website_news:2023241003

ក្រសួងទូរគមនាគមន៍ឥណ្ឌូនេស៊ីរកឃើញម៉ាស៊ីនមេល្បែងស៊ីសងអនឡាញដែលដាក់នៅកម្ពុជានិងហ្វីលីពីន

https://www.khmertimeskh.com/501380054//?p=1380054 October 22, 2023

លោក Budi Arie Setiadi រដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ និងព័ត៌មានឥណ្ឌូណេស៊ី បានបញ្ជាក់ថា ម៉ាស៊ីនមេ (servers) នៃគេហទំព័រល្បែងស៊ីសងអនឡាញ ដែលកំពុងរីករាលដាលនៅក្នុងប្រទេស ត្រូវបានដាក់នៅក្នុងប្រទេសកម្ពុជា និងហ្វីលីពីន ដែលសកម្មភាពល្បែងស៊ីសងទាំងនេះ គឺខុសច្បាប់។ លោក Budi Arie បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងកណ្តាលទីក្រុងហ្សាកាតា កាលពីថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ ថា “ម៉ាស៊ីនមេមានទីតាំងនៅក្នុងប្រទេសកម្ពុជា និងហ្វីលីពីន”។ យ៉ាងណាមិញ ទោះបីជាទីតាំងត្រូវបានរកឃើញក៏ដោយ ក៏អ៊ីនធឺណិតប្រូតូកូល ឬអាសយដ្ឋាន IP នៅតែបន្តផ្លាស់ប្តូរ។ ដូច្នេះហើយក្រសួងទូរគមនាគមន៍ និងព័ត៌មានឥណ្ឌូនេស៊ី បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការទប់ស្កាត់គេហទំព័រដែលទាក់ទងនឹងល្បែងស៊ីសង។

វិធានការនានាដែលធ្វើឡើង ដើម្បីដោះស្រាយសកម្មភាពខុសច្បាប់នៅក្នុងប្រទេស រួមមានការទប់ស្កាត់ការផ្សព្វផ្សាយ ការផ្តាច់ការចូលទៅកាន់គេហទំព័រ និងការបិទគណនីធនាគារដែលភ្ជាប់ទៅនឹងល្បែងស៊ីសង។ ក្រសួងក៏បានសហការជាមួយប្រតិបត្តិករទូរស័ព្ទដើម្បីត្រួតពិនិត្យលេខដែលប្រើដើម្បីផ្សព្វផ្សាយល្បែងស៊ីសង។ លោក Budi Arie បាននិយាយថា “ពួកគេប្រើលេខបរទេស ប៉ុន្តែយើងកំពុងបន្តទប់ស្កាត់វា” ។

លោកបានថ្លែងថា ចាប់ពីថ្ងៃទី១៨ ខែកក្កដា ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្រសួងបានធ្វើការផ្តាច់ការចូលប្រើមាតិកាល្បែងស៊ីសងអនឡាញចំនួន ៤២៥,៥០៦ នៅលើវេទិកាផ្សេងៗ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ លោក Budi Arie ក៏បាននិយាយផងដែរថា ក្រសួងបានស្នើឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត (ISP) និងប្រតិបត្តិករទូរស័ព្ទចល័តបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ការលេងល្បែងស៊ីសងអនឡាញ និងឱ្យតាមដានបន្ទាន់លើសំណើសុំបិទការចូលដំណើរការដែលយើងបានធ្វើ»។ Tempo.co

website_news/2023241003.txt · Last modified: 2023/10/24 10:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki