website_news:2023250901

បុគ្គល៣រូប ដែលត្រូវឃាត់ខ្លួនសង្ស័យញុះញង់ និងជួញដូរពលកម្មលើកុមារ និងជនពិការ ប្រមូលឲ្យដើរសុំទានតាមភ្លើងស្តុប នៅខណ្ឌសែនសុខ ត្រូវបានដោះលែងត្រឡប់ទៅវិញ

https://freshnewsasia.com/index.php/en/localnews/311258-2023-09-22-08-39-33.html 2023-09-22 03:39pm

(ភ្នំពេញ)៖ ក្រោយបញ្ជូនខ្លួនដល់សាលាដំបូងរាជធានីភ្នំពេញ បុគ្គលចំនួន៣រូប ក្នុងនោះមានស្រី១រូប ដែលសង្ស័យជាប់ពាក់ពន្ធ័រឿងញុះញង់ និងជួញដូរពលកម្មលើកុមារ និងជនពិការ (ប្រមូលឲ្យដើរសុំទានតាមភ្លើងស្តុប) ត្រូវបានតំណាងអយ្យការអនុញ្ញាតឲ្យត្រឡប់ទៅវិញ ក្រោយនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនបញ្ជូនទៅ។ សូមបញ្ជាក់ថា ករណីនេះមានការចែកចាយពេញបណ្តាញសង្គមហ្វេសបុក ដោយបុរសម្នាក់មកប្រាប់សារព័ត៌មានថា ប្រពន្ធគាត់លក់ត្របែកសុខៗ ត្រូវបានចាប់ខ្លួន។ បុគ្គលទាំង៣រូប មានឈ្មោះ យិន សុផន ភេទប្រុស អាយុ៦២ឆ្នាំ, ឈ្មោះ សំ សុជុន ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ ចេង ឆេងហឿន ភេទស្រី អាយុ៣៧ឆ្នាំ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានការអនុញ្ញាតពីអភិបាលខណ្ឌសែនសុខ, ក្រុមការងាររដ្ឋបាលខណ្ឌដឹកនាំដោយលោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ បានចុះប្រមូលជនអនាថា ជនមានពិការភាពដើរសុំលុយ និងអ្នកលក់ផ្លែពុទ្រា នៅតំបន់ស្តុបណតប្រ៊ីត ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន១៤រូប ស្រីចំនួន០៥រូបក្នុងនោះមាន៖ ជនមានពិការភាព ចំនួន០៥រូបស្រី០១រូប (អាយុពី៣២ឆ្នាំ ដល់អាយុ៦២ឆ្នាំ) ច្រៀងសុំលុយតាមស្តុប មានកុមារាចំនួន០៥រូប កុមារីចំនួន០២រូប (អាយុ០២ឆ្នាំ ដល់អាយុ១៣ឆ្នាំ) លក់ផ្លែពុទ្រាតាមស្តុប មនុស្សពេញវ័យ និងមានកាយសម្បទាមាំមួន ចំនួន០៤រូប ស្រី០២រូប ដើរលក់ផ្លែពុទ្រាតាមស្តុប។

ចំពោះអ្នកទាំង១៤រូបនោះ គឺរដ្ឋបាលខណ្ឌសែនសុខ បានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ចំនួន១១រូប (ស្រី៤រូប)ដើម្បីបណ្តុះបណ្តាល។ ដោយឡែកដោយមានការឯកភាពពីលោក សេង ពុទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ, បុគ្គលទាំង៣រូប ត្រូវបានសង្ស័យញុះញង់ និងជួញដូរពលកម្មលើកុមារ និងជនពិការ បានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អមដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី៕

website_news/2023250901.txt · Last modified: 2023/09/25 09:38 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki