website_news:2023250402

ក្រសួងកិច្ចការនារី និងគណៈមេធាវីកម្ពុជា រៀបចំកិច្ចពិភាក្សាដើម្បីផ្តល់សេវាការពារក្តីជូនស្រ្តី និងក្មេងស្រីរងគ្រោះឱ្យកាន់តែប្រសើរ

https://www.postkhmer.com/national/2023-04-21-1000-249260.html សុខ រក្សា | Publication date 21 April 2023 | 17:00 ICT

ក្រសួងកិច្ចការនារី និងគណ:មេធាវីកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការផ្តល់សេវាការពារក្តីជូនស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សា ដើម្បីបង្ហាញពីសមិទ្ធផលការងារ និងបញ្ហាប្រឈមសំដៅស្វែងរកដំណោះស្រាយរួមឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិតីភាពរដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី លោកស្រី អ៊ឹង កន្ថាផាវី និងមានការចូលរួមពីលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា ដែលជាដៃគូសហប្រតិបត្តិការរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត កាលពីថ្ងៃទី ២០ ខែមេសានេះ។ កិច្ចប្រជុំពិភាក្សានេះរៀបចំ និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ ក.ជ.ក.ស ក្នុងគោលបំណង ទី១ ការពិនិត្យ និងវាយតម្លៃលើការផ្តល់សេវាការពារក្តីដល់ស្រ្តី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សា និងការអប់រំច្បាប់ឆ្នាំ២០២២ និងផែនការការងារឆ្នាំ២០២៣។ ២ ពិនិត្យលើកិច្ចសហការដៃគូពាក់ព័ន្ធក្នុងការអនុវត្តគម្រោង និងវាយតម្លៃគុណភាពលើសេវាការពារសិទ្ធិស្រ្តី និងក្មេងស្រីរងគ្រោះឆ្នាំ២០២៣ និងកែសម្រួលការងារមួយចំនួន។ កិច្ចពិភាក្សាបានទទួលធាតុចូលពីអ្នកអនុវត្តផ្ទាល់ ក្នុងការរិះរកយុទ្ធសាស្ត្រដើម្បីបន្តអនុវត្តក្នុងតួនាទីជាអ្នកផ្តល់សេវាប្រកបដោយនិរន្តរភាពនិងប្រសិទ្ធភាពនិងសម្រេចនូវគោលដៅរួម ក្នុងការជួយស្ត្រីដែលជាជនរងគ្រោះក្នុងកម្រិតនៃកិច្ចព្រមព្រៀងដែលបានចុះក្នុងអនុស្សរណៈ។

លោក លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កិច្ចពិភាក្សានេះ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ដើម្បីបង្ហាញពីសមិទ្ធផលការងារ កំណត់ចំណុចខ្លាំង និងបញ្ហាប្រឈមក្នុងការផ្តល់សេវាការពារក្តីជូនស្រ្តីនិងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សាក្នុងឆ្នាំ២០២២ កន្លងមក។ លោកបន្ថែមថា៖«ការជួបជុំនេះ ក៏ពិភាក្សាស្វែងរកដំណោះស្រាយ ដើម្បីពង្រីក និងពង្រឹងសេវាការពារក្តីប្រកបដោយប្រសិទ្ធភាព គុណភាព និងទាន់ពេលវេលា ក្នុងបេសកកម្មស្វែងរកយុត្តិធម៌ជូនស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពីហិង្សា»។ ជាមួយគ្នានោះដែរលោក លី ច័ន្ទតុលា បានថ្លែងអរគុណចំពោះលោកស្រី អ៊ឹង កន្ថាផាវី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយគណ:មេធាវី តាមរយ:អនុស្សរណ:នៃការយោគយល់ដែលស្ថាប័នទាំងពីរបានចុះជាមួយគ្នា៕

website_news/2023250402.txt · Last modified: 2023/04/25 07:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki