website_news:2023250406

នគរបាលវរព្រំដែនលេខ៨១៥ ឃាត់ខ្លួនមនុស្ស៣៩នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ក្នុងភូមិសាស្ដ្រស្រុកម៉ាឡៃ

https://freshnewsasia.com/index.php/en/localnews/287943-2023-04-22-13-17-05.html 2023-04-22 08:17pm

(បន្ទាយមានជ័យ)៖ នគរបាលព្រំដែនគោកវរសេនាតូច៨១៥ បានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន៣៩នាក់ ដែលបម្រុងលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ដើម្បីរកការងារធ្វើ។ ការឃាត់ខ្លួននេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។

កម្លាំងប៉ុស្តិ៍ស្ពានម៉ាឡៃដឹកនាំ ដោយលោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃ សហការជាមួយកម្លាំងយោធា បានទប់ស្កាត់ប្រជាពលរដ្ឋចំនួន ៣៩នាក់ (ស្រី១៨នាក់ កុមារ០២នាក់) បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចគោលដៅដំបូកវិល ស្ថិតក្នុងភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ពៅ រតនា នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកស្ពានម៉ាឡៃ នៃវរសេនាតូចលេខ៨១៥ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលឃាត់បានមានទីលំនៅក្នុងខេត្ដចំនួន៦ រួមមាន តាកែវ៤នាក់, កំពង់ធំ១៧នាក់, បាត់ដំបង១១នាក់, បន្ទាយមានជ័យ៥នាក់, ពោធិ៍សាត់១នាក់ និងប៉ៃលិន១នាក់។

បន្ទាប់ពីធ្វើការសួរនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីអនុវត្តបន្ដទៅតាមនីតិវិធី៕

website_news/2023250406.txt · Last modified: 2023/04/25 07:45 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki