website_news:2023241005

ជប៉ុនស្នើកម្ពុជារួមគ្នាបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ខណៈបទល្មើសមួយនេះបានធ្វើឲ្យជនជាតិ ជប៉ុនបាត់បងលុយរាប់ពាន់លានដុល្លារ

https://btv.com.kh/article/32999 2023/10/22 08:53:46 pm

ភ្នំពេញ÷ លោក Yoshimi Ogata អគ្គនាយករងទទួលកិច្ចការបរទេស នៃទីភ្នាក់ងារជាតិនគរបាលជប៉ុន បានស្នើសុំដល់នគរបាលកម្ពុជារួមគ្នាទប់ស្កាត់ និងបង្រ្កាបបទល្មើសតាមអនឡាញឲ្យបានសកម្ម និងទាន់ពេលវេលាបន្ថែមទៀត ខណៈបច្ចុប្បន្ននេះជនជាតិជប៉ុនរបស់លោក បានបាត់បង់ថវិការាប់ពានលានដុល្លារអាមេរិក ដោយសារតែបទល្មើសបច្ចេកវិទ្យាដ៏ទំនើបមួយនេះ។ ការស្នើសុំកិច្ចសហការជាមួយនគរបាលកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅប្រទេសឡាវ ខណៈដែលភាគីទាំងពីរអញ្ជើញទៅចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤១ ដែលប្រ ទេសឡាវធ្វើជាម្ចាស់ផ្ទះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ស្តីពីលទ្ធផល នៃការចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤១ រដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ Yoshimi Ogata បានថ្លែងនូវអំណរគុណនិងកោតសរសើរចំពោះនគរបាលជាតិកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ ដោយបានចាត់ទុកឆ្នាំ២០២២-២០២៣នេះ គឺជាឆ្នាំនៃសមិទ្ធផលកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិជប៉ុន។

លោក Yoshimi Ogata បានលើកឡើងទៀតជាមួយនឹងសមិទ្ធផលដែលភាគីទាំងពីរសម្រេចបាន នោះលោក ក៏បានលើកឡើងករណីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ទាំងក្នុងសកលលោក ក្នុងតំបន់និងក្នុងប្រទេសជប៉ុន ដែលបាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋជប៉ុន ជាច្រើននាក់រងគ្រោះបាត់បង់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាអាមេរិក។ជាមួយនឹងការផ្តល់កិច្ចសហការពីសំណាក់នគរបាលជាតិកម្ពុជា ដែលបានបង្ក្រាបមុខសញ្ញាមកសម្ងំលាក់ខ្លួនលួចលាក់ប្រព្រឹត្តបទល្មើសឆបោកឆ្លងដែនជាច្រើនករណីធំៗ តាងនាមឲ្យអគ្គស្នងការ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន បានគោរពស្នើសុំនគរបាលជាតិកម្ពុជា បន្តផ្តល់កិច្ចសហការឲ្យបានជិតស្និទ្ធ និងរឹងមាំថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាទំនើបនេះទាន់ពេលវេលា។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាក់ប្រាប់ដល់ភ្នាក់ងារនគរបាលជាតិជប៉ុន អំពីគោលជំហររបស់នគរបាលជាតិកម្ពុជាចំនួនផងដែរ ដោយក្នុងនោះនាយឧត្តម សេនីយ៍ បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា មិនត្រឹមថែប្តេជ្ញាបន្តថែរក្សានូវទំនាក់ទំនងដែលមានពីមុនជាមួយទីភ្នាក់ងារនគរបាលជាតិជប៉ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែនឹងបន្តធ្វើការពូនជ្រុំសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការដែលកំពុងមានស្រាប់នេះ ឲ្យកាន់តែទូលំទូលាយ រឹងមាំ ជិតស្និទ្ធ និងស៊ីជម្រៅប្រកបដោយវឌ្ឍនភាព។ ឆ្លើយតបទៅនឹងជំនួយឧបត្ថម្ភគាំទ្រផ្តល់ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន ជាមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស ជូនដល់កងកម្លាំងនគរបាលជាតិកម្ពុជារយៈកាលកន្លងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់កិច្ចសហការតាមការស្នើសុំស្របតាមគោលការណ៍ច្បាប់ និងបទដ្ឋានក្រោមច្បាប់ដែលពាក់ព័ន្ធ។ និងរាល់សំណើសុំកិច្ចសហការ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជានឹងផ្តល់ជូនភ្លាមៗនៅពេលទទួលបានព័ត៌មានច្បាស់លាស់និងមានភស្តុតាងឯកសារគ្រប់គ្រាន់ដែលជាមូលដ្ឋាននៃការបើកកិច្ចប្រតិបត្តិការ។

នៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើភាគីជប៉ុន ពិនិត្យលទ្ធភាពក្នុងការជួយអន្តរាគមន៍ចំពោះពលរដ្ឋកម្ពុជា ដែលមានបញ្ហាផ្លូវច្បាប់អន្តោប្រវេសន៍ក្នុងពេលរស់នៅបម្រើការងារ ក្នុងប្រទេសជប៉ុន ឆាប់បានបញ្ជូនត្រឡប់មកកម្ពុជាវិញ និងបានស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាល កសាងធនធានមន្រ្តីអនុវត្តច្បាប់លើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ ខណៈសំណើរខាងលើនេះត្រូវបានភាគីជប៉ុនទទួលយកទៅពិចារណា និងអន្តរាគមន៍ផងដែរ៕ អត្ថបទ ÷ បាន ចក់

website_news/2023241005.txt · Last modified: 2023/10/24 10:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki