website_news:2023250106

ស្ថានទូតហ្វីលីពីនបញ្ជូនជួយជនរងគ្រោះ៨នាក់ដែលសង្គ្រោះចេញពីកន្លែងជួញដូរមនុស្សនៅកម្ពុជា

https://www.rfa.org/khmer/news/human-rights/philippine-embassy-prepares-to-repatriate-8-victims-of-human-trafficking-in-cambodia-01222023084808.html ដោយ សេក បណ្ឌិត2023.01.22

ស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា (Philippine) ត្រៀមរៀបចំបញ្ជូនពលរដ្ឋហ្វីលីពីនចំនួន៨នាក់ ដែលរងគ្រោះពីការជួញដូរមនុស្សនៅកម្ពុជា។ សារព័ត៌មាន ស៊ី.អ៊ិន.អ៊ិន ហ្វីលីពីន (CNN) ចុះផ្សាយថា ជនរងគ្រោះជាជនជាតិហ្វីលីពីន៨នាក់នេះ ត្រូវបានជនជាតិចិន លួងលោមឲ្យទៅធ្វើការងារនៅកម្ពុជា ហើយបន្ទាប់មកបង្ខាំងនិងបង្ខំពួកគេឲ្យធ្វើការឆបោកតាមប្រព័ន្ធអ៊នឡាញ(Oline)។ វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបបន្ថែមពីស្ថានទូតហ្វីលីពីនប្រចាំកម្ពុជាបានទេនៅថ្ងៃទី២១ មករា។ទោះជាយ៉ាងណា មន្ត្រីក្រសួងការបរទេសហ្វីលីពីនប្រាប់សារព័ត៌មានស៊ី.អ៊ិន.អ៊ិន ហ្វីលីពីនថា“ស្ថានទូតនៅភ្នំពេញ បានស្នើសុំក្រសួងការបរទេសជួយផ្ដល់ជំនួយហិរញ្ញវត្ថុសម្រាប់ធ្វើមាតុភូមិនិវត្តន៍ប្រជាជនហ្វីលីពីនទៅផ្ទះវិញឆាប់ៗនេះ”។

ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ(Licadho) លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែពិនិត្យមើលលទ្ធភាពបញ្ជូនជនរងគ្រោះទាំងនោះត្រឡប់ទៅវិញ។លោកបន្តថាការជួញដូរមនុស្សនៅកម្ពុជាស្ថិតនៅក្នុងក្ដីព្រួយបារម្ភនៅឡើយ ដូច្នេះរដ្ឋាភិបាលគួរពង្រឹងការអនុវត្តច្បាប់ ពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធ ហើយ បើសិនជាមានមន្ត្រីពាក់ព័ន្ធនឹងការជួញដូរមនុស្សគឺត្រូវដាក់ទោសមិនថាមន្ត្រីតាមច្បាប់។ ក្រៅពីនេះលោកជំរុញអាជ្ញាធរកម្ពុជាត្រូវបង្កើនកិច្ចសហប្រតិបត្តិជាមួយប្រទេសជិតខាង ដើម្បីទប់ស្កាត់កុំឱ្យមានលំហូរការជួញដូរមនុស្សពីប្រទេសជិតខាង និងលុបបំបាត់អំពើពុករលួយ។ លោក អំ សំអាត៖ «ផលប៉ះពាល់ទាក់ទងនឹងបញ្ហាសុខភាព សុវត្ថិភាព បញ្ហាសេដ្ឋកិច្ចគ្រួសារបញ្ហាមួយទៀតគឺវាជះឥទ្ធិពលមិនល្អសម្រាប់សង្គមជាតិយើងគឺធ្វើឱ្យកម្ពុជាយើងរងនៅការរិះគន់បន្តទៀតទាក់ទងនឹងការជួញដូរមនុស្សហ្នឹង អ៊ីចឹងកាលណាកម្ពុជាយើងស្ថិតនៅក្នុងបញ្ជីខ្មៅឬការរិះគន់ធ្ងន់ធ្ងរគឺវាប៉ះពាល់តទៅទៀតដូចជាការអភិវឌ្ឍន៍គ្រប់វិស័យ ទេសចរណ៍សន្តិសុខសុវត្ថិភាពករណីនៃការជួញដូរមនុស្សនៅតែបន្តហើយកើតឡើង»។

កន្លងមកក្រសួងមហាផ្ទៃ បានជួយសង្គ្រោះជនរងគ្រោះរាប់រយនាក់ ចេញពីអគារក្រុមហ៊ុននានានៅក្នុងភ្នំពេញ ខេត្តព្រះសីហនុ និងតាមបណ្ដាខេត្តផ្សេងៗទៀត ដែលរងគ្រោះដោយសារតែអំពើជួញដូរមនុស្ស។ជនរងគ្រោះដែលសមត្ថកិច្ចជួយសង្គ្រោះកន្លងមករួមមានជនជាតិឥណ្ឌូណេស៊ី វៀតណាម ថៃ ម៉ាឡេស៊ី ចិន ប៉ាគីស្ថាន ឥណ្ឌា មីយ៉ាន់ម៉ា ហ្វីលីពីនជាដើម ហើយតែងតែបញ្ជូនពួកគេទៅប្រទេសដើមវិញជាបន្តបន្ទាប់។ រដ្ឋាភិបាលនៃប្រទេសទាំងនោះរួមទាំងហ្វីលីពីនផង ក៏ធ្លាប់ស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា ជួយសង្គ្រោះពលរដ្ឋរបស់ខ្លួនចេញពីកន្លែងជួញដូរនោះដែរ។សារព័ត៌មានអន្តរជាតិធំៗរកឃើញថា មេខ្លោងជួញដូរមនុស្សទាំងនោះភាគច្រើនជាជនជាតិចិន ដែលឃុបឃិតជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងឧកញ៉ាមួយចំនួនរួមទាំងសាច់ញាតិរបស់លោក ហ៊ុន សែនផងដែរ។

កន្លងមកទោះបីជារដ្ឋាភិបាល លោក ហ៊ុន សែន សម្ដែងការបារម្ភអំពើការជួញដូរមនុស្សនេះ ប៉ុន្តែរដ្ឋាភិបាល និងស្ថាប័នអនុវត្តច្បាប់ មិនបានស៊ើបអង្កេតក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ៗដែលរងការចោទប្រកាន់ថា ជាមេខ្លោងឈរជើងកាងការពារឱ្យជនជាតិចិនប្រតិបត្តិការចាប់បង្ខាំង និងជួញដូរមនុស្សនៅកម្ពុជានេះនៅឡើយទេ និងថែមទាំងចេញការពារជនសង្ស័យទាំងនោះទៀតផង៕

website_news/2023250106.txt · Last modified: 2023/01/25 09:08 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki