website_news:2023241103

អង្គការ IOM រកឃើញជនចំណាកស្រុកនៅកម្ពុជា ប្រឈមនឹងឧបសគ្គក្នុងការទទួលបានសេវាថែទាំសុខភាព ដើម្បីបង្ការជំងឺឆ្លង

https://www.postkhmer.com/national/2023-11-22-1748-256221 ២២ វិច្ឆិកា ២០២៣ | ១៧:៤៤ អ្នកយកព័ត៌មាន:ជា សុខនី

ភ្នំពេញៈ របាយការណ៍របស់អង្គការទេសន្ដរប្រវេសន៍អន្ដរជាតិ (IOM) បានរកឃើញជន ចំណាកស្រុកនៅកម្ពុជា ប្រឈមមុខនឹងឧបសគ្គជាច្រើនក្នុងការទទួលបានសេវាថែទាំសុខភាព ដើម្បីបង្ការជំងឺឆ្លង ខណៈដែលរបាយការណ៍នេះក៏បានផ្ដល់អនុសាសន៍ក្នុងការបង្កើតគោលនយោបាយរួមបញ្ជូលជនចំណាកស្រុកផងដែរ។ ការរកឃើញបែបនេះ តាមរយៈការសិក្សាស្រាវជ្រាវនៅក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តស្ទឹងត្រែង ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលជាខេត្តមានព្រំដែនជាប់ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសឡាវ ជាប្រទេសដែលមានប្រជាជនខ្មែរធ្វើចំណាកស្រុកទៅរស់នៅ និងប្រកបការងារ។

នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការ IOM ដែលមានចំណងជើងថា «ជំងឺឆ្លង និងការទទួលបានសុខភាពក្នុងចំណោមជនចំណាកស្រុកនៅកម្ពុជា» ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន និងអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ជនចំណាកស្រុកសរុបចំនួន ៤៦២ នាក់ មកពីខេត្តចំនួន ៥ នៅកម្ពុជា បានធ្វើការស្ទង់មតិទៅលើចំណេះដឹង និងឥរិយាបថ ពីការផ្ដល់សេវាទាក់ទងនឹងមេរោគអេដស៍/ជំងឺអេដស៍ ជំងឺរបេង ជំងឺរលាកថ្លើមប្រភេទ B ជំងឺរលាកថ្លើមប្រភេទ C ជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺឆ្លងផ្សេងៗទៀត។

ប្រភពដដែលបន្តថា លទ្ធផលស្ទង់មតិនេះ រកឃើញថា ជនចំណាកស្រុក កំពុងប្រឈមនឹងឧបសគ្គជាច្រើនទាំងការយល់ដឹង ភាសា កង្វះខាតគោលនយោបាយ យុទ្ធសាស្ត្រជាតិ ដែលរួមបញ្ចូលជនចំណាកស្រុក។ ទន្ទឹមនឹងនេះដែរ ក៏បានរកឃើញថា ការអប់រំ ផ្សព្វផ្សាយទាក់ទងនឹងជំងឺទាំងអស់នោះក៏បានថយចុះដែរ ហើយអត្រានៃការធ្វើតេស្តស្វែងរកជំងឺទាំងនេះ ក៏មិនមានជនចំណាកស្រុកណាម្នាក់ធ្លាប់បានធ្វើតេស្តរកផងទេ។

របាយការណ៍បញ្ជាក់ថា៖ «ជនចំណាកស្រុក ប្រឈមមុខនឹងឧបសគ្គជាច្រើនក្នុងការទទួលបានសេវាថែទាំសុខភាពសំខាន់ៗ ដោយសារកត្តាមួយចំនួនរួមមាន ស្ថានភាពចំណាកស្រុកមិនទៀងទាត់ ឧបសគ្គភាសា កង្វះគោលនយោបាយសុខភាពរួមបញ្ចូលជនចំណាកស្រុក និងលទ្ធភាពមិនអាចសម្រេចបាននូវគោលដៅសុខភាពសកលដូចជា ការការពារនិងបង្ការជំងឺឆ្លងផ្សេងៗ»។ ប្រភពដដែលថា ហេតុនេះធ្វើឱ្យមានអត្រាឈឺ និងការស្លាប់ខ្ពស់ក្នុងចំណោមជនចំណាកស្រុក ជាពិសេសក្នុងស្ថានភាពចំណាកស្រុកខុសច្បាប់ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម គឺជាការព្រួយបារម្ភផ្នែកសុខភាពដែលភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់។

អង្គការ IOM បានលើកឡើងជាអនុសាសន៍ដែរថា ដើម្បីអាចចូលរួមចំណែកដោះស្រាយបញ្ហាឧបសគ្គទាំងអស់បាន ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវបង្កើតទំនាក់ទំនងល្អជាមួយអង្គការដៃគូពាក់ព័ន្ធ ទៅលើការគាំទ្រ អប់រំ និងធ្វើយុទ្ធនាការផ្សព្វផ្សាយពីជំងឺទាំងអស់ទៅកាន់សហគមន៍មូលដ្ឋាន ជាពិសេសក្រុមជនគោលដៅ។ លើសពីនេះទៀត ត្រូវកសាងគោលនយោបាយ យុទ្ធសាស្ត្រសម្រាប់ការពារជនចំណាកស្រុក និងពង្រឹងការអនុវត្តផែនការដែលមានស្រាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។

ប្រធាននាយកដ្ឋានជំងឺឆ្លងនៃក្រសួងសុខាភិបាល លោក លី សូវ៉ាន់ នៅថ្ងៃទី២២ ខែវិច្ឆិកា មិនអាចសុំអត្ថាធិប្បាយបានទេ ដោយហេតុជាប់ប្រជុំ។

website_news/2023241103.txt · Last modified: 2023/11/24 10:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki