដាលដល់មន្ត្រីជួរមុខ ដែលអនុវត្តការងារនៅតាមមូលដ្ឋាន ព្រោះពួកគេមានឱកាសជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដែលងាយស្រួលដល់ការកំណត់អត្តសញ្ញាណជនរងគ្រោះពិតប្រាកដពីអំពើជួញដូរមនុស្ស។

លោកស្រីមានប្រសាសន៍ថា៖ «ប្រសិនបើយើងកំណត់អត្តសញ្ញាណមិនបានត្រឹមត្រូវទេ គឺស្មើនឹងយើងមិនបានជួយដល់ជនរងគ្រោះពិតប្រាកដទេ។ បន្ថែមលើសពីនេះ គឺនៅពេលខ្លះមានជនក្លែងបន្លំជាជនរងគ្រោះដោយសារការជួញដូរមនុស្ស ហើយពេលខ្លះទៀតពួកគេជាជនរងគ្រោះដែរប៉ុន្តែមិនមែនជាជនរងគ្រោះដោយសារអំពើជួញដូរមនុស្សឡើយ»។ លោកបានបញ្ជាក់បន្ថែមថា៖ «ដូច្នេះប្រសិនបើយើងជាមន្ត្រី ជាសមត្ថកិច្ចផ្នែកនេះមិនសហការគ្នាទេ គឺយើងមិនអាចតាមចាប់ជនល្មើសដែលមានបណ្ដាញច្រើនឡើយ ព្រោះពួកគេមិនបញ្ឈប់ ឬមួយលះបង់ការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មជួញដូរមនុស្សនោះទេ»។

លោកស្រីសង្កត់ធ្ងន់ថា ក្រោមហេតុផលនេះហើយដែលចាំបាច់ត្រូវកំណត់អត្តសញ្ញាណ និងទិន្នន័យឱ្យបានច្បាស់លាស់ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសារអំពើជួញដូរមនុស្សពិតប្រាកដ ហើយក៏មានបំណងតាមដានរូបភាពជួញដូរមនុស្សមានការប្រែប្រួលដូចម្ដេច។ ចំណែកមន្ត្រីជួរមុខ គឺចំណុចសំខាន់បំផុត ក្នុងការធ្វើសកម្មភាពលើកិច្ចការនេះ។ ដូច្នេះមន្ត្រីទាំងនោះចាំបាច់ត្រូវទទួលបានការពង្រឹងសមត្ថភាពនេះ។ លោកស្រី បានលើកឡើងថា ជនរងគ្រោះពីការជួញដូរមនុស្សភាគច្រើន ជាអ្នកដែលត្រូវបានគេនាំចេញទៅក្រៅកន្លែងផ្សេង។ នៅពេលពួកគេត្រឡប់មកវិញ មន្ត្រីជួញមុខនឹងចុះជួបផ្ទាល់ជាមួយពួកគេ ដែលអាចជាជនរងគ្រោះពីអំពើជួញដូរមនុស្ស។ ប្រសិនបើពួកគេជាជនរងគ្រោះពិតប្រាកដ មន្ត្រីគណៈកម្មាធិការជាតិនឹងជួយតាមសេចក្ដីត្រូវការរបស់ពួកគេ។

សម្រាប់ឆមាសទី១ ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានរកឃើញអំពើជួញដូរមនុស្សប្រមាណ៨០ករណី ដែលក្នុងនោះមានទាំងការជួញដូរផ្លូវភេទ និងការជួញដូរកម្លាំងពលកម្ម។ ចំណែកករណីជួយសង្គ្រោះជនរងគ្រោះពីអំពើជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង មិនអាចទាន់បញ្ជាក់បាននៅឡើយទេ ព្រោះលោកស្រីមិនទាន់មានទិន្នន័យនៅក្នុងដៃ៕

website_news/2023240803.txt · Last modified: 2023/08/24 09:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki