website_news:2023241101

ក្រសួង ២ នឹងធ្វើការសិក្សាលើបញ្ហាការរំលោភពលកម្មកុមារនៅតាមសិប្បកម្មឡឥដ្ឋ

https://www.postkhmer.com/national/2023-11-21-1827-256189 ២១ វិច្ឆិកា ២០២៣ | ១៨:២៤ អ្នកយកព័ត៌មាន:ជា សុខនី

ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ នឹងធ្វើការសិក្សាដោយយកចិត្តទុកដាក់ លើបញ្ហាការរំលោភពលកម្មកុមារ នៅតាមសិប្បកម្មឡឥដ្ឋ បន្ទាប់ពីអង្គការការពារសិទ្ធិមនុស្សលីកាដូ រកឃើញថា ការប្រើប្រាស់កម្លាំងពលកម្មកុមារ នៅតែបន្តរីករាលដាលនៅតាមសិប្បកម្មផលិតឥដ្ឋ។

លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានប្រាប់ឱ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកាថា មកដល់ពេលនេះ ក្រសួងមិនទាន់ទទួលបានរបាយការណ៍ណាជាក់លាក់ពីអង្គការលីកាដូនៅឡើយទេ ប៉ុន្តែចំពោះករណីនេះ ក្រសួងនឹងសិក្សាមើល និងធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់ជាមួយក្រសួងការងារ។ លោកបន្តថា ទោះបីជាយ៉ាងណាទាំងរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង គឺមិនគាំទ្រ និងមិនលើកទឹកចិត្តឱ្យមានករណីប្រើប្រាស់កម្លាំងពលកម្ម និងកេងប្រវ័ញ្ចកម្លាំងពលកម្មលើកុមារនោះទេ ខណៈដែលកម្ពុជា ជាប្រទេសរដ្ឋហត្ថលេខីនៃអនុសញ្ញាស្ដីពីសិទ្ធិកុមារ។

លោក ឯម ច័ន្ទមករា បានថ្លែងថា៖ «ក្រសួងមិនមានការគាំទ្រឱ្យមានការប្រើប្រាស់កម្លាំងពលកម្មលើកុមារដែលមានអាយុក្រោម ១៨ឆ្នាំនោះទេ ដូច្នេះការប្រើប្រាស់កម្លាំងពលកម្មលើកុមារក្រោមអាយុនេះ គឺជាការខុសទៅនឹងអ្វីដែលបានចែងនៅក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមារ»។ បើតាមលោក ឯម ច័ន្ទមករា កន្លងមកនេះក្រសួងសង្គមកិច្ច ក៏ដូចជានាយកដ្ឋានជំនាញ បានយកចិត្តទុកដាក់ណាស់ទៅលើការអនុវត្តលើកកម្ពស់សិទ្ធិកុមារ ក៏ប៉ុន្តែនៅតែមានកន្លែងខ្លះ បានលួចប្រើប្រាស់កម្លាំងពលកម្មកុមារ នៅតាមសិប្បកម្មផលិតឥដ្ឋ និងការងារតាមផ្ទះ ឬក៏ការលក់ផ្កាជាដើម។

ចំណែក លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ ក៏បានប្រាប់ឱ្យដឹងដែរថា រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តច្បាប់ការងារឱ្យមានប្រសិទ្ធភាពនៅគ្រប់រោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម និងស្ថាប័នសាធារណៈ និងឯកជន ដែលស្ថិតក្រោមច្បាប់ស្ដីពីការងារ។ លោកបានបន្តថា គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣នេះ ក្រសួងការងារ បានខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ពលកម្មកុមារ និងទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារដូចជា ការចុះធ្វើអធិការកិច្ចការងារនៅតាមរោងចក្រ សហគ្រាស និងសិប្បកម្មជាប្រចាំ និងការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ពីការប្រើប្រាស់កម្លាំងពលកម្មកុមារនៅតាមសិប្បកម្មផលិតឥដ្ឋ និងឧស្សាហកម្មផ្សេងៗទៀតផងដែរ។

លោក កត្តា អ៊ន បញ្ជាក់ថា៖ «ក្រសួងនឹងធ្វើការស៊ើបអង្កេត ក្នុងករណីសង្ស័យរកឃើញម្ចាស់រោងចក្រ សហគ្រាស និងសិប្បកម្មណាដែលមានការប្រើប្រាស់កម្លាំងពលកម្មកុមារ ឬទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារដែលល្មើសច្បាប់ស្ដីពីការងារ នឹងត្រូវទទួលរងការផាកពិន័យ ឬក៏អាចឈានដល់ការបិទអាជីវកម្មឬអាចប្រឈមនឹងបទល្មើសព្រហ្មទណ្ឌផងដែរ»។ ទន្ទឹមនេះ លោកក៏បានអំពាវនាវឱ្យអង្គការសង្គមស៊ីវិលនានា និងសាធារណជន ចូលរួមរាយការណ៍ពីករណីមានការប្រើប្រាស់កម្លាំងពលកម្មកុមារ ដើម្បីឱ្យក្រសួងចាត់វិធាន និងផ្ដល់កិច្ចអន្តរាគមន៍បានទាន់ពេលវេលា។

website_news/2023241101.txt · Last modified: 2023/11/24 10:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki