website_news:2023250405

លោកជំទាវ ហ៊ុន ស៊ីណាត ចេញមុខអន្តរាគមន៍ជួយរាស្ត្រជុំវិញរឿងយកលុយពលករខ្មែរនៅច្រកឡែម

https://kohsantepheapdaily.com.kh/article/1724336.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ២២ ខែ មេសា ឆ្នាំ ២០២៣ ម៉ោង ១៥:៣៩

រាជធានីភ្នំពេញ ៖ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលថ្មីៗនេះបានស្នើទៅអភិបាលខេត្តបាត់ដំបង លោក សុខ លូ ឱ្យជួយដោះស្រាយបញ្ហាដែលកើតមាននៅច្រកព្រំដែន ឡែម ជុំវិញរឿងរ៉ាវមន្ត្រីនៅច្រកទ្វារមួយនេះបានកៀបសង្កត់យកលុយពីពលករខ្មែរដែលធ្វើដំណើរទៅធ្វើការនៅប្រទេសថៃ ។ តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុក លោកជំទាវ ហ៊ុន ស៊ីណាត បានដាក់ចំៗទៅអភិបាលខេត្តបាត់ដំបងថា«ខ្ញុំសូមឯកឧត្តមគណៈអភិបាលខេត្តបាត់ដំបងសុខ លូ មេត្តាជួយមើលរឿងរ៉ាវរបស់រាស្ត្រច្រកឡែម ក្នុងស្រុកកំរៀងនៅតាមច្រកនេះបានធ្វើបាបរាស្ត្ររាល់ថ្ងៃ» ។

លោកជំទាវ ហ៊ុន ស៊ីណាត ដែលពលរដ្ឋខ្មែរគោរពស្រលាញ់ និងតែងហៅលោកជំទាវថា«លោកជំទាវចិត្តធម៌» បានមានប្រសាសន៍បន្តថា រឿងរ៉ាវយកលុយពីពលករខ្មែរនៅច្រកឡែមនេះ គឺរូបលោកជំទាវ ទទួលបានព័ត៌មានផ្ទាល់ពីប្រជាពលរដ្ឋដែលប្រជាពលរដ្ឋបានឆាតមកឲ្យ ខ្ញុំជម្រាបជូនដល់ថ្នាក់លើផង តើរឿងនេះវាយ៉ាងណាដែរ?»។ «រឿងច្រកឡែមមួយនេះយូរហើយបែបរកលុយដូចពាក្យគេថា ត្រីចង្វាចិញ្ចឹមត្រីឆ្ដោហើយមើលទៅ ។ សូមអស់លោកដែលពុករលួយល្មមឆ្អែតឆ្អន់ហើយ ។ ម្យ៉ាងទៀតមានក្មេងកំពុងតែស្រែករឿងនេះស្រាប់»។ នេះជាការលើកឡើងរបស់លោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ដែលរូបលោកជំទាវ តែងតែអន្តរាគមន៍ជារឿយៗ ដើម្បីរកយុត្តិធម៌ជូនពលរដ្ឋខ្មែរ ពិសេសលោកជំទាវតែងតែព្រលះមន្ត្រីខូចៗណាដែលពុករលួយ ធ្វើបាបរាស្ត្រកន្លងមករហូតប្រជាពលរដ្ឋគោរពស្រលាញ់លោកជំទាវ និងតែងតែសុំលោកជំទាវជួយអន្តរាគមន៍រាល់ពេលមានបញ្ហាអយុត្តិធម៌កើតមានលើប្រជាពលរដ្ឋ ។

ជាក់ស្តែងរឿងរ៉ាវនៅច្រកឡែម ស្រុកកំរៀង ខេត្តបាត់ដំបង មានពលករខ្មែរជាច្រើនរូបបានលើកឡើងថា ក្រោយចូលឆ្នាំប្រពៃណីខ្មែររួចក៏ធ្វើដំណើរទៅថៃវិញ ដើម្បីបន្តការងារ ។ តែអ្វីដែលហួសចិត្តនោះមានពលករខ្មែរមួយរូបបានលាតត្រដាងរឿងរ៉ាវពុករលួយនៅច្រកឡែមថា រូបលោកត្រូវចំណាយលុយអស់១៣០០បាត (ប្រមាណជាង១៥ម៉ឺនរៀល) លើឯកសារដើម្បីបានឆ្លងច្រកឡែមចូលទឹកដីថៃ ។ ជាមួយគ្នានោះ លោកជំទាវ ហ៊ុន ស៊ីណាត ក៏បានចែកចាយវីដេអូដែលពលករខ្មែររៀបរាប់អំពីការយកលុយនៅច្រកឡែមផងដែរ។

តាមរយៈវីដេអូឃ្លីបមួយមានរយៈពេលមិនដល់១នាទីផងនោះយើងឃើញពលករខ្មែរមួយរូបដែលបានឆ្លងទៅប្រទេសថៃតាមច្រកឡែមបានថ្លែងថា បងប្អូនពលករខ្មែរយើងចូលឆ្នាំរួច បើចង់ឡើងមកថៃ ចងការលុយគេឱ្យច្រើនបន្តិចមក ។ ពលករខ្មែររូបនេះបន្តថា រូបលោកបានឆ្លងទៅមកដល់ប្រទេសថៃហើយ ដោយឆ្លងកាត់តាមច្រកឡែម ដោយពលករខាងលើអះអាងថា លោកត្រូវចំណាយលុយសរុបប្រមាណ១៣០០បាត ដោយដំបូងលោកយកអត្តសញ្ញាណបណ្ណទៅថតចម្លងលើក្រដាសសទំហំ A4 អស់ ១០០ បាត (ប្រមាណជា១១ ០០០ រៀល) បន្ទាប់មកពលករខាងលើបន្តថា លោកត្រូវតម្រង់ជួរជាមួយពលករខ្មែរជាច្រើនទៀត ទម្រាំអស់លោកនៅច្រកទ្វារចារលេខរៀងលើក្រដាសថតចម្លងអត្តសញ្ញាណបណ្ណ ទំហំ A4 គឺត្រូវចាយអស់ ១២០០បាត (ប្រមាណជាង១៤ម៉ឺនរៀល) បន្ថែមទៀតទម្រាំបានឆ្លងកាត់ច្រកឡែមចូលទឹកដីថៃ។

ក្រោយពេលលោកជំទាវ ហ៊ុន សែន ស្នើចំៗទៅអភិបាលខេត្តបាត់ដំបង លោក សុខ លូ ឱ្យពិនិត្យរឿងរ៉ាវជញ្ជក់ឈាមយកលុយពលករខ្មែរនៅច្រកឡែម ឃើញមានបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចូលមកបញ្ចេញយោល់អរគុណលោកជំទាវ ហ៊ុន ស៊ីណាតដែលបានជួយអន្តរាគមន៍ ។ ក្នុងនោះក៏មានបងប្អូនខ្លះទៀតសុំលោកជំទាវឱ្យជួយអន្តរាគមន៍បន្ថែមទៀត ដោយមានគណនីហ្វេសប៊ុកមួយឈ្មោះថា «Thida Ny» ក៏បានចូលទៅខមមិនសុំលោកជំទាវថា «សូមលោកជំទាវជួយផង ខ្ញុំធ្វើការមិនបានលុយច្រើនទេ ពេលទៅផ្ទះម្ដងៗចំណាយច្រើនរឿងច្រក និងតែម្ដងឆ្នាំនេះខ្ញុំមិនបានទៅលេងផ្ទះទេ ព្រោះច្រកចេញថ្លៃពេកមិនមែនតែច្រកឡែមទេគ្រប់ច្រក បើដូចពីមុនអត់លុយក៏ទៅផ្ទះបានដែរតែឥឡូវប្រើលុយច្រើនពេកទើបខ្ញុំមិនបានទៅផ្ទះ »។

ចំណែកគណនីហ្វេសប៊ុកឈ្មោះ «Kwan NiTa» ក៏បានថ្លែងប្រាប់លោកជំទាវ ហ៊ុន ស៊ីណាតថា«ខ្ញុំអស់ចង់2000បាត» ឬប្រមាណជិត២៣ម៉ឺនរៀល ។ ក្រោយឃើញសារបែបនេះលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបញ្ចេញប្រតិកម្មថា«អុញ!ម៉េចបានអស់លុយអញ្ចឹងខ្ញុំឃើញ ។ BAYON Radio នាំលោកធំ សុខ លូ ចុះទៅពេលនោះពលករខ្មែរ បានលើកឡើងដូចៗគ្នាថា រាល់ការបំពេញបែបបទ ឯកសារចេញចូលឆ្លងដែននាពេលបច្ចុប្បន្ននេះមានភាពលឿនរហ័សជាងមុន និងពុំមានការទារលុយកាក់ក្រៅផ្លូវការនោះទេ»។ លោកជំទាវហ៊ុន ស៊ីណាត បន្តថា «អញ្ចឹងបើរឿងដែលក្មួយអស់លុយមាន អស់លោកធំចុះទៅ ដើម្បីសម្តែងល្ខោនក្នុងពេលពលករខ្មែរស្រែកជេរ។ ថ្ងៃនេះជាថ្ងៃសីល សូមឲ្យអ្វីៗដែលអស់លោកបានជញ្ជក់ឈា.មពលករខ្មែរកន្លងមកសូមកុំឲ្យមានទៀត បើមិនបញ្ឈប់ការធ្វើបាបពលករទេ សូមទសបារមីលោកតាដំបងក្រញ៉ូងក្នុងខេត្តបាត់ដំបងចាត់ការអាអ្នកទាំងនោះផងចុះ»។

ជាមួយនឹងការខមមិនរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដែលសូមទសបារមីលោកតាដំបងក្រញ៉ូងក្នុងខេត្តបាត់ដំបងចាត់ការមនុស្សខូចដែលយកលុយពលករក្រៅផ្លូវការនោះ ស្រាប់តែឃើញមានសារបែកធ្លាយ ដែលជាសារឆ្លើយឆ្លងរបស់លោក សុខ លូ និងសហការីរបស់គាត់ថា ដែលបានថតសាររបស់លោកជំទាវ ហ៊ុន ស៊ីណាត និងសំណេររបស់លោក ផែង វណ្ណៈ ដែលបានសរសេរស្រដៀងលោកជំទាវ ហ៊ុន ស៊ីណាតថាលោក«សុំដាក់បណ្តាសាឱ្យបុគ្គលថោកទាបណាប៊ឹតជញ្ជក់ឈាមពលករ សូមឱ្យវាក្រឡាប់ឡានងាប់ទាំងពូជ» នោះចែកចាយក្នុងគ្រុបតេឡេក្រាមមួយដោយយើងឃើញថា ក្នុងសារបែកធ្លាយនោះ សហការីរបស់លោក សុខ លូ ម្នាក់បាននិយាយថា«ដាក់ទំនាយគេដល់កហើយ ឯឧបង អត់ខ្លាចបាបកម្ម»។ រួចលោក សុខ លូ ក៏បានតបសារថា«ដាក់ទំនាយគេយូរៗ…គង់តែត្រូវខ្លួនឯងទេ» ។

យ៉ាងណាមិញ យើងមិនទាន់អាចទាក់ទងលោក សុខ លូ លើបញ្ហាពុករលួយនៅច្រកឡែម និងការប្រមាថលោកជំទាវ ហ៊ុន ស៊ីណាត បាននៅឡើយទេ គិតត្រឹមថ្ងៃទីសៅរ៍ ទី២២ ខែមេសានេះ ។ ក៏ប៉ុន្តែបើយើងក្រឡែកមើលសន្ទុះនៃការថ្លែងអំណរគុណលោកជំទាវ ហ៊ុន ស៊ីណាត រឿងមន្ត្រីមួយចំនួនយកលុយក្រៅផ្លូវការពីពលករខ្មែរយើងវិញឃើញមានបងប្អូនខ្មែរ សម្តែងការអរគុណលោកជំទាវជាបន្តបន្ទាប់ ។ ជាក់ស្តែង បងប្អូនពលរដ្ឋខ្មែរក៏បានចេញវីដេអូថ្មីមួយសម្តែងការអរគុណដល់សម្តេចតេជោ ហ៊ុន សែន និងភរិយា និងថ្លែងអំណរគុណចំពោះលោកជំទាវ ហ៊ុន ស៊ីណាត ដែលបានជួយអន្តរាគមន៍ដោះស្រាយរឿងរ៉ាវ ច្រកឡែម ដោយមិនឱ្យមានការយកលុយកាក់ពីបងប្អូនពលករខ្មែរដែលឆ្លងកាត់ច្រកឡែមទៅបំពេញការងារនៅថៃទៀតនោះទេ ។

ក្នុងវីដេអូឃ្លីបមួយទៀត បងស្រីម្នាក់បានលើកឡើងថា អ្នកដែលជាពលករខ្មែរទៅធ្វើការនៅថៃនោះមិនមែនជាបក្សប្រឆាំងទេ គឺនៅថៃក៏មានពលករខ្មែរដែលគោរពស្រលាញ់គណបក្សប្រជាជនដែរ ហើយបងប្អូនក៏បានជូនពរជំទាវម៉ែ ហ៊ុន ស៊ីណាត មានសុខភាពល្អផងដែរ៕

website_news/2023250405.txt · Last modified: 2023/04/25 07:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki