website_news:2023241002

Amnesty International៖ អាជ្ញាធរខ្មែរអាចជាប់ពាក់ព័ន្ធពីការទទួលសំណូកក្នុងបទល្មើសឆបោកអនឡាញ

https://www.rfi.fr/km//20231021-amnesty-international?utm_medium=social&utm_campaign=telegram&utm_source=shorty ចុះផ្សាយនៅថ្ងៃ៖ 21/10/2023 - 14:07

ក្នុងបទសម្ភាសជាមួយ Amnesty International អ្នករាយការណ៍ពិសេស UN និងឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស OHCHR បានចោទប្រកាន់ថា អាជ្ញាធរកម្ពុជា អាចមានជាប់ពាក់ព័ន្ធនឹងការទទួលយកសំណូក ពីអ្នកឆបោកអនឡាញ និងម្ចាស់កាស៊ីណូ។ ជាការចោទប្រកាន់ នៅចំពោះមុខកំណើនគួរឲ្យកត់សម្គាល់ នៃបទល្មើសជួញដូរមនុស្សទាក់ទងនឹងអំពើឆបោកតាមអនឡាញ។ នេះបើតាម Amnesty International ខណៈអ្នករាយការណ៍ពិសេស UN ក៏បានអះអាងថា ជនរងគ្រោះពីការជួញដូរមនុស្សក្នុងក្រុងព្រះសីហនុតែមួយ អាចមានដល់ទៅ១០ម៉ឺននាក់។ ការកើនឡើងគួរឲ្យកត់សម្គាល់ នៃអំពើជួញដូរមនុស្សពាក់ព័ន្ធនឹងការឆបោកអនឡាញ និងប្រតិបត្តិការកាស៊ីណូ គឺជាក្ដីបារម្ភមួយ ក្នុងចំណោមក្ដីបារម្ភ ស្ដីពីបញ្ហាសិទ្ធិមនុស្សមួយចំនួនទៀត ដែលអង្គការ Amnesty International ដាក់បញ្ចូលក្នុងរបាយការណ៍របស់ខ្លួន។ ជារបាយការណ៍ត្រៀមដាក់ទៅក្រុមការងារពិនិត្យជាសលកតាមកាលកំណត់ (UPR) ដែលនឹងត្រូវពិនិត្យកំណត់ត្រាសិទ្ធិមនុស្សរបស់កម្ពុជា នៅខែឧសភា ឆ្នាំ២០២៤ខាងមុខ។

ពាក់ព័ន្ធនឹងបញ្ហាជួញដូរមនុស្ស របាយការណ៍របស់ Amnesty International គូសបញ្ជាក់ថា ក្នុងប្រទេសកម្ពុជា ទីតាំងប្រព្រឹត្តអំពើជួញដូរមនុស្សជាច្រើន នៅតែបើកដំណើរការ និងមិនត្រូវបានបិទពិតប្រាកដឡើយ បើទោះបីជនល្មើសរាប់រយនាក់ ត្រូវបានអាជ្ញាធរកម្ពុជារកឃើញ តាមរយៈការចុះបង្ក្រាបក្នុងក្រុងភ្នំពេញ និងព្រះសីហនុក្ដី។ កាលពីខែកញ្ញា ឆ្នាំ២០២២ អ្នករាយការណ៍ពិសេសUN បានអះអាងពីការសរសេរទៅកាន់រដ្ឋាភិបាលកម្ពុជាដោយគូសបញ្ជាក់ថា ក្នុងក្រុងព្រះសីហនុតែឯង អាចមានជនរងគ្រោះពីការជួញដូរមនុស្សដល់ទៅ១០ម៉ឺននាក់ឯណោះ។ នៅចំពោះមុខកំណើនគួរឲ្យកត់សម្គាល់នេះហើយ ដែលអ្នករាយការណ៍ពិសេស UN រួមជាមួយឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ចោទប្រកាន់ថា អាជ្ញាធរកម្ពុជាអាចមានជាប់ពាក់ព័ន្ធនឹងការទទួលយកសំណូកពីអ្នកឆបោកអនឡាញ និងម្ចាស់កាស៊ីណូ។

ក្រៅពីនេះតាម Amnesty International ដដែល ជនរងគ្រោះក្រោមអំពើអមនុស្សធម៌គ្រប់រូបភាព ក្រោយត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរកម្ពុជា ពួកគេជាច្រើនក៏ត្រូវបានយកទៅដាក់នៅមជ្ឈមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ ជាច្រើនខែ ដែលមានលក្ខណៈណែនតែនតាប់ ហើយគ្មានឱកាសទទួលបានការប្រឹក្សាផ្នែកជាដើម។ មិនតែប៉ុណ្ណោះ ពួកគេភាគច្រើន ក៏ត្រូវបានតម្រូវឲ្យបង់ថ្លៃអាហារផងដែរ។ បន្ទាប់ពីការកត់សម្គាល់ឃើញយ៉ាងដូច្នេះ Amnesty International បានផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ជនរងគ្រោះដោយការជួញដូរ និងធានាថា សិទ្ធិសេរីភាពរបស់ពួកគេមិនត្រូវបានដកហូត និងអាចទទួលបានការផ្ដល់ប្រឹក្សាផ្នែកច្បាប់តាមការចាំបាច់។ ទន្ទឹមនឹងនេះ ត្រូវផ្ដល់ការគាំទ្រដល់អ្នករួចផុតពីការជួញដូរ ដូចជាការគាំទ្រផ្នែកច្បាប់ និងការសម្របសម្រួលបញ្ជូនពួកគេទៅប្រទេសកំណើតវិញ នៅពេលមានការស្នើសុំ និងស្ថានភាពមានសុវត្ថិភាព ជាពិសេសចំពោះស្រ្តី កុមារ និងក្រុមមនុស្សងាយរងគ្រោះ។

សូមបញ្ជាក់ថា ក្រៅពីបទល្មើសជួញដូរមនុស្ស ក្ដីបារម្ភស្ដីពីបញ្ហាសិទ្ធិមនុស្សមួយចំនួនទៀត ដែលអង្គការ Amnesty International ដាក់បញ្ចូលក្នុងរបាយការណ៍របស់ខ្លួន មានដូចជា ការបណ្ដេញពលរដ្ឋដោយបង្ខំក្នុងតំបន់អង្គរ ការរំលោភបំពានលើជនរងគ្រោះពីការសេពគ្រឿងញៀន ការធ្វើទារុណកម្មនិងការឃុំខ្លួនតាមអំពើចិត្តក្នុងយុទ្ធនាការបោសសម្អាតគ្រឿងញៀន សិទ្ធិជនជាតិដើមភាគតិច និងការបាត់ខ្លួនរបស់សកម្មជននយោបាយថៃលោក Wanchalearm Satsaksit៕

website_news/2023241002.txt · Last modified: 2023/10/24 10:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki