website_news:2023241006

នគរបាលអូស្ត្រាលីចាត់ទុកនគរបាលកម្ពុជា ជាដៃគូនាំមុខក្នុងតំបន់ ដើម្បីទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ

https://www.btv.com.kh/article/33005 2023/10/23 09:45:38 am

លោកស្រី Lesa Jane GALE អគ្គស្នងការរងទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ នៃនគរបាលសហព័ន្ធអូស្រ្តាលី បានថ្លែងថា នគរបាលអូស្ត្រាលី បានចាត់ទុកអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា គឺជាដៃគូនាំមុខគេក្នុងតំបន់ លើកិច្ចសហប្រតិបត្តិការ ដើម្បីទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែនតែម្តង។ ការអះអាងរបស់លោកស្រី Lesa Jane GALE នេះគឺបានធ្វើឡើង នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅប្រទេសឡាវ ខណៈដែលភាគីទាំងពីរអញ្ជើញទៅចូលរួមសន្និសីទអាស៊ានណាប៉ូល លើកទី៤១ ដែលប្រ ទេសឡាវធ្វើជាម្ចាស់ផ្ទះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ស្តីពីលទ្ធផលនៃការចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤១រដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ អ្នកស្រី Lesa Jane GALEបាន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងនគរបាលសហព័ន្ធអូស្រ្តាលី និងនគរបាលជាតិ កម្ពុជា។ លោកស្រី«សូមចាត់ទុកនគរបាលជាតិកម្ពុជាគឺជាដៃគូសហប្រតិបត្តិការនាំមុខក្នុងតំបន់ ក្នុងកិច្ចប្រតិបត្តិការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆ្លងដែនមានអង្គការចាត់តាំង ដូចជា បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា បទល្មើសសំអាតប្រាក់….ក៏ដូចជាបទល្មើសផ្លូវភេទកុមារជាដើម»។

នៅចំពោះមុខអគ្គស្នងការនគរបាលជាតិកម្ពុជា លោកស្រី Lesa Jane GALE ក៏បានអះអាងផងដែរថា ក្នុងនាមឯកឧត្តមអគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលី និងក្នុងនាមជាថ្នាក់ដឹកនាំទទួលកិច្ចការទំនាក់ទំនងអន្តរជាតិ លោកស្រី ប្តេជ្ញារក្សាទំនាក់ទំនងជាមួយនគរបាលកម្ពុជាឲ្យកាន់តែមានវិសាលភាពទូលំទូលាយបន្ថែមទៀតនាពេលអនាគត។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា នគរបាលជាតិកម្ពុជារីករាយស្វាគមន៍ និងបើកទ្វាទទួលយករាល់កិច្ចសហការគ្រប់ពេលវេលា ដោយប្តេជ្ញារួមគ្នាបន្តអនុវត្តយន្តការដែលមានស្រាប់ ធ្វើការផ្លាស់ប្តូរព័ត៌មានបើកការស្រាវជ្រាវ ស៊ើបអង្កេត ឈានទៅបោសសំអាតក្រុមឧក្រិដ្ឋជនមានការចាត់តាំងគ្រប់ប្រភេទដែលរត់គេចខ្លួន ឬសម្ងំលាក់ខ្លួនប្រព្រឹត្តបទល្មើស ឬបង្កអស្ថិរភាពសន្តិសុខដល់ប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិកម្ពុជា ក៏បានថ្លែងនូវអំណរគុណចំពោះនគរបាលសហព័ន្ធអូស្ត្រាលី ដែលបានរួមចំណែកជួយជ្រោមជ្រែងដល់អាជ្ញាធរកម្ពុជា ក្នុងការប្រឹងប្រែងអនុវត្តបានជោគជ័យស្របតាមអនុសាសន៍របស់ក្រុមការងារប្រតិបត្តិការហិរញ្ញវត្ថុFATF ដែលធ្វើឲ្យប្រទេសកម្ពុជា បានចេញផុតពីបញ្ជីប្រផេះ នៃការសម្អាតប្រាក់។ ជាមួយនិងជោគជ័យដ៏ត្រចះត្រចង់នេះ នគរបាលជាតិកម្ពុជានឹងបន្តខិតខំប្រឹងប្រែងអនុវត្តកិច្ចការនេះឲ្យបានជាប់ជាប្រចាំ ដើម្បីជំរុញចំណាត់ថ្នាក់កម្ពុជាឲ្យកាន់តែល្អក្នុងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នេះ។

នៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើសុំនគរបាលសហព័ន្ធអូស្រ្តាលីបន្តពិនិត្យលទ្ធភាពរៀបចំវគ្គបណ្តុះបណ្តាល បង្កើនសមត្ថភាពមន្រ្តីជំនាញ ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗឆ្លើយតបបានទាន់ពេលវេលា ចំពោះបទល្មើសប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងមានកំណើន និងគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងក្នុតំបន់ និងសកលលោកផងដែរ៕ អត្ថបទបាន ចក់

website_news/2023241006.txt · Last modified: 2023/10/24 10:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki