website_news:2023250801

ឃាត់ខ្លួនមនុស្ស ២ នាក់ ពាក់ព័ន្ធការជួញដូរក្រលៀននៅ ទីក្រុងហាណូយ

https://www.kampucheathmey.com/global-news/564972 ថ្ងៃព្រហស្បតិ៍ ២៤ សីហា ២០២៣ដោយ Boa Sokunveary

កាលពីថ្ងៃអង្គារ ទី២២ ខែសីហា ប៉ូលិសប្រកាសថា ចាប់បានឈ្មួញជួញដូរក្រលៀនមនុស្ស ២ នាក់ ពេលនេះកំពុងឃុំឃាំង រង់ចាំការស៊ើបអង្កេតបន្ត ។ អ្នកទាំងពីរមានឈ្មោះថា N.V.C. អាយុ ៤៣ ឆ្នាំ រស់នៅខេត្ត Phu Tho ភាគខាងជើង និង N.T.P. អាយុ ៣៥ ឆ្នាំជាអ្នករស់នៅទីក្រុង Hai Phong ភាគខាងជើងប្រទេសវៀតណាមដូចគ្នា ។ លទ្ធផលស៊ើបអង្កេតបឋមបានបង្ហាញថា អ្នកទាំងពីរស្គាល់គ្នានៅមន្ទីរពេទ្យ Viet Duc ក្នុងទីក្រុងហាណូយកាលពីឆ្នាំ ២០២១ ហើយបានរក្សាទំនាក់ទំនងគ្នារហូតមកដល់ឥលូវ ។

នៅដើមឆ្នាំនេះ ពួកគេបានរួមដៃគ្នាជួញដូរក្រលៀនមនុស្ស ដើម្បីរកលុយ ព្រោះឃើញថាមានមនុស្សជាច្រើននៅលើ Facebook ត្រូវការទិញ និងលក់ក្រលៀន ។ ក្រោយមកមានបុគ្គលម្នាក់ឈ្មោះ H. អាយុ ៣៣ ឆ្នាំ រស់នៅ Phu Tho ចង់លក់ក្រលៀនរបស់គាត់ ទើបពួកគេទាក់ទងទៅចរចាតម្លៃ ។ លោក N.T.P. បានណែនាំលោក H. ឱ្យទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ Viet Duc ហើយឲ្យតម្លៃក្រលៀននោះ ១៧ ៦៦៦ ដុល្លារ ខណៈអ្នកទិញយល់ព្រមឲ្យតម្លៃដល់ទៅ ៤២ ០៦៣ ដុល្លារ ឯណោះ ។

N.V.C. និង N.T.P. បានរ៉ាប់រងលើការពិនិត្យសុខភាព និងការរស់នៅរបស់ H. រហូតដល់ H. វះកាត់យកក្រលៀនចេញនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ។ បន្ទាប់ពីកាត់ការចំណាយរួចរាល់ N.V.C. បានផ្ទេរប្រាក់ ១៧ ៦៦៦ ដុល្លារទៅឲ្យ H. និង ១១ ៥៣៧ ដុល្លារ ទៅឲ្យ N.T.P. ដែលនៅសល់ប៉ុន្មានជារបស់ខ្លួន ។ ពេលនេះនគរបាលស្រុក Hoan Kiem កំពុងបំពេញនីតិវិធី ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយ ព្រោះជាបទល្មើសដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត យោងតាមក្រមព្រហ្មទណ្ឌវៀតណាម ៕ ប្រែសម្រួល៖ វារី ប្រភព៖ tuoitrenews

website_news/2023250801.txt · Last modified: 2023/08/25 11:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki